(ភ្នំពេញ)៖ គ្រាវត្តមានជនជាតិចិននៅកម្ពុជាមានកាន់តែច្រើន បញ្ហាបទល្មើស និងសកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់នៅកម្ពុជានេះ ក៏មានការកើតឡើងគួរឱ្យកត់សម្គាល់ផងដែរ។ បញ្ហាបង្កដោយជនជាតិចិននេះ នាំទៅជាក្តីកង្វល់សម្រាប់ប្រជាពលរដ្ឋខ្មែរ និងខ្លះទៀតបារម្ភថា សមត្ថកិច្ចខ្មែរមិនអាចគ្រប់គ្រងសកម្មភាពរបស់ជនជាតិចិនបានថែមទៀតផង។

តើការបង្កបទល្មើស និងសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ពីសំណាក់ជនជាតិចិននៅកម្ពុជា ឈានដល់កម្រិតមិនអាចគ្រប់គ្រងបានដូចការបារម្ភរបស់ពលរដ្ឋខ្មែរឬយ៉ាងណា?

ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នជនជាតិចិននៅកម្ពុជា មានចំនួនប្រមាណ ២៥ម៉ឺននាក់ កំពុងតែស្នាក់នៅរយៈពេលវែង ដើម្បីវិនិយោគ និងបម្រើការងារផ្សេងៗ។

បើធៀបជាមួយជនបរទេសដទៃទៀត ជនជាតិចិនមានប្រមាណ ៦០ភាគរយកំពុងស្នាក់នៅកម្ពុជា។ ក្នុងចំណោម២៥ម៉ឺននាក់នេះ មាននៅរាជធានីភ្នំពេញជិត ១០ម៉ឺននាក់ នៅខេត្តព្រះសីហនុជាង ១១ម៉ឺននាក់។ ក្រៅពីនោះមាននៅខេត្តកណ្តាល ស្វាយរៀង និងបន្ទាយមានជ័យជាដើម។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានទទួលស្គាល់ថា ជនជាតិចិនដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានេះ ពិតជាមានអ្នកលាក់ខ្លួនប្រកបរបរល្មើសច្បាប់ និងធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើធៀបជាមួយជនជាតិចិននៅកម្ពុជាទាំងអស់ អ្នកបង្កបទល្មើស និងធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់មានចំនួនតិចតួចប៉ុណ្ណោះ។

«និយាយពីរឿងបទល្មើសហ្នឹងការពិតហើយ យើងទទួលស្គាល់ថា វាមាន។ ប៉ុន្តែចំនួនអត់ច្រើនទេ បើប្រៀបធៀបនឹងវត្តមានរបស់ចិនដែលមាន ប្រៀបធៀបវត្តមានចិនដែលមកទេសចរណ៍២លាននាក់ ចំនួនបទល្មើសដែលប្រព្រឹត្តដោយជនជាតិចិននឹងមិនច្រើនទេ។ បើប្រៀបធៀបនឹងចំនួនបទល្មើសទូទៅ បើតាមខ្ញុំដឹង តាមទិន្នន័យដែលយើងបានពីអគ្គស្នងការនគរបាលជាតិមក បើប្រៀបធៀបជនជាតិចិនប្រព្រឹត្តបទល្មើសក៏មិនច្រើនដែរ»។ លោក គៀត ច័ន្ទថារិទ្ធ គូសបញ្ជាក់។

លោកអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្ថែមថា «បញ្ហានេះខ្ញុំសូមកត់សម្គាល់អ៊ីចេះ។ ធម្មតាទេជនជាតិណាស់ក៏ដោយមិនដែលមានល្អបរិសុទ្ធទាំងអស់ទេ សូម្បីក្នុងក្រុមគ្រួសារយើង ក្នុងសហគមន៍ណាមួយក៏តែងមានអ្នកខិលខូច អ្នកមិនល្អ។ អ៊ីចឹងជនជាតិចិនដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកយើងជាង២០ម៉ឺននាក់ ពិតជាមិនអាចល្អទាំងអស់បានទេ។ ប៉ុន្តែគ្រាន់តែខ្ញុំវាយតម្លៃថា សកម្មភាពបទល្មើសដែលគាត់ប្រព្រឹត្តភាគច្រើនជាមួយជនជាតិគ្នាគាត់»។

លោក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងដែរថា បទល្មើសបង្កដោយជនជាតិចិន មិនសូវប៉ះពាល់ជាមួយប្រជាពលរដ្ឋខ្មែរនោះទេ ហើយបទល្មើសទាំងនោះ ភាគច្រើនពាក់ព័ន្ធជាមួយការជំពាក់លុយកាក់គ្នាទៅវិញទៅមក ដែលជាការរកស៊ីប្រចាំថ្ងៃរបស់ពួកគេ និងបញ្ហាផឹកស៊ីជាដើម។

