ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ បានដេកដួលលើដី ដោយសារស្វាមួយក្រុមព្យាយាមវាយប្រហារគាត់នៅនឹងមុខផ្ទះ។

សកម្មភាពវាយប្រហាររបស់សត្វស្វា

ប្រភពបានឲ្យដឹងថា បុរសនោះមានឈ្មោះថា Nikunj Goyal ជាអ្នកលក់ធូប នៅក្នុងទីក្រុងVrindavan ប្រទេសឥណ្ឌា។ នៅវេលាម៉ោង១០:៣០នាទីព្រឹក គាត់បានត្រលប់មកផ្ទះ ក៏មានស្វាមួយក្រុមបាននាំគ្នាមកវាយប្រហារគាត់។

យោងតាមវីដេអូ បន្ទាប់ពីគាត់ចតម៉ូតូ ដើរសំដៅទៅមុខផ្ទះរបស់គាត់ មានស្វាពីរក្បាលបានលោត និងខាំគាត់បណ្ដាលឲ្យគាត់ដួលទៅលើដី។ បន្ទាប់មកក៏មានស្វាជាច្រើនទៀតបានចេញមក ព្យាយាមរត់ដេញតាមគាត់។ គាត់បានរត់ រួចក៏មានស្រ្តីជាអ្នកជិតខាងម្នាក់ចេញមកក្រៅដោយកាន់អំបោសដើម្បីជួយគាត់។ គេសង្កេតឃើញថា សូម្បីតែកាមេរ៉ាសុវត្ថិភាពត្រូវបានព័ទ្ធជុំវិញដោយដែក ដើម្បីការពារពីសត្វស្វាដែរ។

សកម្មភាពវាយប្រហាររបស់សត្វស្វា

ប្រភពបានឲ្យដឹងទៀតថា លោក Nikunj Goyal បានរងរបួសដោយការខាំនិងខ្វាចពីសត្វស្វា។ គាត់បានទៅមន្ទីរពេទ្យដើម្បីចាក់វាក់សាំងការពារជំងឺ។ គាត់ក៏បានសរសេរសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «សត្វស្វាបានក្លាយទៅបញ្ហាមួយដ៏ធំដែលធ្វើឲ្យប្រជាជនភ័យខ្លាចមិនហ៊ានចេញក្រៅផ្ទះ។ អាជ្ញាធរមិនមានដំណោះស្រាយអំពីបញ្ហានេះសោះឡើយ។»

ប្រភពដដែលបន្ដថា ការអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌាបានធ្វើឲ្យបាត់បង់ធម្មជាតិ។ សត្វដែលរស់នៅក្នុងព្រៃត្រូវបាត់បង់ជម្រក រួចក៏ផ្លាស់ទីជម្រកមកនៅទីក្រុងជាមួយមនុស្សដើម្បីរកចំណី។ សត្វស្វានៅក្នុងទីក្រុងMathura ដែលនៅជាប់ទីក្រុងVrindavan មានប្រមាណ៣៨៦ក្បាលបានវាយប្រហារប្រជាជននៅតាមតំបន់នោះជារឿយៗ។

គួររម្លឹកដែរថា កាលពីមួយឆ្នាំកន្លងទៅនេះ មានបុរសម្នាក់ឈ្មោះថា Dharampal Singh អាយុ៧២ឆ្នាំ ត្រូវបានស្វាមួយក្រុមយកដុំឥដ្ឋគប់ បណ្ដាលឲ្យស្លាប់ព្រោះរងរបួសត្រង់ដើមទ្រូងនិងក្បាលធ្ងន់ធ្ងរខ្លាំងពេក៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]