រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្តមួយគ្រឿងដែលម្ចាស់រថយន្តទើបតែចេញពីកន្លែងផឹកស៊ីបានបើកបោះពួយយ៉ាងលឿនជ្រុលរេចង្កូតទៅបុកចូលរោងលក់សាច់ក្លែម និងភេសជ្ជៈគ្រប់មុខ រួចបន្តបុករះ និងកិនម៉ូតូ៨គ្រឿងទៀតរងការខូចខាត និងសម្ភារៈអ្នកលក់ដូរមួយចំនួនទៀត បង្កឲ្យភ្ញាក់ផ្អើលភ្ញៀវអង្គុយហូបភ័យស្លន់ស្លោររត់ចែកជើងគ្នាពេញហាងកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំរោងលក់ទឹកត្នោតជូ យីហោឆេងលៀង១៦៨ មានទីតាំងនៅខាងលិចជាប់សួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3799 បើកបបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ ។
តាមប្រភពពីបុរសបើករថយន្តបង្កសុំមិនបញ្ចេញអត្តសញ្ញាណប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បើករថយន្តបង្កខាងលើមកឈប់នៅមុខហាងមួយកន្លែងដែលមានទីតាំងនៅទល់មុខឈាងខាងស្តាំ២០ម៉ែត្រពីគ្នាពីហាងរងគ្រោះ ហើយអង្គុយហូបជុំគ្នាជាមួយមិត្តភក្តិស្រីៗ៣នាក់ទៀត ដោយមិត្តភ័ក្ដិស្រីៗបង្ខំឱ្យផឹកលើកដាច់ គាត់ក៏ព្យាយាមលើកដាច់រហូតគ្រប់កែវ ដើម្បីកុំឱ្យចាញ់ស្រីៗ រហូតជ្រុលខ្លួនស្រវឹងទន់ខ្លួនតែម្តង។
ប្រភពដដែលបន្តថា លុះពេលស្រវឹងគាត់ក៏គិតលុយចេញមកមុនឡើងទៅបើករថយន្តរ៉ឺយ៉ែរថយក្រោយ និងបង្វែរក្បាលរថយន្តសំដៅទៅខាងកើត និងអែបកៀនដើម្បីឱ្យមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាឡើងរថយន្តត្រឡប់ទៅផ្ទះទាំងអស់គ្នា តែមិត្តភ័ក្ដិគាត់មិនទាន់ទាំងបានឡើងផង ស្រាប់តែគាត់ងោកមួយភាំងជ្រុលជាន់ហ្គ៊ែររថយន្ដ បណ្តាលឱ្យរថយន្តស្ទុះទៅមុខយ៉ាងលឿនរេចង្កូតមកខាងឆ្វេងបុកចូលរោងលក់សាច់ក្លែម និងភេសជ្ជៈគ្រប់មុខយីហោ ឆេងលៀង១៦៨ រួចបុករះ និងកិនម៉ូតូសរុប៨គ្រឿង ក្នុងនោះមានមួយគ្រឿងខូចខាតធ្ងន់ធ្ងរ គឺម៉ាកស្កុបពីស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HT 1424 រងការខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង ដែលម្ចាស់ម៉ូតូបានបញ្ជាក់ប្រាប់ថា ទើបតែនឹងទិញបាន៣ថ្ងៃប៉ុណ្ណោះ។
ប្រភពដដែលបន្តទៀតថា ចំណែកម៉ូតូប៉ុន្មានគ្រឿងទៀតខូចខាតតិចតួចប៉ុណ្ណោះ រីឯរថយន្តបង្កខូចខាតមួយកំណាត់មុខតិចតួច និងបង្កឱ្យការភ័យខ្លាចដល់ភ្ញៀវដែលអង្គុយហូបក្នុងកន្លែងកើតហេតុភ័យស្លន់ស្លោររត់ចែកជើងគ្នាពេញហាង ។
ភ្លាមៗនោះ បុរសអ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ រួចត្រូវសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ១ រង់ចាំប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅពិនិត្យជាតិអាល់កុល ទាំងអ្នកបើកបររថយន្ត និងម៉ូតូចាត់ចែងតាមនីតិវិធី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]