បរទេស៖ ជាការពិតណាស់ រាល់គ្រប់ការងារទាំងអស់ មិនថាការងារប្រើកម្លាំងបាយ ឬខួរក្បាលគិតនោះទេ គឺសុទ្ធសឹងតែមានសម្ពាធ ហានិភ័យ ឬគ្រោះថ្នាក់ដូចគ្នា ប៉ុន្តែគ្រាន់តែថាវាមានកម្រិតទាបនិងខ្ពស់ ទៅតាមកាលៈទេសៈ និងស្ថានភាពនៃការងារទាំងអស់នោះប៉ុណ្ណោះ។

យ៉ាងណាមិញ បើនិយាយពីការងារផ្នែកសំណង់វិញ វាត្រូវបានគេចាត់ទុកថា ជាប្រភេទការងារមួយ ក្នុងចំណោមប្រភេទការងារជាច្រើនផ្សេងទៀត ដែលងាយនឹងទទួលរងនូវហានិភ័យខ្ពស់ ព្រោះតែត្រូវរ៉ាប់រងនូវគ្រឿងធ្ងន់ៗ បរិយាកាសនៃកាហូបចុក ក៏ដូចជាការស្នាក់នៅយ៉ាងលំបាក និងជាពិសេសនោះ គឺការប្រឈមមុខខ្ពស់បំផុត ពីគ្រោះថ្នាក់ចៃដន្យណាមួយដែលនឹងអាចកើតមានឡើង រហូតថែមទាំងអាចឆក់យកជីវិតបានភ្លាមៗក៏ថាបាន។

កម្មករសំណង់គេងទាំងបែបនេះ

ជាក់ស្ដែង កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយពេញលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញនឹងសកម្មភាពនៃការសម្រាកហាលវាល (គេង) របស់ក្រុមកម្មករសំណង់ ក្នុងបែបបទផ្សេងៗគ្នា ពោលគឺ ឲ្យតែមានកន្លែងណាទំនេរអាចសម្រាកបាន ពួកគេនឹងសម្រាកនៅក្នុងនោះ ឬក្រោមនោះតែម្តង ដោយហាក់ពុំគិតគូរដល់សុវត្ថិភាពផ្ទាល់ខ្លួនឡើយ។

រូបភាពទាំងនេះ ត្រូវបានបង្ហោះចែកចាយដោយគណនីមួយឈ្មោះ Tarzax Elimin Camry ភ្ជាប់មកជាមួយនឹងសារខ្លីថា «នេះគឺជាការតស៊ូរបស់បុរសម្នាក់ ដើម្បីភរិយានិងកូនជាទីស្រលាញ់របស់គាត់»

កម្មករសំណង់គេងទាំងបែបនេះ

បើតាមប្រភពបានឲ្យដឹងថា កម្មករភាគច្រើន គឺជាកម្មករចំណាកស្រុក ដែលត្រូវមកធ្វើការងារមួយនេះ ព្រោះតែពួកគេត្រូវរកប្រាក់ដើម្បីជួយផ្គត់ផ្គង់ ឬផ្ញើឲ្យគ្រួសាររបស់ពួកគេ។

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិកោតសរសើរពីកម្លាំងចិត្ត និងការតស៊ូយ៉ាងលំបាករបស់កម្មករសំណង់ទាំងនោះ ព្រោះបើគ្មានពួកគេទេ យើងក៏ពុំអាចមានផ្ទះស្នាក់នៅ ឬអគារអង្គុយធ្វើការបានស្រួលនោះដែរ។ ដូច្នេះមិនត្រូវមើលងាយ ឬរើសអើងពួកគេនោះទេ។

«សូមព្រះជួយការពារ និងជួយបន្ធូរបន្ថយការងារបុរសទាំងនេះផង ដែលខំចេញទៅធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសាររបស់ពួកគេ»

«មើលទៅពិតជាគួរឲ្យក្រៀមក្រំណាស់ ពេលឃើញពួកគេគេងបែបនេះ»

«នេះគឺជាការលះបង់ដ៏ធំធេងបំផុតរបស់បុរសទាំងនេះ ព្រោះតែដើម្បីរកលុយជួយដល់គ្រួសាររបស់ពួកគេ បើទោះត្រូវឆ្លងកាត់អាកាសធាតុក្តៅ និងភ្លៀងក៏ដោយ» មតិរបស់អ្នកលេងបណ្តាញសង្គម។

កម្មករសំណង់គេងទាំងបែបនេះ

ដូច្នេះប្រសិនបើអ្នកកំពុងតែគិតថា ការងាររបស់អ្នកដល់ថ្នាក់អង្គុយក្នុងអូហ្វីស ម៉ាស៊ីនត្រជាក់ ឬត្រូវជិះកាត់ហាលភ្លៀងតិចតួច ស្រែកថាលំបាកខ្លាំង និងគួរឲ្យធុញធប់នោះ អ្នកគួររៀនសម្លឹងទៅមើលអ្នកដទៃ ដែលកំពុងតែធ្វើការងារលំបាកជាងអ្នក ងាយរងហានិភ័យជាងអ្នក ដែលជាក់ស្ដែងដូចជាការងារជាកម្មករសំណង់នេះជាដើម។

អ្វីដែលអាចធ្វើបាន គឺមានការតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានអនាគត ក៏ដូចជាអាជីពការងារមួយដ៏ល្អ។ ហើយក៏កុំត្អូញត្អែរនឹងអ្វីដែលអ្នកកំពុងតែមាន ទាំងដែលអ្នកដទៃមិនអាចមានដូចជាអ្នក។ មានតែការជម្នះនូវឧបសគ្គលំបាកប៉ុណ្ណោះ ទើបដឹកនាំឲ្យអ្នកក្លាយជាមនុស្សដ៏ជោគជ័យ រស់នៅដោយមានសេចក្តីសុខ និងសុភមង្គល៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

កម្មករសំណង់គេងទាំងបែបនេះ
កម្មករសំណង់គេងទាំងបែបនេះ
កម្មករសំណង់គេងទាំងបែបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]