អង់គ្លេស៖ Premier League គឺជាក្របខណ្ឌបាល់ទាត់កំពូលរបស់ចក្រភពអង់គ្លេស និងជាក្របខណ្ឌដ៏ធំមួយនៅអឺរ៉ុប និងនៅលើពិភពលោក ដែលមានអ្នកទស្សនាជុំវិញពិភពលោក។

គិតចាប់ពីបង្កើតដំបូងក្នុងរដូវកាល ១៩៩២-១៩៩៣ ក្លិបដែលឈ្នះពានរង្វាន់ Premier League បានច្រើនជាងគេគឺ បិសាចក្រហម Manchester United ដោយបានឈ្នះរហូតដល់ទៅ ១៣ដង ខណៈដែលរដូវកាលចុងក្រោយបង្អស់នេះ (២០១៨-២០១៩) ពាន Premier League ត្រូវបានធ្លាក់ទៅលើដៃរបស់មេឃខៀវ Manchester City។

ងាកមកស្គាល់កីឡករវិញ មានកំពូលកីឡាករល្អៗជាច្រើននៅលើលោកដែលធ្លាប់ប្រកបអាជីពនៅក្របខណ្ឌ Premier League។ ប៉ុន្តែពេលនេះ ខ្មែរឡូត សូមណែនាំបងប្អូនប្រិយមិត្តឲ្យស្គាល់កីឡាករ ១០រូបដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅក្របខណ្ឌ Premier League។

១០. Les Ferdinand (១៤៩គ្រាប់)

Les Ferdinand ធ្លាប់លេងឲ្យក្លិបនៅ Premier League ជាច្រើនដូចជា QPR, Newcastle, Tottenham Hotspur, West Ham United, Leicester City និង Bolton Wonderer ដោយសរុបការបង្ហាញខ្លួននៅ Premier League រូបលោកចូលលេងបាន ៣៥១ប្រកួត។  

កីឡាករ Les Ferdinand

៩. Michael Owen (១៥០គ្រាប់)

ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ Owen ព្រោះរូបគេគឺជាអតីតខ្សែប្រយុទ្ធមួយរូបដែលលេចធ្លោនៅ Premier League ដោយធ្លាប់លេងឲ្យក្លិបហង្សក្រហម Liverpool, សារិកាព្រៃ Newcastle United, បិសាចក្រហម Manchester United និង Stoke City។ បង្ហាញខ្លួនជាមួយ ៤ក្លិបនោះ Owen ចូលលេងបានចំនួន ៣២៦ប្រកួត។ 

កីឡាករ Michael Owen

៨. Jermain Defoe (១៦២គ្រាប់)

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេស Defoe គឺជាខ្សែប្រយុទ្ធមួយរូបដែលប្រើជើងស្ដាំ។ Defoe ធ្លាប់លេងឲ្យក្លិបនៅ Premier League បានចំនួន ៤៩៦ប្រកួតជាមួយក្លិប៥ រួមមាន West Ham United, Portsmouth, Tottenham Hotspur, Sunderland និង Bournemouth។ 

កីឡាករ Jermain Defoe

៧. Robbie Fowler (១៦៣គ្រាប់)

Robbie Fowler ធ្លាប់លេងឲ្យក្លិប Liverpool, Leeds United, Manchester City និង Blackburn Rovers។ ជាមួយក្លិបទាំង ៤នេះ Robbie Fowler ចូលលេងនៅក្របខណ្ឌកំពូលរបស់អង់គ្លេសបានចំនួន ៣៧៩ដង។  

កីឡាករ Robbie Fowler

៦. Sergio Agüero (១៦៤គ្រាប់)

បើនិយាយទៅដល់ឈ្មោះ Aguero ប្រិយមិត្តច្បាស់ជាបានដឹង និងស្គាល់នូវថ្វីជើងរបស់ខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន រូបនេះ។ Aguero លេងឲ្យតែក្លិបមួយប៉ុណ្ណោះនៅ Premier League គឺមេឃខៀវ Manchester City ដោយគិតមកទល់នឹងពេលនេះ Aguero បង្ហាញខ្លួនលើវាលស្មៅនៅទឹកដីអង់គ្លេសបានចំនួន ២៣៩ប្រកួតហើយ។  

