ប៉ាឡេស្ទីន៖ ជារឿងដ៏គួរឲ្យត្រេកអរបំផុត ដែលបុរសរហស្សនាម «ដើមឈើ» ជនជាតិប៉ាឡេស្ទីនម្នាក់ ទីបំផុតទទួលបានការវះកាត់យកដុំសាច់ដុះ ដ៏ស្មុគស្មាញនៅលើដៃដោយជោគជ័យ និងកំពុងតែរីករាយនឹងជីវិតថ្មីរបស់ខ្លួន។

លោក Taluli ទទួលការវះកាត់ដោយជោគជ័យ

លោក Mahmoud Taluli មានអាយុ៤៤ឆ្នាំ មកពី Gana ប្រទេសប៉ាឡេស្ទីន ក៏ជាអ្នកជំងឺម្នាក់ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា «បុរសដើមឈើ» (Tree Man) ដោយសារតែ រូបលោកបានកើតមាននូវជំងឺដ៏កម្រម្យ៉ាង «Epidermodysplasia Verruciformis» ឬហៅកាត់ថា «EV» ជាប្រភេទជំងឺដ៏គួរឲ្យខ្លាច ដុះដុំសាច់នៅផ្នែកដៃឬជើង -ល- ប្រៀបបីដូចជាសម្បកដើមឈើ យ៉ាងស្មុគស្មាញគួរឲ្យញញើត ដែលកក្តាជំងឺមួយនេះបណ្តាលមកពីបញ្ហាហ្សែន និងជាពិសេសនោះ វាថែមទាំងវាយប្រហារទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ (តិចឬច្រើន) ឲ្យចុះអន់ខ្សោយផងដែរ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ដោយសារតែ ស្ថានភាពជំងឺដ៏អាក្រក់មួយនេះ លោក Taluli បានឆ្លងកាត់នូវការលំបាកជាច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ ឬនៅក្នុងជីវិតផ្ទាល់តែម្តង នារយៈពេល១០ឆ្នាំមកនេះ។ ព្រោះថារាល់ការរស់នៅ គឺត្រូវពឹងផ្អែកទៅលើបន្ទុកគ្រួសារស្ទើរតែទាំងស្រុង។

កាលពីប៉ុន្មានឆ្នាំមុន គ្រូពេទ្យនៅប្រទេសអេហ្ស៊ីប ក៏ធ្លាប់បានឲ្យដំបូងន្មានលោក ឲ្យកាត់ដៃនេះចោលផងដែរ ប៉ុន្តែត្រូវបានលោកបដិសេធ។

យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៧ លោក Taluli ក៏ទទួលបានការព្យាបាលមួយ ដោយគ្រូពេទ្យបានធ្វើការកាត់ដុំសាច់នៅលើដៃរបស់លោកចេញ (ឬ ឫសសាច់នៅលើស្បែក) ប៉ុន្តែក្រោយមកដុំសាច់ដ៏ស្មុគស្មាញដូចសម្បកឈើនេះ ក៏បានដុះឡើងវិញ។

ដៃរបស់លោក Taluli

ប៉ុន្តែមិនថាយ៉ាងណា នារយៈពេលប្រមាណជា ២ឆ្នាំចុងក្រោយ នៃការតស៊ូនឹងជំងឺដ៏អាក្រក់នេះ នៅទីបំផុតក្រុមគ្រូពេទ្យក៏បានរិះរកគ្រប់វិធីសាស្រ្ត ដើម្បីធ្វើការវះកាត់យកដុំសាច់ទាំងនោះចេញ ក្នុងប្រតិបត្តិការ៤លើក រហូតទទួលបានជោគជ័យ ខណៈដែលក្រុមគ្រូពេទ្យក៏បានសង្ឃឹមដែរថា ជំងឺនេះនឹងមិនរើឡើងវិញ ធ្វើទុក្ខបុកម្នេញដល់លោក Taluli ទៅចុះ។ ព្រោះថានេះគឺជាជំងឺដ៏កម្រ ហើយក៏ពុំមានវិធីសាស្រ្តព្យាបាលពិសេសណាមួយទៅលើវានោះទេ។

លោក Taluli បាននិយាយថា បន្ទាប់ពីបានរងទុក្ខវេទនាជាច្រើនឆ្នាំមកនេះ នៅទីបំផុតលោកអាចរស់នៅក្នុងជីវិតធម្មតាដូចគេឯងបានវិញហើយ។ ការវះកាត់មួយនេះ បានជួយឲ្យផ្លាស់ប្តូរជីវិតលោកជាថ្មី ហើយឥឡូវនេះលោកក៏អាចលេងជាមួយនឹងកូនៗរបស់លោកបានផងដែរ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី លោក Taluli ក៏នឹងត្រូវស្ថិតនៅក្រោមការពិនិត្យ និងតាមដានជំងឺ ហើយលោកក៏នឹងត្រូវទទួលការវះកាត់ជាលើកទី៥ ជាបន្តទៀត នៅរយៈពេលប្រមាណ ២ ទៅ ៣ខែ ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា EV គឺជាវីរុស ឬប្រភេទជំងឺដ៏កម្រម្យ៉ាង ដែលមិនមានការណែនាំ ឬវិធីសាស្រ្តនៅក្នុងការព្យាបាលនោះទេ។ ដូច្នេះវាគ្មានអ្វីក្រៅពីការវះកាត់យកដុំសាច់នោះចេញ ទៅតាមជំហាន ឬដំណាក់កាលរបស់គ្រូពេទ្យប៉ុណ្ណោះ៕   

ប្រភេទជំងឺ EV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]