បើសង្កេតមើលឲ្យបានដិតដល់ទៅ នៅក្នុងពិភពលោកយើងនេះ មានរឿងស្មានមិនដល់ជាច្រើន បានកើតឡើង ដែលវាពិបាកនឹងបកស្រាយឲ្យបានថា ហេតុអ្វីមនុស្សសម្រេចចិត្តធ្វើវា ទាំងដែលវាជាជម្រើសចុងក្រោយបង្អស់ សម្រាប់មនុស្សជាច្រើនទៀត។

តួយ៉ាងដូចជា វិធីបញ្ចប់ជីវិតដោយការធ្វើអត្តឃាត ដូចដែលតារាល្បីៗជាច្រើន ធ្លាប់បានជ្រើសរើសធ្វើវា ទាំងដែលក្នុងពេលជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានប្រើប្រាស់គ្រប់វិធី ដើម្បីបន្តជីវិតខ្លួនឯង ឲ្យរស់នៅបានកាន់តែយូរអង្វែង។

ជាការពិតណាស់ ក្រោយពីផ្ទុះព័ត៌មានជាច្រើន អំពីករណីនៃការធ្វើអត្តឃាតរបស់បុគ្គលល្បីៗ នៅក្នុងវិស័យសិល្បៈកូរ៉េ មហាជនចាប់ផ្ដើមចោទជាសំណួរថា ៖

នៅលើលោកនេះ តើមានមនុស្សប៉ុន្មាននាក់ ដែលមិនចង់រស់នៅក្នុងភាពល្បីល្បាញ មានជីវិតដូចជាតារាល្បីៗនោះ?

ប៉ុន្តែហេតុអ្វីបានជាតារាល្បីៗ បែរជាសម្រេចចិត្តគិតខ្លី ប្រហារជីវិតខ្លួនឯងដោយមិនញញើតដៃបែបនេះ បើពួកគេក៏មានអ្វីៗគ្រប់យ៉ាង​ ដែលជាក្ដីប្រាថ្នារបស់មនុស្សជាច្រើនទៅហើយនោះ?

នេះបើតាមធម៌អប់រំចិត្តរបស់ព្រះពុទ្ធសាសនា បានបង្ហាញថាការសម្លាប់ខ្លួន គឺជាការសាងអំពើបាបដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែបើតាមការស្រាវជ្រាវបែបវិជ្ជសាស្រ្តវិញនោះ មនុស្សដែលធ្វើអត្តឃាត ជាមនុស្សដែលកំពុងទទួលរងនៅសម្ពាធជាច្រើន ពោលគឺពួកគេត្រូវបានគេចាត់ទុកថា ជាមនុស្សគួរឲ្យអាណិត។ នោះគឺដោយសារតែ សភាពចិត្តគំនិតរបស់មនុស្ស នៅក្នុងយុគ្គសម័យនេះ មានភាពទន់ខ្សោយខ្លាំង ដែលងាយនឹងជួបវិបត្តិផ្លូវចិត្ត ជាពិសេសគឺការយាយី ពីជំងឺបាក់ទឹកចិត្តជាដើម។

យ៉ាងណាមិញ បើគិតក្នុងផ្លូវអវិជ្ជមានវិញនោះ មនុស្សត្រូវបានគេចាត់ទុកថា ជាភាវៈដែលពោរពេញដោយមហិច្ឆតា គ្មានដែនកំណត់ នៅពេលដែលចិត្តរបស់ពួកគេ ជាប់ជំពាក់ទៅនឹងចំណង់ឥតព្រំដែនហើយ ពួកគេនឹងមើលរំលងរាល់របស់ល្អៗ ដែលពួកគេកំពុងមាននៅក្នុងដៃ ដោយបែរចំណាប់អារម្មណ៍ទៅលើ តែរបស់ដែលពួកគេចង់បានបំផុតទៅវិញ ជាហេតុបណ្ដាលឲ្យចិត្តរងទុក្ខ ពេលដែលមិនអាចទទួលបានដូចក្ដីប្រាថ្នា។

