ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​មួយ​គ្រឿង​បាន​លួច​ដឹក​សត្វព្រៃ​ប្រវឹក​ចំនួន​១០៦៨​ក្បាល ហើយ​ត្រូវ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោ ស្ទាក់​ចាប់​បាន​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ឈឿ​ង គុណ នាយ​ផ្នែក​នៃ​រដ្ឋបាល​ព្រៃឈើ​ស្ទោង បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​រថយន្ត​ដឹក​សត្វព្រៃ​នេះ លោក​បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​មក​ថា មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ចំណុះ​១​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ.8329 ដែល​ប្រើប្រាស់​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​CP កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ បាន​លួច​ដឹក​សត្វព្រៃ ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​ភ្នំពេញ ហើយ​ឆ្លងកាត់​ខេត្តកំពង់ធំ លោក​ក៏​សុំ​បទបញ្ជា​ពី​លោក អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​ស្ទាក់​ចាប់​រថយន្ត​នោះ​មក​ត្រួតពិនិត្យ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ឃាត់​រថយន្ត​ត្រួតពិនិត្យ កម្លាំង​របស់​យើង​ក៏​ប្រទះ​ឃើញ​មាន​កេស​ជ័រ​ចំនួន​៧៦​កេស នៅ​ក្នុង​កេស​ទាំងអស់​ដាក់​សុទ្ធតែ​សត្វ​ប្រវឹក​ព្រៃ ក៏​នាំ​រថយន្ត និង​ឃាត់​មនុស្ស​៣​នាក់​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដោយ​មានឈ្មោះ ងួ​ន សុភា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស រាជធានី​ភ្នំពេញ បាន​សារភាព​ថា រូបគេ​ដឹក​ចេញពី​ខេត្តសៀមរាប ទៅ​ភ្នំពេញ​ជាមួយនឹង​កម្មករ​២​នាក់ ៖

១-​ឈ្មោះ ព្រេន និង ២-​ឈ្មោះ នី រួម​ទាំង​វត្ថុ​តាង​ទាំងអស់​ត្រូវ​នាំ​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើ​កំណត់ហេតុ និង​រាប់​ចំណែក​សត្វ​ប្រវឹក​ទាំងអស់ គឺ​មាន​ចំនួន​១០៦៨​ក្បាល បន្ទាប់​ពី​សួរនាំ​រួច ម្ចាស់​រថយន្ត​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

ចំណែក​សត្វ​ប្រវឹក​ទាំងអស់​ត្រូវ​លោក​ព្រះរាជអាជ្ញា អិត សុធា រួម​ទាំង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង នាំ​យក​ទៅ​លែង​ឲ្យ​មាន​សេរីភាព​វិញ ចូល​ក្នុង​បឹង​ធម្មជាតិ​រមណីយដ្ឋាន​ប្រិ​យ​ប្រស់​នៅ​រសៀល​ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ​។

ក្នុង​នោះ​ដែរ​លោក​ព្រះរាជអាជ្ញារ​មាន​ប្រសាសន៍​ថា លោក​មានការ​សង្ស័យ​ថា រថយន្ត​នេះ​អាច​នឹង​លួច​ប្រើប្រាស់​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន CP ក្លែងបន្លំ​ដឹក​បទល្មើស​ខុសច្បាប់​ក៏​មិនដឹង លោក​នឹង​ឲ្យ​ជំនាញ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់ រក​ម្ចាស់​ពិត​ចាត់វិធានការ​តាម​ច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]