ឆ្លើយតបកង្វល់ថាសកម្មភាពបទល្មើស និងសកម្មភាពបង្កអសន្តិសុខសណ្តាប់ធ្នាប់របស់ជនជាតិចិនឈានដល់កម្រិតគ្រប់គ្រងលែងបាននោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អះអាងថា បញ្ហានេះមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ពោលសមត្ថកិច្ចរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបញ្ហាទាំងអស់នេះ ហើយប្រសិនបើមានបទល្មើសកើតឡើងដាច់ខាតសមត្ថកិច្ចកម្ពុជាត្រូវតែបង្ក្រាបមិនមានការលើកលែងឡើយ។

លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ចំណុចនេះខ្ញុំទទួលស្គាល់ថា ប្រជាជនលោកមានការបារម្ភ។ ធម្មតាទេម្ចាស់ទឹកម្ចាស់ដី ឃើញគេមកច្រើនដល់ទទួលព័ត៌មានមិនបានគ្រប់គ្រាន់គាត់ព្រួយបារម្ភជារឿងធម្មតា។ ស្រឡាញ់ជាតិតែងតែគិតអ៊ីចឹងហើយ។ ប៉ុន្តែអ្វីជាការពិតដូចខ្ញុំបញ្ជាក់ខាងដើមអ៊ីចឹង វាមានអ្នកល្អ និងអ្នកអាក្រក់ វាមានអ្នកប្រព្រឹត្តបទល្មើស។ ប៉ុន្តែចំនួននេះវាតិចតួចទេ។ ប្រជាពលរដ្ឋគាត់បារម្ភនៅខេត្តព្រះសីហនុ តែនៅព្រះសីហនុតែងើបយើងចាប់ ងើបយើងចាប់។ ៩៨ភាគរយ បងប្អូនបង្ក្រាបបានទាំងអស់ ដូច្នេះមិនមានអ្វីព្រួយបារម្ភទេ»។

នាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ពីវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការបង្កបទល្មើសរបស់ជនជាតិចិនផងដែរ។ លោកបានអះអាងថា ក្រសួងមហាផ្ទៃមានកិច្ចសហប្រតិបត្តិការណ៍ជិតស្និទ្ធល្អជាមួយក្រសួងសន្តិសុខសាធារណៈរបស់ចិន ហើយជារៀងរាល់ឆ្នាំក្រសួងមានផែនការប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្ក្រាបទៅលើបទល្មើសទាំងនេះ។

លោកអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា កាលចុងខែមីនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូទៅពិនិត្យវាយតម្លៃកិច្ចសហប្រតិបត្តិការណ៍ឆ្នាំ២០១៨ និងបានចុះអនុសរណៈលើកិច្ចសហប្រតិបត្តិការណ៍ចំនួន៣បន្ថែមទៀតរួមមាន៖ អនុស្សារណៈសម្រាប់កិច្ចសហប្រតិបត្តិការណ៍រយៈពេល៥ឆ្នាំ, អនុស្សារណៈស្ដីពីការប្រយុទ្ធប្រឆាំងនិងបទល្មើស តាមប្រព័ន្ទទូរគមនាគមន៍ និងចុះហត្ថលេខាលើផែនការស្ដីពីកិច្ចសហប្រតិបត្តិការណ៍ឆ្នាំអនុវត្តន៍ច្បាប់។

បើតាមលោក គៀត ច័ន្ទថារិទ្ធ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃរបស់កម្ពុជា និងក្រសួងសន្តិសុខរបស់ចិន ព្រមទាំងការរឹតបន្តឹងការអនុវត្តន៍ច្បាប់របស់កម្ពុជាផងនោះ បានធ្វើឱ្យការបង្កបទល្មើស និងការធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់របស់ចិននៅកម្ពុជាមានការថមថយផងដែរ។

លោក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានបណ្ដេញជនជាតិចិនជាង ៩០០នាក់ ទៅប្រទេសដើមវិញ។ តែសម្រាប់៥ខែឆ្នាំ២០១៩នេះ មានជនជាតិចិនតែ ១៦៥នាក់ប៉ុណ្ណោះត្រូវបានបណ្តេញចេញពីកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានឱ្យដឹងថា រយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានបណ្តេញជនជាតិចិនប្រមាណ ២ពាន់នាក់ចេញពីកម្ពុជា៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]