(ភ្នំពេញ)៖ លោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន អ្នកបើកបររថយន្ដបញ្ច្រាសទិសម្នាក់ ដាក់ពន្ធនាគារព្រៃស ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ជនបង្កឈ្មោះ ពេជ្រ សុខខេន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅ ភូមិចក្រឫស្សី ឃុំបាទី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ជននេះត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់អ្នកដ៏ទៃ»។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខច្រកចូលដេប៉ូបូមខ្សាច់ លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលមូលហេតុរថយន្តបើកបរបញ្ច្រាសទិសចរាចរណ៍។

ក្រោយកើតហេតុអ្នកបើរថយន្តបានគេចខ្លួនបាត់ លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកបើកបររថយន្ត និងបញ្ចូនមកការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]