តៃវ៉ាន់៖ វាជាការពិតណាស់ ដូចពាក្យដែលគេនិយាយមួយឃ្លាថា «អ្នកនឹងអាចជួបស្នេហា នៅពេលដែលអ្នកមិនខំប្រឹងប្រែងស្វែងរកវា»។ 

ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅនេះ បុរសជនជាតិតៃវ៉ាន់ម្នាក់បានបង្ហោះរូបភាពជាមួយនឹងសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេររៀបរាប់ថ្ងៃដែលគាត់បានជួបនារីជាទីស្រលាញ់ម្នាក់ នៅពេលដែលគាត់នៅលើយន្ដហោះ។ 

ពួកគេនៅលើយន្ដហោះ

យោងតាមសារដែលសរសេរថា «មុនយន្តហោះចេញដំណើរ ខ្ញុំបានឃើញស្រីមានរាងតូចច្រលឹងម្នាក់យួរកាបូបអីវ៉ាន់យ៉ាងច្រើន ប៉ុន្ដែខ្ញុំមិនបានគិតអីទេ ព្រោះកំពុងពិបាកចិត្តត្រូវគេបញ្ឈប់ពីការងារនិងកំពុងធ្វើដំណើរត្រលប់ទៅផ្ទះវិញ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដឹងថា ខ្ញុំត្រូវអង្គុយនៅជួរជាមួយស្រីដែលខ្ញុំបានឃើញមុនឡើងយន្ដហោះនេះ។ នាងអង្គុយនៅជិតបង្អួច នាងមានកម្ពស់ប្រមាណ ១.៥៥សង់ទីម៉ែត្រ។ ដោយសារនាងមិនសូវខ្ពស់ នាងមិនអាចឈោងដៃដាក់កាបូបអីវ៉ាន់នៅផ្នែកខាងលើបាន ដូច្នេះនាងក៏បានសុំឲ្យខ្ញុំជួយ។ បន្ទាប់ពីជួយនាងដាក់អីវ៉ាន់រួច នាងក៏បានបើកប្រអប់ផ្លែឈឺរី រួចហុចឲ្យខ្ញុំញាំ។ ចាប់តាំងពីពេលនោះមក ពួកយើងទាំងពីរក៏និយាយគ្នាពីនេះពីនោះ។ ពួកយើងទាំងពីរគឺធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ដូចគ្នា ដូច្នេះហើយខ្ញុំក៏បបួលនាងដើរលេងជាមួយគ្នានៅពេលដែលពួកយើងទៅដល់។»

ពួកគេកាន់ដៃគ្នានៅលើយន្តហោះ

បុរសនោះបានបន្ថែមទៀតថា «នាងនិយាយភាសាអង់គ្លេសបានល្អជាងខ្ញុំ។ នាងមកពីខេត្ត Chongqing នេះជាលើកទីមួយហើយដែលនាងបានដើរកម្សាន្តនៅតៃវ៉ាន់។ ពេលដែលពួកយើងនៅលើយន្តហោះ មានកៅអីទំនេរមួយនៅចន្លោះកៅអីរបស់ពួកយើងអង្គុយ នាងក៏បានប្ដូរមកអង្គុយជិតខ្ញុំ។ ពួកយើងបានជួបហេតុការណ៍មួយគឺយន្ដហោះមានចលនាញ័រជាច្រើនម៉ោង ពេលនោះនាងក៏ងងុយគេងលើស្មាររបស់ខ្ញុំ ដោយកាន់ដៃខ្ញុំជាប់ទៀតផង។ ពួកយើងទាំងពីរក៏មកដល់តៃវ៉ាន់ដោយសុវត្ថិភាព។ ទោះបីជាពួកយើងទើបតែបានស្គាល់គ្នាក៏ដោយ ប៉ុន្ដែពួកយើងមានអារម្មណ៍ថាដូចបានស្គាល់គ្នាជាច្រើនឆ្នាំមកអីចឹង។ ឥឡូវនេះពួកយើងទាំងពីរបានក្លាយជាសង្សារនឹងគ្នាហើយ។ ខ្ញុំពិតជាអរគុណក្រុមហ៊ុនរបស់ខ្ញុំណាស់ដែលបានបញ្ឈប់ខ្ញុំពីការងារ ធ្វើឲ្យខ្ញុំបានជួបមនុស្សស្រីម្នាក់នេះ។»

រឿងរ៉ាវស្នេហារបស់គាត់ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានអ្នកចែករំលែកយ៉ាងច្រើនផងដែរ៕

នារីជាសង្សារ
នៅពេលពួកគេដើរលេងជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]