ជាក់ស្ដែង បើតាមបទពិសោធន៍ នៃការធ្វើអត្តឃាតរបស់តារាល្បីៗ បានបង្ហាញថា វាមានហេតុផលជាច្រើនយ៉ាង ដែលបណ្ដាលចិត្តឲ្យពួកគេ ស្រាប់តែលែងចង់រស់នៅតទៅទៀត ស្រាប់តែទទួលអារម្មណ៍ថា ខ្លួនឯងបាត់បង់គ្រប់យ៉ាងទាំងអស់ ក្នុងពេលមួយភ្លែត។

ចង់ដឹងថា តើមានហេតុផលអ្វីខ្លះ បង្កប់នៅក្នុងគំនិតរបស់ពួកគេ មុនពេលសម្លាប់ខ្លួន?

តោះមកតាមដាន ចំណុចតូចៗខាងក្រោមទាំងអស់គ្នា ៖ 

១. អតីតតារាចម្រៀងប្រុសល្បីឈ្មោះ សមាជិកក្រុម SHINee គឺ Kim Jonghyun

តារាចម្រៀងល្បីឈ្មោះរូបនេះ បានព្យាយាមធ្វើអត្តឃាតរហូតបានសម្រេច កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ ដោយបន្សល់ទុកតែពាក្យផ្ដែផ្ដាំថា លោកពិតជាទទួលរងនូវ ភាពលំបាកវេទនា នៅក្នុងចិត្តជាខ្លាំង ទោះបីគ្រាន់តែដកដង្ហើម។ 

លោកមិនអាចយល់ថា តើអ្វីជាក្ដីប្រាថ្នាដ៏ធំបំផុតរបស់ខ្លួនឯង ដូច្នេះហើយទើបលោកសម្រេចចិត្ត ចាកចេញពីអារម្មណ៍មួយនោះ ដោយការជ្រើសរើសសេចក្ដីស្លាប់តែម្ដង។

រូបភាព Kim Jonghyun
រូបភាព Kim Jonghyun

២. តារាសម្ដែង Jeon Min Sun

តារាស្រីជើងចាស់ Jeon Mi Seon ត្រូវបានរកឃើញសាកសព នៅក្នុងបន្ទប់សណ្ឋាគារមួយ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដោយសារតែជំងឺបាក់ទឹកចិត្ត ដែលកើតចេញពីបញ្ហានៅក្នុងគ្រួសារ។

យ៉ាងណាមិញ Jeon Mi Seon ត្រូវបានក្រុមការងារបង្ហើបថា នាងគ្រោងនឹងសម្តែងកម្មវិធីថ្មីៗជាច្រើន ប៉ុន្តែគួរឲ្យស្ដាយ ដែលវាត្រូវបានលុបចោលទៅវិញ បន្ទាប់ពីដំណឹងនៃការស្លាប់របស់នាង។ 

រូបភាព Jeon Min Sun

៣. តារាចម្រៀងស្រី អតីតសមាជិកក្រុម KARA គឺនាង Goo Hara

ចាប់តាំងពីចូលឆ្នាំថ្មីមក ជីវិតរបស់តារាស្រីរូបនេះ ហាក់ដូចជាជួបបញ្ហាជាបន្តបន្ទាប់ ធ្វើឲ្យរូបនាងដាច់ចិត្តសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿងរ៉ាវអាម៉ាសជាច្រើន ប៉ុន្តែសំណាងល្អ ដែលនាងត្រូវបានគេជួយទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ហេតុផលដែលធ្វើឲ្យ Goo Hara គិតខ្លីដល់ថ្នាក់សម្លាប់ខ្លួននេះ គឺបណ្ដាលមកពី នាងមានបញ្ហាជាមួយនឹងមិត្តប្រុស រហូតកើតជារឿងក្ដីប្ដឹងផ្ដល់គ្នា ល្បីកក្រើកអ៊ីនធើណែត។ 

ក្រោយមកក៏លេចលឺដំណឹងថា នាងត្រូវបានអតីតមិត្តប្រុស គម្រាមទម្លាយវីដេអូរួមភេទ ធ្វើឲ្យតារាស្រីរូបនេះ រងនូវភាពអាម៉ាស និងការប្រមាថយ៉ាងចាស់ដៃ ពីក្រុមអ្នកប្រឆាំង។ 

