ក្រួសក្នុងតម្រងនោម បង្កឡើង​ដោយ​សារធាតុគីមី​ជាច្រើន ដែលប្រមូលផ្ដុំ​គ្នា ហើយ​ក្លាយជា​ដុំក្រួស​តូចៗ ស្ថិតនៅ​ក្នុងតម្រងនោម ដោយ​វាបណ្ដាល​ឲ្យមនុស្ស​ឈឺចាប់​មិនអាច​ទ្រាំបាន​នោះទេ។ ដុំក្រួស​ភាគច្រើន បង្កឡើង​ដោយ​កាល់ស្យូម រួមផ្សំគ្នា​ជាមួយ​សារធាតុផ្សេងទៀត ដូចជា អុកស៊ីឡាត (Oxalate) និង​ផូស្វ័រ ហើយ​​ក៏អាច​បង្ក​ឡើង​ដោយ​អាស៊ីដ​ក្នុង​ទឹកនោម​​ដែរ។ ក្រួស​ក្នុង​សាច់ ក្នុង​ខ្លួន​ឈឺ​ពិបាក​ទ្រាំ​ប៉ុណ្ណា? ត្រូវ​ហើយ អត់​មាន​អ្នក​ណា​ចង់​ឈឺ ឬ​ចង់​កើត​ទេ តែ​យ៉ាងណា គួរ​យល់​ពី​របៀប​ការពារ និង​​បង្ការ​ក្រួស​ក្នុងតម្រងនោម។ គួរ​ធ្វើ​យ៉ាង​ម៉េច?

១. ផឹកទឹកឲ្យ​​ច្រើន

ផឹកទឹក​ច្រើន ជួយ​បន្ថយ​សារធាតុ​ក្នុង​ទឹកនោម ដែល​បង្ក​ទៅជា​ដុំក្រួស។ អ្នកជំនាញ ណែនាំ​ឲ្យផឹក​ទឹក លើស ២​លីត្រ​/ថ្ងៃ។ ក្រៅពី​ទឹក ទឹកក្រូច ឬ​ទឹកក្រូចឆ្មា​ ក៏ជួយ​រារាំង ការ​កើត​មាន​ដុំក្រួស​ក្នុង​តម្រងនោម​ដែរ។

២. ញ៉ាំ​កាល់ស្យូម​ចាំបាច់

អាហារ​មាន​ជាតិ​កាល់ស្យូម​ច្រើនពេក បង្ក​ឲ្យ​កម្រិត​សារធាតុ​អុកស៊ីឡាត​កើនឡើង និង​បណ្ដាល​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម។ ដើម្បី​បង្ការ​បញ្ហា​នេះ យើងចាំបាច់​ញ៉ាំ​កាល់ស្យូម ស្របតាម​អាយុ។ បុរស​វ័យ ៥០​ឆ្នាំ និង​ចាស់ជាងនេះ គួរ​ញ៉ាំ​កាល់ស្យូម ១.០០០​មីល្លីក្រាម/ថ្ងៃ រួមជាមួយ​វីតាមីន D ដើម្បី​ជួយ​ឲ្យ​រាងកាយ ស្រូប​កាល់ស្យូម។

៣. បន្ថយ​សារធាតុ​សូដ្យូម

របបអាហារ​មាន​សូដ្យូម​ខ្ពស់ អាច​បង្កឲ្យ​មាន​ដុំក្រួស​ក្នុង​តម្រងនោម ដោយសារ​វាបង្កើន​បរិមាណ​កាល់ស្យូម​ក្នុង​ទឹកនោម។ តាម​គោលការណ៍​ណែនាំ​បច្ចុប្បន្នកំណត់ឲ្យ​ញ៉ាំ​សូដ្យូម ២.៣០០​ មីល្លីក្រាម/ថ្ងៃ ហើយ​បើអាច​បន្ថយ​ដល់ ១.៥០០​ មីល្លីក្រាម គឺកាន់តែល្អ វា​ជួយ​ដល់​សម្ពាធឈាម និង​បេះដូង។

៤. កម្រិត​ការញ៉ាំ​ប្រូតេអ៊ីន​សត្វ

ការញ៉ាំប្រូតេអ៊ីន​សត្វ​ច្រើនពេក ដូចជា​សាច់ក្រហម សាច់មាន់ ស៊ុត និង​អាហារ​សមុទ្រ បង្កើន​កម្រិត​អាស៊ីដ​ក្នុង​ទឹកនោម និង​បង្កទៅជា​ក្រួស​ក្នុងតម្រងនោម។ អាហារ​មាន​ប្រូតេអ៊ីនខ្ពស់ ក៏កាត់​បន្ថយ​កម្រិត​សារធាតុ Citrate ជាសារធាតុ​គីមី ជួយ​បង្ការ​ដុំក្រួស មិន​ឲ្យ​កកើត។

៥. ចៀសវាង​អាហារ​បង្ក​ក្រួស​ក្នុង​តំរងនោម

សូកូឡា ស្ពៃពុយឡេង តែ និង​ដំណាប់​សម្បូរ​ជាតិ​អុកស៊ីឡាត និង​អាហារ​សម្បូរ​ជាតិ​ផូស្វ័រ សុទ្ធតែ​អាច​បង្ក​ឲ្យ​កើត​មាន​ក្រួស​ក្នុង​តម្រងនោម ដូច្នេះ​យើង​គួរចៀសវាង​ប្រភេទ​អាហារ​សម្បូរ​សារធាតុ​ទាំង​នេះ។ ​បើ​យើង ឈឺ​តំរងនោម វេជ្ជបណ្ឌិត​នឹង​ណែនាំ​ឲ្យ​ចៀសវាង​ប្រភេទ​អាហារ​ទាំងនេះ ឬ​ញ៉ាំ​ក្នុង​បរិមាណ​តិចតួច​ដែល​អនុញ្ញាត។

តាមពិតទៅ អាហារ និង​ភេសជ្ជៈ ទំនងមិន​បង្ក​ក្រួសក្នុង​តម្រងនោមទេ លើកលែង​តែ​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើនខ្លាំង។ ការសិក្សា រកឃើញថា បុរស​ផឹកថ្នាំ​គ្រាប់​វីតាមីន C ដូស​ខ្លាំង ប្រឈម​ខ្ពស់​នឹង​ការ​កើត​ក្រួស​ក្នុង​តម្រងនោម ដោយសារ​រាងកាយ បំលែង​វីតាមីន C ទៅជា​អុកស៊ីឡាត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]