ជាការពិតណាស់គ្រប់គ្នា ប្រាកដជាធ្លាប់ជួបនឹងអារម្មណ៍ស្មុគស្មាញ នឿយហត់ អស់សង្ឃឹម ដែលបណ្តាលមកពីបញ្ហាការងារ ការសិក្សា និងបញ្ហាគ្រួសារជាដើម។ នៅពេលដែលអារម្មណ៍បែបនេះកើតឡើងញឹកញាប់ នោះអ្នកប្រាកដជាចាប់ផ្តើម មើលងាយ និងទម្លាក់កំហុសមកលើខ្លួនឯង ចាប់ផ្តើមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងបាត់បង់ទំនុកចិត្តលើខ្លួនឯងជាក់ជាមិនខាន។

នេះរឿងដែលគូរឲ្យព្រួយបារម្ភបំផុត ព្រោះចំណុចដែលបានរៀបរាប់ខាងលើក៏ជាមូលហេតុអាចបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្តបានផងដែរ។ ដូចដែរលោកអ្នកដឹងស្រាប់ហើយថា ជំងឺនេះជាឃាតករលាក់មុខដ៏សាហាវ និងគួរឲ្យខ្លាច។

ដោយឡែក ប្រសិនបើលោកអ្នកមិនចង់ធ្លាក់ក្នុងអន្ទាក់របស់អារម្មណ៍ ដ៏កាចសាហាវមួយនេះទេ គួរគប្បីដឹងពីវិធីសាស្ត្រនៃការទប់ស្កាត់ខ្លួនឯងជាមុន។ ដែលខាងក្រោមនេះជាចំណុចមូយចំនួន ដែលអាចឲ្យអ្នកចៀសផុសពីជំងឺបាក់ទឹកចិត្ត និងការមើលងាយខ្លួនឯងបាន ដែលមានការរៀបរាប់ដូចតទៅ៖  

១. ស្គាល់ខ្លួនឯងឲ្យបានច្បាស់

អ្វីទៅស្គាល់ខ្លួនឯងឲ្យបានច្បាស់? ស្គាល់ខ្លួនឯងឲ្យបានច្បាស់ គឺជាការស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយ ស្គាល់ថាខ្លួនឯងជាអ្នកណា។ នៅពេលដែលអ្នកដឹងពីចំណុចទាំងអស់នេះ នោះយើងនឹងមានភាពងាយស្រួល នៅក្នុងប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

ឧទាហរណ៍ថា ប្រសិនបើយើងចង់ហក់ទៅកន្លែងខ្ពស់ ទាំងដែលខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ នោះអ្នកប្រាកដជាបរាជ័យ។នៅពេលជួបរឿងបរាជ័យច្រើនដងនៅក្នុងជីវិត អ្នកក៏ចាប់ផ្តើមបាក់ទឹកចិត្ត និងមានអារម្មណ៍មួយដក់នៅក្នុងចិត្តអ្នកជាមនុស្សអន់ ជាមនុស្សដែលគ្មានសមត្ថភាពជាដើម។ 

តែងាកមកវិញ បើអ្នកស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាព នោះអ្នកនឹងងាយរកឃើញដំណោះស្រាយ និងផ្លូវដែលត្រូវដើរដើម្បីទៅដល់ភាពជោគជ័យ ជាក់ជាមិនខាន។

២. ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ

ទោះបីជាភាគរយច្រើននៃបញ្ហានេះ បណ្តាលមកពីរឿងផ្លូវអារម្មណ៍ក៏ពិតមែន ប៉ុន្តែការប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃក៏ជាកត្តាមួយនៃបញ្ហានេះផងដែរ។ ដូច្នេះហើយអ្នកគួរតែថែរក្សាសុខភាពឲ្យបានល្អ ហាត់ប្រាណ ញ៉ាំចំនីអាហារណាដែលមានប្រយោជន៍ ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ដែលមានវីតាមីន និងញ៉ាំទឹកឲ្យបានពី៦ ទៅ៨កែវក្នុងមួយថ្ងៃ។

ទៀតសោតការគេងក៏ជារឿងសំខាន់ផងដែរ តាមការសិក្សាបង្ហាញឲ្យឃើញថា ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងសុខភាពរាងកាយ និងសតិអារម្មណ៍។ ជឿថានៅពេលដែលអ្នកមានសុខភាពល្អ ទាំងការគិត និងសតិអារម្មណ៍របស់អ្នកក៏ល្អដូចគ្នា។

