អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានដាក់ការចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យក្មេងរបស់ Newcastle United គឺកីឡាករ Sean Longstaff ខណៈពេលក្រោយទទួលបានដំណឹងនេះក្លិបសារិកាព្រៃ Newcastle បានដាក់តម្លៃខ្លួនរហូតដល់ ៥០លានផោន។

កីឡាករ Sean Longstaff

អ្នកចាត់ការទូទៅរបស់បិសាចក្រហម លោក Ole Gunnar Solsskjaer គឺជាអ្នកគាំទ្រមួយរូបរបស់ Sean Longstaff ហើយលោកមានបំណងចុះហត្ថលេខានាំយករូបគេមកកាន់កីឡដ្ឋាន Old Trafford បើសិនជាកំពូលខ្សែបម្រើលេងម៉ូដសក់ Paul Pogba ផ្ទេរទៅលេងឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid នារដូវកាលក្រោយ។ ប៉ុន្តែក្លិបសារិកាព្រៃ Newcastle ហាក់ធ្វើឲ្យ Man UTD បោះបង់ការចង់បានខ្សែបម្រើវ័យ ២១ឆ្នាំ Sean Longstaff ដោយទាមទារតម្លៃខ្លួនថ្លៃ។

លោក Ole Gunnar Solsskjaer និងកីឡាករ Paul Pogba

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph លោក Ed Woodward ដែលជានាយកប្រតិបត្តិរបស់ក្លិប Man UTD បានទាក់ទងទៅលោក Lee Charnley នាយកផ្នែកគ្រប់គ្រងរបស់ក្លិប Newcastle ជុំវិញបញ្ហាផ្ទេរ Longstaff មកកាន់ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester ប៉ុន្តែខាង Newcastle ទាមទារតម្លៃខ្លួន ៥០លានផោន ស្របពេលដែលខាងបិសាចក្រហម ហ៊ានចំណាយប្រមាណជា ២០លានផោនប៉ុណ្ណោះ។

កីឡាករ Sean Longstaff

គួរបញ្ជាក់ផងដែរថា Sean Longstaff បង្ហាញខ្លួនបានត្រឹម ៩ប្រកួតប៉ុណ្ណោះជាមួយក្លិប Newcastle United ក្នុងក្របខណ្ឌ Premier League ដោយអាចរកគ្រាប់បាល់បាន ១គ្រាប់ក្នុងតួនាទីជាខ្សែម្រើ៕

ប្រភព៖ Fox Sports Asia   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]