លើសឈាមជាជំងឺរ៉ាំរ៉ៃ ភាគច្រើនកើតលើមនុស្សចាស់ៗ ពិសេសអ្នកដែលផឹកស្រា ជក់បារីជាប្រចាំ ឬអ្នកធាត់ៗ ចូលចិត្តញ៉ាំប្រៃ និងអ្នកកើតជំងឺទឹកនោមផ្អែម។ ជំងឺលើសឈាមនេះអាចសម្លាប់មនុស្សបានគ្រប់វិនាទី បើសិនជាធ្វេសប្រហែសតែបន្តិច ដូច្នេះហើយបើនៅផ្ទះមានសមាជិកគ្រួសារ ឬម៉ាក់ប៉ាមានជំងឺលើសឈាម យើងមិនត្រូវធ្វើរឿងប៉ុន្មានយ៉ាងនេះឡើយ។
១– កុំធ្វើរឿងពិបាកចិត្ត
កាលណាជួបរឿងពិបាកចិត្ត ស្ត្រេស ឬខឹង អាចឲ្យអ្នកជំងឺលើសឈាមឡើងសម្ពាធឈាមលឿនបំផុត ដែលជាហេតុអាចបង្កឲ្យអ្នកជំងឺដាច់សរសៃឈាមខួរក្បាលបាន ដូច្នេះយើងមិនត្រូវបង្ករឿងស្មុគស្មាញក្នុងផ្ទះឡើយ។ ត្រូវចាំថា អ្នកជំងឺលើសឈាមត្រូវចៀសវាងអារម្មណ៍តានតឹង ស្មុគស្មាញ នោះទើបមិនប៉ះពាល់ដល់សម្ពាធឈាម។
២– កុំញ៉ាំប្រៃ
ញ៉ាំប្រៃជាមូលហេតុនាំឲ្យកើតជំងឺលើសឈាម អ៊ីចឹងយើងចាំបាច់ត្រូវរក្សាសម្ពាធឈាមអ្នកជំងឺឲ្យមានលំនឹងដោយកំណត់ជាតិប្រៃក្នុងរបបអាហារទាប។ បើអ្នកផ្ទះមានអ្នកកើតជំងឺលើសឈាម យើងត្រូវបែងចែករបបអាហារដាច់ឡែកពីគ្នា ឬញ៉ាំអាហារសាបបន្តិចទាំងអស់គ្នារឹតតែល្អ។
៣– លេបថ្នាំទៀងទាត់ កុំខានឲ្យសោះ
អ្នកជំងឺលើសឈាមទោះកម្រិតណាក៏ដោយ តម្រូវឲ្យលេបថ្នាំជាប់ជាប្រចាំ ទោះជាជំងឺមិនធ្វើទុក្ខក៏ដោយ ដើម្បីរក្សាសម្ពាធឈាមឲ្យនៅថេរ និងអាចគ្រប់គ្រងបានល្អ។ កាលណាអ្នកជំងឺលេបថ្នាំមិនបានទៀងទាត់រៀងរាល់ថ្ងៃ ធ្វើឲ្យសម្ពាធឈាមឡើងចុះ ឯការប្រើថ្នាំលែងសូវមានប្រសិទ្ធភាព អាចតម្រូវឲ្យផ្លាស់ប្ដូរថ្នាំថ្មីវិញ។
ករណីអ្នកជំងឺមានទាំងជំងឺទឹកនោមផ្អែម និងលើសឈាមអមជាមួយគ្នា ការថែទាំ គឺហ្មត់ចត់ ទាំងចំណីអាហារ ផ្លូវចិត្ត និងការព្យាបាលដោយថ្នាំ។ ចំពោះចំណីអាហារអ្នកជំងឺទាំងពីរនេះរួមគ្នា គឺគួរតែចៀសវាងអាហារដែលផ្អែម និងប្រៃពេក កុំញ៉ាំអាហារដែលមានជាតិកាបូអ៊ីដ្រាតច្រើន ដែលអាចធ្វើឲ្យកើនឡើងជាតិស្ករនៅក្នុងឈាម។ ចំពោះផ្លូវចិត្តក៏ដូចគ្នាដែរ អ្នកដែលមានជំងឺទឹកនោមផ្អែមច្រើនតែប្រឈមនឹងបញ្ហាស្ត្រេស និងពិបាកចិត្តច្រើន ជាការល្អត្រូវព្យាយាមកុំឲ្យអ្នកជំងឺមានបញ្ហាផ្លូវចិត្តបន្ថែមទៀត។ រីឯការប្រើថ្នាំវិញ គឺត្រូវប្រើតាមការណែនាំរបស់គ្រូពេទ្យ លេបឲ្យទៀងទាត់ ពុំត្រូវរំលង ឬភ្លេចទេ ដើម្បីចៀសវាងផលវិបាកផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]