៣. ចេះលើកទឹកចិត្តខ្លួនឯង

ពេលខ្លះអ្នកមិនត្រូវរង់ចាំពាក្យសរសើរពីអ្នកដទៃដើម្បីមកលើកទឹកចិត្តខ្លួនឯងនោះទេ។ ប៉ុន្តែអ្នកក៏អាចលើកទឹកចិត្តខ្លួនឯងបានដូចគ្នា ដោយការនិយាយសរសើរ ព្យាយាមរំលឹករឿងជោគជ័យកន្លងមក ផ្តល់រង្វាន់ និងទិញរបស់របរដែលខ្លួនឯងចង់បាន ក្រោយពេលដែលធ្វើកិច្ចការអ្វីមួយបានសម្រេច។

ដោយឡែកប្រសិនបើអ្នកចេះលើកទឹកចិត្តខ្លួនឯងហើយ នោះអ្នកនឹងមិនខ្លាចការក្រោកឈរចាប់ផ្តើមជាថ្មីម្តងទៀតនោះទេ។  

រូបតំណាង

៤. ព្យាយាមនិយាយរឿងក្នុងចិត្តប្រាប់អ្នកដទៃ

លោកអ្នកអាចនឹងគិតថា នេះជាវិធីសាស្ត្រដែលងាយស្រួល និងធម្មតាបំផុត គឺគ្រាន់តែនិយាយពីអារម្មណ៍របស់ខ្លួនឯងទៅកាន់អ្នកដទៃតែប៉ុណ្ណោះ។ ប៉ុន្តែនេះជារឿងមួយដែលពិបាកដូចគ្នា ជាពិសេសចំពោះអ្នកចូលចិត្តនៅស្ងៀមស្ងាត់ ឬអ្នកមិនសូវបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។

ជាក់ស្តែង ការហាមាត់សុំជំនួយ ឬរកដំណោះស្រាយពីអ្នកដទៃ មិនមែនជារឿងគួរឲ្យអាម៉ាស់ទេ។ ជាមួយគ្នានេះមានវិធីសាស្ត្រ៣យ៉ាង ដែលអ្នកគួរសាកល្បងធ្វើតាមដើម្បីបង្ហាញពីអារម្មណ៍ទាំងនេះ ទៅកាន់មនុស្សនៅជុំវិញខ្លួនមានដូចជា៖

+ទី១ រកមិត្តភក្តិដែលអ្នកទុកចិត្តបំផុត ត្រូវប្រាកដថាពួកគេអាចស្តាប់ និងរក្សាការសម្ងាត់រឿងរបស់អ្នកបាន ឬមិត្តភក្តិដែលអ្នកគិតថា ពេលនិយាយជាមួយពួកគេមានអារម្មណ៍សប្បាយចិត្ត ដោយលោកអ្នកព្យាយាមនិយាយរឿងចេញពីចិត្តទាំងអស់ប្រាប់គេ។

+ទី២ ប្រសិនបើគ្មានអ្នកណាម្នាក់ដែលអ្នកអាចទុកចិត្តបាននោះ អ្នកគួរហាត់និយាយជាមួយខ្លួនឯងដើម្បីឲ្យអារម្មណ៍បានធូរស្រាលខ្លះ។អ្នកគួរគប្បីប្រើវិធីសាស្ត្រនេះ ពេលកំពុងងូតទឹក និងក្រោយពេលញ៉ាំអាហាររួច ប៉ុន្តែហាមដាច់ខាតមិនត្រូវធ្វើបែបនេះមុនពេលចូលគេងទេ ព្រោះអាចធ្វើឲ្យអ្នកគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់នាំឲ្យប៉ះពាល់ដល់បញ្ហាសុខភាពថែមមួយកម្រិតទៀត។

+ទី៣ បង្ហាញអារម្មណ៍ចេញមកខាងក្រៅ ដោយសរសេរជាកំណត់ត្រានៅក្នុងកូនសៀវភៅផ្ទាល់ខ្លួន ប៉ុន្តែហាមដាច់ខាតមិនគួរផុសទៅលើបណ្តាញសង្គមនោះទេ។  

រូបតំណាង

៥. កុំសង់ជញ្ជាំងបិទខ្លួនឯង

លោកអ្នកគួរគប្បីស្វែងយល់ពីអ្វីដែលថ្មីៗ និងមានប្រយោជន៍នៅពេលទំនេរ ដូចជាការចេញទៅខាងក្រៅជួបមិត្តភក្តិ ជួបមនុស្សថ្មីៗដើម្បីផ្លាស់់ប្តូរគំនិត និងបទពិសោធន៍។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមិនចូលចិត្តចេញក្រៅ នោះលោកអ្នកក៏អាចស្វែងយល់អ្វីថ្មីៗបានដែរ តាមរយៈការមើលYouTube អានសៀវភៅ គូររូប និងហាត់ប្រាណជាដើម។