មិនត្រឹមតែប៉ុណ្ណោះទេ នាងថែមទាំងត្រូវក្រុមអ្នកប្រឆាំងវាយប្រហារទៀតថា ទៅសំងំកែសម្ផស្ស ទាំងដែលនាងទើបតែធ្វើការវះកាត់ភ្នែក ព្រោះតែមានជំងឺ។

កត្តាទាំងនេះ រុញច្រានឲ្យ Goo Hara បាត់បង់សតិមួយពេល រហូតដាច់ចិត្តសម្លាប់ខ្លួន។

ប៉ុន្តែមកដល់ពេលនេះ នាងមានសុវត្ថិភាព និងសុខភាពល្អទេ ព្រោះតែទទួលបានការមើលថែយ៉ាងដិតដល់ ពីក្រុមគ្រួសារ និងក្រុមការងារ ថែមទាំងទទួលបានក្ដីស្រលាញ់ និងការលួងលោមពីសំណាក់ហ្វេនៗផងដែរ។ 

រូបភាព Hara
រូបភាព Hara

៤. តារាសម្ដែង Jang Ja Yeon

រឿងក្ដីនៃការស្លាប់របស់តារាសម្ដែង ដ៏គួរឲ្យអាណិតម្នាក់នេះ នៅមិនទាន់បានបើកបង្ហាញអស់នៅឡើយទេ ប៉ុន្តែបើតាមអត្ថន័យក្នុងសំបុត្រចុងក្រោយរបស់នាង បានបង្ហាញថា Jang Ja Yeon បានសម្រេចចិត្តសម្លាប់ខ្លួន បន្ទាប់ពីនាងត្រូវរំលោភបំពានផ្លូវភេទ ដោយបុរសជាច្រើននាក់។ ក្នុងនោះក៏មានក្រុមការងារផលិតករ នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ល្បីឈ្មោះផងដែរ។

គួរបញ្ជាក់ផងដែរថា តារាៗដែលធ្លាប់បានស្គាល់ Jang Ja Yeon ម្នាក់ៗសុទ្ធតែមានអារម្មណ៍សោកស្ដាយ និងមានក្ដីអាណិតអាសូរ លើរូបនាងជាខ្លាំង។ ម្នាក់ៗសុទ្ធតែលើកឡើងថា នារីដ៏អភ័ព្វម្នាក់នេះ ត្រូវគេជិះជាន់ធ្វើបាបជាច្រើនលើកច្រើនសារ ដោយសារតែនាង ចង់មានឱកាសចូលរួមសម្ដែង ដូចតារាៗផ្សេងទៀតដែរ។  

រូបភាព Jang Ja Yeon

៥. Minzy អតីតសមាជិកក្រុម 2NE1

នេះជារឿងរ៉ាវដែលធ្វើឲ្យហ្វេន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស្រីល្បីឈ្មោះរូបនេះ បានបង្ហាញថា នាងធ្លាប់បានគិត ចង់សម្លាប់ខ្លួន ដោយសារតែជំងឺបាក់ទឹកចិត្ត តាមមកយាយីអារម្មណ៍នាងមិនឈប់ ចាប់តាំងពីពេលដែល 2NE1 បំបែកក្រុម។

យ៉ាងណាមិញ ការលើកឡើងរបស់នាង ហាក់ដូចជាការដាស់តឿនសតិ មិត្តៗយុវវ័យដែលកំពុងតែមានបញ្ហាផ្លូវចិត្ត ដូចដែលនាងធ្លាប់បានជួបប្រទះ។

ជាការពិតណាស់ ការជួបបញ្ហាក្នុងជីវិតគ្រួសារ ស្នេហា ឬក៏ការងារ វាសុទ្ធតែបន្សល់ទុកនូវការឈឺចាប់ និងការខកបំណង ប៉ុន្តែសេចក្ដីស្លាប់ មិនមែនជាវិធីដោះស្រាយ ដែលល្អបំផុតឡើយ៕ 

រូបភាព Minzy
រូបភាព Minzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]