កីឡាករ Sergio Agüero

៥. Thierry Henry (១៧៥គ្រាប់)

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Thierry Henry គឺជាវីរបុរសមួយរបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ដែលកាលនោះរូបគេលេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងដូចគ្នាគឺលោក Arsene Wenger។ បញ្ជាក់ថា Thierry Henry បង្ហាញខ្លួនលើទឹកដីអង់គ្លេសបានចំនួន ២៥៨ប្រកួត ជាមួយតែក្លិបមួយទេគឺ Arsenal។  

កីឡាករ Thierry Henry

៤. Frank Lamaprd (១៧៧គ្រាប់)

Lampard បច្ចុប្បន្នជាអ្នកចាត់ការទូទៅរបស់ Chelsea ដែលក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ តោខៀវ ទើបតែតែងតាំងនាពេលថ្មីៗនេះ។ Lampard ធ្លាប់ប្រកបអាជីពឲ្យក្លិប ៣ នៅ Premier League គឺ West Ham United, Chelsea (ទីដែលគេជោគជ័យខ្លាំងបំផុត) និង Man City។ ចំណាយពេលជាច្រើនឆ្នាំជាមួយក្លិបនៅអង់គ្លេសទាំង ៣ នេះ អតីតកីឡាករជម្រើសជាតិតោកំណាច អង់គ្លេស រូបនេះបង្ហាញខ្លួនលើទីលានបាន ៦០៩ដង។  

កីឡាករ Frank Lamaprd

៣. Andy Cole (១៨៧គ្រាប់)

ខ្សែប្រយុទ្ធស្បែកខ្មៅ សញ្ជាតិអង់គ្លេស Andy Cole ធ្លាប់លេងឲ្យ Newcastle, Man UTD, Blackburn Rovers, Fulham, Man City និង Portsmouth។ ជាមួយក្លិបទាំង ៦នេះ ខ្សែប្រយុទ្ធដែលចូលនិវត្តន៍ក្នុងឆ្នាំ ២០០៨ បង្ហាញខ្លួននៅក្របខណ្ឌ Premier League បាន ៤១៤ប្រកួត។ 

កីឡាករ Andy Cole

២. Wayne Rooney (២០៨គ្រាប់)

អតីតវីរបុរសរបស់ Man UTD កីឡាករ Wayne Rooney បានជាប់ឈ្មោះជាកីឡាករទីពីរដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្របខណ្ឌ Premier League ក្រោយបង្ហាញវត្តមាននៅលើទីលានវាលស្មៅបាន ៤៩៤ប្រកួត។ Rooney ធ្លាប់លេងឲ្យក្លិបពីរនៅលីគកំពូលអង់គ្លេសគឺ Everton និងបិសាចក្រហម Manchester United។ 

កីឡាករ Wayne Rooney

ប្រិយមិត្ត សាកទស្សន៍ទាយទៅមើល ថាកីឡាករណាជាកីឡាករទីមួយដែលរកគ្រាប់បាល់បានច្រើនបំផុតនៅ Premier League?'

១. Alan Shearer (២៦០គ្រាប់)

Alan Shearer គឺជាកីឡាករតែមួយរូបគត់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុង Premier League គឺរហូតទៅដល់ ២៦០គ្រាប់ ហើយលោកក៏ជាកីឡាករទីមួយដែលរកគ្រាប់បាល់បាន ១០០គ្រាប់មុនគេបង្អស់ផងដែរ កាលពីរដូវកាល ១៩៩៥-១៩៩៦។ ក្នុងអាជីពបាល់ទាត់ Alan Shearer ធ្លាប់លេងឲ្យក្លិប ៣គឺ Southampton, Blackburn Rovers និង Newcastle United ប៉ុន្តែនៅក្នុងក្របខណ្ឌលីគកំពូលរបស់អង់គ្លេស អតីតខ្សែប្រយុទ្ធជួរមុខជម្រើសជាតិអង់គ្លេសរូបនេះបានលេងឲ្យ ចំនួនតែពីរក្លិបប៉ុណ្ណោះ គឺ Blackburn Rovers និង Newcastle United។ ១៤ឆ្នាំនៅ Premier League កីឡាករ Alan Shearer ចូលលេងបាន ៤៤១ប្រកួត៕ 

កីឡាករ Alan Shearer

ប្រភព៖ Wikipedia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]