ធ្វើយ៉ាងណាជៀសវាងការសំងំនៅក្នុងបន្ទប់ ព្រោះអ្នកដែលចូលចិត្តគេងនៅតែក្នុងបន្ទប់មិនព្រមចេញទៅណា ភាគច្រើនពួកគេតែងតែគិតពីរឿងចាស់ៗឥតប្រយោជន៍ ដែលធ្វើឲ្យមានអារម្មណ៍មិនល្អ ធុញទ្រាន់នឹងខ្លួនឯង ធុញទ្រាន់បរិយាកាសជុំវិញខ្លួនផងដែរ។

ម្យ៉ាងវិញទៀតនៅពេលដែលអ្នកសំងំនៅតែក្នុងផ្ទះមិនព្រមចេញទៅក្រៅ ប្រៀបដូចជាអ្នកកំពុងតែសង់ជញ្ជាំងបាំងខ្លួនឯងពីពិភពខាងក្រៅដូចគ្នា ហើយប្រសិនបើអ្នកដឺងថាខ្លួនឯងថាមានទម្លាប់បែបនេះ សូមប្រញាប់កែប្រែជាបន្ទាន់ ព្រោះអ្នកនឹងប្រឈមជាមួយជំងឺបាក់ទឹកចិត្តនៅថ្ងៃខាងមុខ។

រូបតំណាង

៦. ត្រូវគិតគ្រប់យ៉ាងក្នុងផ្លូវល្អ

នៅពេលដែលនៅក្នុងចិត្តរបស់អ្នកប្រមូលផ្តុំតែរឿងកើតទុក្ខ ខឹងក្រោធ ឈ្នានីសយកចាញ់ឈ្នះ នោះជីវិតរបស់អ្នកនឹងមិនមានក្តីសុខឡើយ ហើយអារម្មណ៍របស់អ្នកក៏ចាប់ផ្តើមទ្រុតទ្រោមទៅៗដូចគ្នា។ រឿងដែលមិនល្អបើអាចបំភ្លេចបានគួរតែបំភ្លេចទៅ ឬចាត់ទុកវាជាមេរៀនទៅថ្ងៃមុនបានហើយ កុំសន្សំវាទុកអោបក្រសោបមកបំផ្លាញអនាគតរបស់អ្នកអី។ 

ម្យ៉ាងវិញទៀតអ្នកត្រូវចេះគិតថា មិនមែនមានតែអ្នកម្នាក់ឯងដែលប្រឈមនឹងបញ្ហានោះទេ។ រៀនប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលលំបាកជាងយើងខ្លះក៏ល្អដែរ នោះអ្នកនឹងដឹងថាខ្លួនឯងនៅមានឱកាសច្រើនសម្រាប់ដើរទៅមុខចាប់យកក្តីសុបិន។ 

៧. ធ្វើដំណើរកម្សាន្ត

ក្នុងអំឡុងរយៈពេលពី៣ទៅ៦ខែ អ្នកគួរតែលៃលកពេលវេលាដើម្បីទៅធ្វើដំណើរកម្សាន្តទីជិតឆ្ងាយឲ្យបានម្តង បើមានឱកាសទៅលេងក្រៅប្រទេសទៀតកាន់តែប្រសើរ ព្រោះលោកអ្នកអាចជួបអ្វីៗថ្មី ប្លែកដែលមិនមាននៅក្នុងប្រទេសកំណើត នោះលោកអ្នកអាចនឹងប្តូរការគិតថ្មី សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ និងទូលំទូលាយជាងមុន។

ម្យ៉ាងវិញទៀតការធ្វើដំណើរកម្សាន្តប្រៀបបានដូចជាការទៅលាងជំរះរឿងចាស់ៗ ស្មុគស្មាញចេញពីខួរក្បាល ដើម្បីយកអារម្មណ៍ដែលស្អាតជះថ្លា មកចាប់ផ្តើមគិត និងដោះស្រាយបញ្ហាតទៅទៀត។  

សរុបសេចក្តីមកការមើលងាយ និងបំបាក់ទឹកចិត្តខ្លួនឯង កើតចេញពីអារម្មណ៍របស់ខ្លួនអ្នកស្ទើរតែ៧០ភាគរយទៅហើយ ចំណែកឯរឿងជុំវិញខ្លួន៣០ភាគរយទៀតគ្រាន់តែជាកត្តារួមផ្សំតែប៉ុណ្ណោះ។ បើដូច្នោះមែន តើអ្នកនៅតែបណ្តោយឲ្យខ្លួនឯងជួបបញ្ហាបែបនេះទៀតឬក៏យ៉ាងណា?។

ម្យ៉ាងវិញទៀតយើងសង្ឃឹមថាវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ អាចជាប្រយោជន៍សម្រាប់អ្នកដែលកំពុងស្ថិតនៅក្នុងសភាពបែបនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព៖ medicalnewstoday | health | storylog

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]