អង់គ្លេស៖ បុរសម្នាក់មានឈ្មោះថា Nick Humphreys អាយុ២៩ឆ្នាំ រស់នៅក្នុងប្រទេសអង់គ្លេស បានខ្វាក់ភ្នែកខាងស្ដាំ ដោយសារទម្លាប់មុនចូលងូតទឹកមិនដោះលែនភ្នែកចេញ។

រូបតំណាងនៃការពាក់លែនភ្នែក

ប្រភពបានឲ្យដឹងថា លោក Nick Humphreys មានបញ្ហាម្ញូបភ្នែកតាំងពីអាយុ៤ឆ្នាំ ចាប់តាំងពីពេលនោះគាត់ប្រើប្រាស់វ៉ែនតាដើម្បីជំនួយការមើលឃើញ។ មកដល់ឆ្នាំ២០១៣ គាត់ស្រលាញ់ការលេងកីឡា ដូច្នេះក៏ផ្អាកការពាក់វ៉ែនតា ជំនួសដោយការពាក់លែនភ្នែកវិញ។ ក្នុងមួយសប្ដាហ៍ គាត់ពាក់លែនភ្នែកចំនួនប្រាំថ្ងៃ និងពីរថ្ងៃទៀតគាត់ពាក់វ៉ែនតា។ ជារៀងរាល់ព្រឹក លោក Nick តែងតែពាក់លែនភ្នែក ចេញទៅហាត់ប្រាណ បន្ទាប់ពីត្រលប់មកវិញ គាត់ក៏ចូលទៅងូតទឹក ដោយមិនបានដោះលែនភ្នែកចេញ។

លោក Nick Humphreys បានប្រាប់ប្រភពឲ្យដឹងថា «ខ្ញុំមិនបានដឹងទេថា ការពាក់លែនភ្នែក ងូតទឹកមានផលប៉ះពាល់ដល់ថ្នាក់នេះសោះ ព្រោះនៅលើប្រអប់លែនភ្នែកក៏មិនមានការហាមឃាត់ រីឯពេទ្យភ្នែកក៏មិនដែរប្រាប់ខ្ញុំអំពីរឿងនេះ។ បើសិនជាខ្ញុំដឹង ខ្ញុំនឹងមិនធ្វើវាតាំងពីដំបូងមកម៉្លេះ។»

ភ្នែកខាងស្ដាំរបស់លោក Nick

ប្រភពបានឲ្យដឹងទៀតថា នៅដើមខែមករា ឆ្នាំ២០១៨ ភ្នែករបស់គាត់ចាប់ផ្ដើមធ្វើទុក្ខ គាត់សម្គាល់ឃើញមានស្នាមឆូតនៅលើភ្នែកខាងស្ដាំ។ គាត់ក៏បានទៅធ្វើតេស្តភ្នែកនៅមន្ទីពេទ្យ រកឃើញថាមានមេរោគឈ្មោះ Acanthamoeba ដែលជាមេរោគនៅក្នុងទឹក។ គាត់ក៏ព្យាបាលវា ដោយថ្នាំបន្ដក់ភ្នែកអស់រយៈពេលបីសប្តាហ៍។ ប៉ុន្ដែនៅខែមីនា ឆ្នាំ២០១៨ ភ្នែកខាងស្ដាំរបស់គាត់បានងងឹតមើលមិនឃើញអ្វីទាំងអស់។ មកទល់ពេលនេះ គាត់បានទទួលការវះកាត់ភ្នែកចំនួនពីរលើកមកហើយ។ ចំពោះការវះកាត់លើកទីបីនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

វេជ្ជបណ្ឌិតខាងភ្នែកបានប្រាប់ឲ្យដឹងថា៖

ការប្រើប្រាស់លែនភ្នែក មិនត្រូវយកទឹកធម្មតាមកសម្អាតទេ វាធ្វើឲ្យប៉ះពាល់ខ្លាំងនិងងាយឆ្លងមេរោគដល់លែនភ្នែក។ មិនត្រូវពាក់លែនភ្នែកនៅពេលហែលទឹកឬងូតទឹកនោះទេ។ ហាមដាច់ខាតមិនត្រូវយកដៃសើមទៅប៉ះលែនភ្នែក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]