តើអ្នកម្តាយមានគភ៌គ្រប់រូប ត្រៀមខ្លួនរួចជាស្រេចហើយ ឬនៅ សម្រាប់ការប្រសូតបុត្រ (ឆ្លងទន្លេ)និងការស្ថិតនៅក្នុងមន្ទីពេទ្យក្នុងអំឡុងពេលក្រោយប្រសូតនោះ? ហើយតើនឹងមានអ្វីកើតឡើងខ្លះ នៅពេលអ្នកគេងសម្រាកនៅក្នុងមន្ទីពេទ្យក្នុងអំឡុងពេលនោះ ដូច្នេះយើងសូមណែនាំឱ្យអ្នកម្តាយមានគភ៌ និងអ្នកម្តាយដែលជិតប្រសូតទាំងអស់ អាននូវអត្ថបទខាងក្រោមនេះទុកជាចំណេះដឹង និងដើម្បីជាការត្រៀមខ្លួនទុកជាមុនផង។

១ – ញើសនឹងជ្រាបចេញមកច្រើនជាងប្រក្រតី៖ ញើសរបស់អ្នកនឹងហូរចេញមកច្រើនដូចគ្នានឹងការបានទៅហាត់ប្រាណក្នុងពេលប្រក្រតីអ៊ីចឹងដែរ។

២– ស្បូនច្របាច់ខ្លួន៖ ក្រោយពេលប្រសូតអ្នកនឹងមានអារម្មណ៍ថា ឈឺនៅក្នុងស្បូនខ្លាំងណាស់ ដោយសារតែអាការស្បូនច្របាច់ខ្លួនឱ្យតូចដូចដើមវិញ ហើយស្បូននឹងរឹតតែច្របាច់ខ្លួនខ្លាំងឡើងនៅពេលកូនចាប់ផ្តើមបៅដោះ។

៣ – ត្រៀមខ្លួនថតរូប៖ ស្វាមី និងបណ្តាមិត្តភក្តិ ឪពុក ម្តាយ សាច់ញាតិ បងប្អូន សុទ្ធតែនាំគ្នាត្រៀមជាស្រេចជាមួយការថតរូបភាពទើបនឹងកើតរបស់កូន ឬរូបភាពកូនតូចពេលនៅក្នុងបន្ទប់សម្រាកជាមួយអ្នកម្តាយ។

៤ – មួយណាកូនយើងហ្ន៎?  បើអ្នកដើរទៅមើលកូនដែលទើបនឹងកើតមកភ្លាមនៅក្នុងបន្ទប់ទុកទារកនោះ អ្នកនឹងមិនអាចមើលដឹងឡើយថា តើទារកមួយណាជាកូនរបស់អ្នកឡើយ រហូតទាល់តែគិលានុប្បដ្ឋាកយិការជាអ្នកមកប្រាប់ ឬលួចមើលផ្លាកឈ្មោះព្រោះវាមិនងាយបានមើលដោយស្រួលៗនោះទេ។

៥ – ស្វាមីនឹងបានដឹងរឿងរ៉ាវគ្រប់យ៉ាង៖ ស្វាមីនឹងបានឃើញការដំណើរការគ្រប់យ៉ាងក្នុងអំឡុងពេលប្រសូត រហូតដល់ពេលការប្រសូតចប់សព្វគ្រប់។

៦ – ទារកទើបនឹងកើតមួយចំនួនស្រែកយំភ្លាមតែម្តងក្រោយពីចេញពីពោះម្តាយមកភ្លាម៖ តែទារកខ្លះមិនបានស្រែកយំភ្លាមទេ អាចត្រូវរង់ចាំប្រហែល ២-៣ នាទី ឬយូរជាងនោះ ដូច្នេះអ្នកម្តាយមិនបាច់បារម្ភឡើយ។

៧ – ក្រោយពេលប្រសូតរួច អ្នកម្តាយនឹងមានអារម្មណ៍ថា ពោះរបស់ខ្លួនរាងប្រហោងៗ៖ ឬដូចជាហើមពោះ ឬអាចមានអារម្មណ៍ចង់ក្អួតចង្អោរ ដែលនេះគឺជារឿងប្រក្រតី មិនមានអ្វីប្លែកទេ។

៨ – ពេលខ្លះអ្នកមិនចង់ឱ្យមានអ្នកមកសួរសុខទុក្ខនៅឯមន្ទីពេទ្យទាំងអស់ទេ៖ជួនកាលអ្នកក៏ចង់សម្រាក ច្រើនជាងនៅចាំតែសម្លឹងមើលមាត់ទ្វាថា នឹងមានអ្នកណាបើកចូលមកទៀត ឬក៏អត់។

៩ – គិលានុប្បដ្ឋាកយិកានឹងចូលមកក្នុងបន្ទប់របស់អ្នកញឹកញាប់ណាស់៖ ដើម្បីពិនិត្យសុខភាពរបស់អ្នកម្តាយ ដោយគ្រូពេទ្យអាចនឹងចូលមកមើលក្នុង១ថ្ងៃ តែ ១–២ ដងប៉ុណ្ណោះ ដូច្នេះអ្នកគួរត្រៀមចិត្តរឿងការបើកភ្លើងរបស់គិលានុប្បដ្ឋាកយិការនៅពេលយប់ផង (មួយយប់មកច្រើនដង)។

១០– ហាត់ចិញ្ចឹមមើលថែកូនដោយខ្លួនឯងល្អបំផុត៖ គ្មាននរណាអាចប្រាប់រឿងការចិញ្ចឹមមើលថែកូនដល់អ្នកបានល្អស្មើនឹងការដែលអ្នកហាត់រៀនចិញ្ចឹមមើលថែកូនដោយខ្លួនឯងតាំងពីថ្ងៃដំបូងនោះឡើយ។

១១ – កុំគិតអីច្រើន បើអ្នកចង់ស្លៀកឈុតកូនក្មេងស្អាតៗឱ្យកូនពេលនៅក្នុងមន្ទីពេទ្យនោះ៖ លោកអ្នកអាចស្លៀកឱ្យបានភ្លាមបើមិនខ្លាចកូនរមាស់ ឬស្កៀបទេនោះ (ទារកភាគច្រើនៗស្លៀកឈុតទារក ឬរុំដោយក្រណាត់ទន់ៗប៉ុណ្ណោះ) ឬអាចស្លៀកឱ្យនៅថ្ងៃដែលកូនចេញពីមន្ទីពេទ្យក៏បាន។

១២ – កុំភ្លេចយកអីវ៉ាន់ត្រឡប់ទៅផ្ទះវិញ៖ កុំភ្លេចថ្ងៃដែលចេញពីមន្ទីពេទ្យគួរប្រមូលរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងអស់ត្រឡប់ទៅវិញផង និងកុំភ្លេចរបស់ដែលគេយកមកផ្ញើទៅជាមួយផង។

អ្នកម្តាយក្រោយពេលប្រសូតដែលត្រូវគេងសម្រាកនៅក្នុងមន្ទីពេទ្យច្រើនតែមិនសូវមានអ្វីច្រើនទេ ភាគច្រើនក៏ត្រូវហាត់រៀនចិញ្ចឹមមើលថែកូន ច្របាច់ដោះដើម្បីជម្រុញការផលិតទឹកដោះ និងទទួលភ្ញៀវដែលមកសួរសុខទុក្ខក្រោយពេលប្រសូតប៉ុណ្ណោះឯង៕

អត្ថបទផ្តល់សិទ្ធិដោយ៖ Royalausnzcambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]