អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United មានទំនុកចិត្តយកឈ្នះក្លិបមេឃខៀវ Manchester City ក្នុងការនាំយកខ្សែការពារ Harry Maguire មកកាន់កីឡដ្ឋាន Old Trafford ដោយបិសាចក្រហមអាចនឹងចំណាយប្រាក់រហូតដល់ទៅ ៧៥លានផោនដើម្បីទិញផ្ដាច់ពី Leicester City។

កីឡាករ Harry Maguire

អ្នកចាត់ការទូទៅរបស់បិសាចក្រហម លោក Ole Gunnar Solskjaer ចង់បានខ្សែការពារវ័យ ២៦ឆ្នាំរូបនេះមកធ្វើជាតួអង្គសំខាន់ក្នុងតំបន់ការពាររបស់ក្រុមសម្រាប់ត្រៀមរដូវកាលថ្មីនៅ Premier League និងពានរង្វាន់ UEFA Europa League។

លោក Ole Gunnar Solskjaer

ជុំវិញបញ្ហាតម្លៃខ្លួនរបស់ Maguire ក្លិប Leicester City ទាតទាររហូតដល់ ៨៥លានផោនឯណោះ ដែលធ្វើឲ្យបងប្អូនរួមក្រុង Manchester ហាក់រារែកចិត្តក្នុងការចំណាយប្រាក់ច្រើនទៅលើកីឡាកររូបនេះ ប៉ុន្តែតាមការឲ្យដឹងចុងក្រោយគឺ Man UTD អាចនឹងហ៊ានចំណាយប្រាក់ ៧៥លានផោនសម្រាប់ខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះ។ 

កីឡាករ Harry Maguire

តាមពិតទៅដំបូងឡើយក្លិបដែលដឹកនាំដោយលោក Pep Guardiola មានសង្ឃឹមច្រើនក្នុងការនាំយក Maguire មកលេងនៅទឹកដី Etihad Stadium ប៉ុន្តែបញ្ហាតម្លៃថ្លៃនោះ គឺជារនាំងបាំងមួយដែល Man City មិនអាចយកគេបាន។

កីឡាករ Harry Maguire

យ៉ាងណាមិញ ងាកមកមើល Man UTD វិញបច្ចុប្បន្នមានខ្សែការពារកណ្ដាលចំនួន ៦រូបដែលត្រូវបានគេដឹងថាចង់ដោះដូរជាមួយ Maguire ប៉ុន្តែម្ចាស់ជើងឯក Premier League មួយរដូវកាល Leicester City ត្រូវការតែលក់លុយសុទ្ធប៉ុណ្ណោះ។ 

កីឡាករ Harry Maguire

គួរបញ្ជាក់ផងដែរថា ក្លិប Leicester City ពេលនេះបានសម្លឹងមើលឃើញកីឡាករសម្រាប់ជំនួស Maguire រួចរាល់ហើយបើសិនជាខ្សែការពាររូបនេះចាកចេញទៅ Man UTD គឺកីឡាករ James Tarkowski របស់ Burnley ដែលមានតម្លៃខ្លួនប្រមាណជា ៤០លានផោន៕

ប្រភព៖ Daily Mail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]