រាជធានី​ភ្នំពេញ ៖ ព្រះ​តេជគុណ និង​ជា​អតីត​តារា​កន្លែង​នាយ តាក់ស៊ី បាន​ចេញ​មុខ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​ទទួល​ការ​រិះគន់​ពី​មហាជន ក្រោយ​ព្រះ​អង្គ​បាន​ចេញ​មុខ​ទេសនា​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ព្រះសង្ឃ​។

បើ​ទោះបីជា​ការ​ចេញ​មុខ​ទេសនា​ជា​លើក​ដំបូង បាន​ទទួល​ការ​ចាប់អារម្មណ៍ និង​បាន​ធ្វើ​ឲ្យ​មានការ​សើច​ក្អាកក្អាយ​ពី​ញាតិ​ញ៉ោ​ម​ក៏​ដោយ ប៉ុន្តែ​ព្រះ​តេជគុណ តាក់ស៊ី បែរជា​ទទួល​បានការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​។

បើ​យោង​តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ម្សិល ព្រះ​តេជគុណ តាក់ស៊ី បាន​មាន​ព្រះ​បន្ទូល​ថា អ្វី​ដែល​មហាជន​បានឃើញ​នូវ​វី​ដែ​អូ​ដែល​ព្រះ​អង្គ​បាន​ទេសនា​នោះ គឺ​មិនមែន​ជា​ចេតនា​ទាំងស្រុង​របស់​ព្រះ​អង្គ​នោះ​ឡើយ​។ ប៉ុន្តែ​ពេល​នោះ គឺ​មានការ​សំណូមពរ​ពី​ញាតិ​ញ៉ោ​ម ក៏​ដូច​ជា ព្រះ​ចៅអធិការ ដើម្បី​ឲ្យ​ព្រះ​អង្គ​ឡើង​សំណេះសំណាល​លេង​ជាមួយ​ញាតិ​ញោម ដោយ​មិនមែន​ជា​ការ​ទេសនា​នោះ​ឡើយ​។

ព្រះ​តេជគុណ​មាន​បន្ទូល​បញ្ជាក់​ថា ក្នុង​ការ​ឡើង​និយាយ​នោះ អាត្មា​ហាក់​មិន​មាន​ពាក្យ​អ្វី​ដែល​ត្រូវ​ថ្លែង មាន​តែ​ពាក្យ​សម្តី​និយាយ​លេង​ឲ្យ​បាន​សើច​ចែក​ជូន​ញាតិ​ញ៉ោ​ម ក្នុង​នោះ​អាត្មា​ក៏​បាន​បញ្ចូល​នូវ​ធម៌​វិន័យ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ព្រះ​តេជគុណ​បាន​សូមទោស​ដល់​ញាតិ​ញ៉ោ​ម​ទាំងអស់​នូវ​កំហុស​ខុសឆ្គង​ទាំងឡាយ និង​សូម​ទទួលយក​ការ​រិះគន់​ទាំងអស់ ដើម្បី​មក​កែប្រែ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ពុំ​មាន​ចេតនា​ណា​បំផ្លាញ​ដល់​ព្រះពុទ្ធ​សាសនា​នោះ​ឡើយ​។

ព្រះ​តេជគុណ​តាក់ស៊ី ក៏​បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​សរសេរ​លិខិត​ចំហរ​មក​ដល់​ព្រះ​អង្គ​នោះ សូមកុំ​មានការ​យល់​ច្រឡំ ព្រះ​អង្គ​មក​បួស​នេះ គឺ​មាន​សទ្ធា​ជ្រះថ្លា ដោយ​មិន​ចង់បាន​ភាព​ល្បីល្បាញ​អ្វី​ទៀត ដូច​កាលពី​ពេល​លេង​កំប្លែង​នោះ​ឡើយ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី