ឥណ្ឌូនេស៊ី៖ ជារឿងដ៏គួរឲ្យឈឺចាប់បំផុត ដែលអ្នកស្រុករស់នៅលើឆ្នេរខ្សាច់មួយកន្លែង ក្នុងប្រទេសឥណ្ឌូនេស៊ី បាននាំគ្នាចាប់សត្វអណ្ដើកសមុទ្រដ៏ធំជិតផុតពូជមួយក្បាល (Leatherback Sea Turtle) យកមកជិះលេងម្នាក់ម្តងៗយ៉ាងរំភើយ នៅគ្រាដែលវាឡើងមកពងនៅលើឆ្នេរខ្សាច់ ដែលសកម្មភាពមួយនេះ បង្កឲ្យមានការិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។

អ្នកភូមិនាំគ្នាជិះពីលើអណ្ដើក

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបថតដោយស្រុកម្នាក់ ដែលឈរមើលសកម្មភាពហាក់យ៉ាងរីករាយ យកទៅបង្ហោះបង្អួតនៅលើបណ្តាញសង្គមនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់អ្នកស្រុក ពោលគឺបុរសដែលមានវ័យចំណាស់ៗប៉ុន្មាននាក់ បាននាំគ្នាឡើងជិះពីលើអណ្ដើកដ៏ធំនោះ (លើស្នូក ឬខ្នង) ម្នាក់ម្តងៗ ខណៈដែលអណ្ដើកសមុទ្រដ៏គួរឲ្យអាណិតនេះ បានព្យាយាមរើសបម្រាស និងវារទៅមុខដើម្បីចុះទៅក្នុងទឹកសមុទ្រវិញ ទាំងត្រដាបត្រដួស។

ចំណែកឯ អ្នកស្រុកត្រូវបានគេមើលឃើញថា គិតតែពីនាំគ្នាសើចសប្បាយនឹងអ្វីដែលពួកគេបានធ្វើនោះ ទាំងមិនយល់ និងមិនគិតពីសុខទុក្ខ ការលំបាក ក៏ដូចជាមនោសញ្ចេតនាអាណិតទៅលើអណ្ដើកមួយក្បាលនេះ ដែលខំឡើងមកពងនៅលើឆ្នេរទាល់តែសោះ។

អ្នកភូមិនាំគ្នាជិះពីលើអណ្ដើក

យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបនៃសកម្មភាពដ៏ព្រៃផ្សៃមួយនេះ ត្រូវបានបង្ហោះចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការសោកស្តាយ រិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ដែលអ្នកស្រុកទាំងនោះហាក់គ្មានចិត្ត គ្មានធម៌មេត្តា ទាំងដែលនាំគ្នាធ្វើបែបនេះទៅលើវា ហើយថែមទាំងជាសត្វអណ្ដើកដ៏ធំ និងជិតផុតពូជទៀត។

ជុំវិញនឹងករណីនេះទៀតសោត ប្រភពបានទម្លាយឲ្យដឹងថា អាជ្ញាធរនៅក្នុងតំបន់មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយ អំពីហេតុមួយនេះនៅឡើយនោះទេ។ ប៉ុន្តែគេក៏សង្ឃឹមថា នឹងមានការស៊ើបអង្កេត និងចាត់វិធានការឲ្យបានត្រឹមត្រូវ ទៅលើជនដែលប្រព្រឹត្តសកម្មភាពមិនគប្បីនេះផងដែរ។

អ្នកភូមិនាំគ្នាជិះពីលើអណ្ដើក

គួរឲ្យដឹងផងដែរថា អណ្ដើកសមុទ្រ ឬ Leatherback Sea Turtle នេះ គឺជាសត្វដែលធំជាងគេក្នុងចំណោមពូជអណ្ដើកទាំងអស់។ វាក៏ជាសត្វល្មូនលំដាប់ទី៤ ដែលមានទម្ងន់ខ្លួនដល់ទៅជាងកន្លះតោន (ក្នុងចំណោមសត្វដទៃ) ផងដែរ។ អណ្ដើកប្រភេទនេះ ត្រូវបានគេរកឃើញមាននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច មហាសមុទ្រឥណ្ឌា និងមហាសមុទ្រអាត្លង់ទិច។ ពួកវាត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជនៅក្នុងតំបន់មហាសមុទ្រខាងលើនេះ លើកលែងតែនៅភាគពាយព្យនៃមហាសមុទ្រអាត្លង់ទិចប៉ុណ្ណោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

អណ្ដើកសមុទ្រ Leatherback sea turtle
អណ្ដើកសមុទ្រ Leatherback sea turtle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]