តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក មែក ឬ​ឫស​រុក្ខជាតិ យក​ទៅ​ដាំ​ទឹក​ផឹក​នោះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដល់​សុខភាព​ស្រីៗ​ពេល​ពពោះ​នោះ​ទេ តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ថែម​ទៀត។

ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណធ្វើ​ឲ្យ​កូន​កើត​ស្រួល​នោះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជម្រុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក សុខភាពម្តាយល្អ ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺប្រចាំកាយ​អ្វី​មក​ពាក់ព័ន្ធ។

ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ៖
– សុកក្រិន ស្អិតជាប់ស្បូន
– សុកអត់ធ្លាក់
– ទឹកភ្លោះមិនថ្លាល្អ
– មាត់ស្បួនមិនបើក
– កូនពិបាកកើត
– ធ្លាក់ឈាមខ្លាំង
– ឈាមរាវ
– កូនខ្សោយ ឬស្លាប់ក្នុងពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]