រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​ធ្វើការ​បើក​ឆាកប្រយុទ្ធ​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង បណ្ដាល​អោយ​មាន​អ្នក​រង​របួស បែក​មុខ​បែក​មាត់ និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បក្សពួក​ទាំង​សងខាង​ចំនួន​៥​នាក់​យក​ទៅ​ធ្វើការ​សាកសួរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ «​សា​ស៊ា​ន​» តាម​ផ្លូវ​ក្រោយ​ព្រឹទ្ធសភា ជិត​នឹង​ស្ពាន​ហង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនជាតិ​ចិន​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ទាំង​សង្ខាង​ចំនួន ៥​នាក់ សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅទេ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ទាំងនោះ​យក​ទៅ​ធ្វើការ​សាកសួរ​គឺ​ក្រុម​បុរស​ជនជាតិ​ចិន​ទាំងនោះ​មាន​គ្នា​ចំនួន​២​ក្រុម​មួយ​ក្រុម​ៗ​មាន​គ្នា​៥​ទៅ​៦​នាក់​បាន​អង្គុយ​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​ខាងលើ ហើយ​ដល់​ពេល​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន​មិនដឹង​ថា ពួក​គាត់​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រឿង​អ្វី​នោះ​ទេ​ក៏​ស្រាប់តែ​មាន កែវ​ហោះ​ចាន​ហើរ​ទៅ​វិញ​ទៅ​បណ្តាល​មាន​អ្នក​រង​របួស​បែក​មុខ​បែក​មាត់​ទាំង​សងខាង។

ពេល​ទទួល​បាន​ដំណឹង​បែប​នេះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ធ្វើការ​ឃាត់ខ្លួន​ភាគី​ទំនាស់​ទាំង​សងខាង​បាន​ចំនួន​៥​នាក់ យក​ទៅ​ធ្វើការ​សាកសួរ​នៅ ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ តែ​ពេល​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​រក​លេស​គេចវេស​មិន​ចង់ទៅ​ទាល់តែ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចុះ​ទៅ​បន្ថែម​ទៀត ទើប​អោយ​នាំ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​យក​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​តែ​ម្តង​ទៅ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]