ខេត្តកំពង់ធំ ៖ សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​មួយ​មាន​ស្លាក​យីហោ​ «​លឹ​ម ភ័​ណ្ឌ​» ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន បាន​ត្រូវ​កម្លាំង​នគរបាល​សេដ្ឋកិច្ចនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​សម្របសម្រួល​ពី​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បិទ​ជា​បណ្តោះអាសន្ន​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​ផលិតទឹកក្រូច​ក្លែងក្លាយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ លឹ​ម ភ័​ណ្ទ ដែល​មាន​តួនាទី​ជា​អនុប្រធាន​សភា​ពា​ណិ​ជ្ឋ​កម្ម​ខេត្តកំពង់ធំ​និង​ព្រះ​វិហារ ដែល​មានការ​ផលិត​ទឹកក្រូច​ក្លែង​ក្លាយជា​ច្រើន​មុខ និង​គ្មានអនាម័យ​ឡើយ សម្រាប់​លក់​ចែកចាយ​ទូ​ទាំង​ប្រទេស ។ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សិប្បកម្ម​នេះ លោក លឹ​ម ភ័​ណ្ទ បាន​គេចខ្លួន​បាត់​មិន​បាន​ចូលរួម​ក្នុង​ការ​ត្រួតពិនិត្យ​នេះ​ទេ ហើយ​លោក ព្រះរាជអាជ្ញា អុ​ិ​ត សុធា បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ​សារធាតុ​គីមី​ជា​ច្រើន​មុខ​សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច និង​រក​ឃើញ​ភាព​មិន​ប្រក​តី​ចំនួន​៦​ចំណុច ៖

ទី​១-​សិប្បកម្ម​នេះ​មិន​បាន​សុំ​ច្បាប់​ចុះបញ្ជី​ផលិតផល​នៅ​លើ​សម្បក​វេច​ខ្ចប់

ទី​២-​នៅ​លើ​សម្បក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ

ទី​៣-​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​គុណភាព

ទី​៤-​មាន​ប្រើប្រាស់​សារធាតុ​គីមី

ទី​៥-​ទំនិញ​នាំ​ចូល​គ្មាន​ប្រភព​ច្បាស់លាស់ និង

ទី​៦-​មាន​រក្សា​ទុក​ទំនិញ​ខូចគុណភាព និង ហួស​កាលបរិច្ឆេទ ហើយ​នៅ​លើ​សម្បក​វេច​ខ្ចប់​ទឹកបរិសុទ្ធ​មិន​មាន​ចុះបញ្ជី ។

រីឯ​ការ​ផលិត​ទឹកក្រូច​ក្លែងក្លាយ​របស់​សិប្បកម្ម​ផលិត​ទឹកក្រូច​នេះ នៅ​គ្រប់​ដប​នីមួយ​ៗ​មានដាក់​មេ​និង​ពណ៌ ដោយ​បង្ហូរ​ចេញពី​ធុង​ស៊ីទែន​បញ្ចូល​ទៅ​ក្នុង​ដប​។ ក្រោយមក យក​ដប​ដែល​ដាក់​មេ ទឹកក្រូច​ពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដាក់​ទៅ​តាម​ពណ៌ រួច​ហើយ​យក​មក​វេច​ខ្ចប់​សម្រាប់​ដឹក​លក់​ចែក ចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​។​ជាមួយ នេះ ក៏​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី​ជី​អុ​៊​យ​រ៉េ និង​ម្សៅ​សម្រាប់​លាយ​ទឹកក្រូច​ជា​ច្រើន​មុខ​ទៀត ។ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​តាង មួយ​ចំនួន​ទៅ​ពិនិត្យ​នៅ​ស្នងការដ្ឋាន​នគរបាលខេត្ត​ដើម្បី​រក​សារធាតុ​ហាមឃាត់​និង​ធ្វើ​កំណត់ហេតុ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]