សិង្ហបុរី៖ កាលពីថ្មីៗនេះ មានការបង្ហោះចែកចាយរូបភាព និងវីដេអូឃ្លីបចំនួន២ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនឹងសកម្មភាពរបស់ចោរស្រី២នាក់ បានព្យាយាមប៉ុនប៉ងលួចស្បែកជើងដែលគេទុកនៅខាងក្រៅផ្ទះ។
បើផ្អែកតាមរយៈប្រភពចែកចាយវីដេអូឃ្លីប ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី៦ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅអគារស្នាក់នៅមួយកន្លែង ក្នុងប្លុក Teck Whye ប្រទេសសិង្ហបុរី។
ជាក់ស្ដែង វីដេអូឃ្លីបទី១ បានបង្ហាញពីសកម្មភាពជនសង្ស័យជាចោរស្រីរូបស្រស់ ២នាក់ បានដើរចូលទៅលួចស្បែកជើង អ្នកដែលរស់នៅក្នុងអគារនោះ (ឬម្ចាស់ផ្ទះ) បានទុកដាក់ស្បែកជើងជាច្រើននៅធ្នើរខាងក្រៅវេរ៉ង់ដា។ ជនសង្ស័យទាំងពីរ បាននាំគ្នាអង្គុយរើសមើលស្បែកជើង ទាំងចិត្តស្ទាក់ស្ទើរ ដែលមើលទៅហាក់បីដូចជាពួកគេកំពុងតែរើសទិញស្បែកជើងយ៉ាងអីចឹង។
ប៉ុន្តែដោយសារតែ ភ្លាមៗនោះជនសង្ស័យជាចោរស្រីទាំងពីរនាក់ខាងលើនេះ បានឮសូរសំឡេង ដែលទំនងជាមាននរណាម្នាក់មកនោះ ទើបធ្វើឲ្យពួកគេទាំងពីរភ័យនាំគ្នារត់តែម្តង។
ដោយឡែក សម្រាប់វីដេអូឃ្លីបទី២ មិនយូរប៉ុន្មានក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេទាំងពីរបានត្រលប់មកវិញ ដោយក្នុងគោលបំណងចង់ទៅរកលួចយកស្បែកជើងនោះម្តងទៀត។ ប៉ុន្តែផ្ទុយទៅវិញ មុនធ្វើសកម្មភាពជាបន្ត ជនសង្ស័យជាចោរស្រីម្នាក់នោះ ក៏បានក្រឡេកមើលជុំវិញ ហើយក៏ស្រាប់តែប្រទះឃើញមានកាមេរ៉ាសុវត្ថិភាពនៅជ្រុងក្បែរនោះ ធ្វើនាងហួសចិត្តខ្លួនឯង និងបានលើកដៃបាំងមុខ ហើយដើរចេញពីទីនោះតែម្តង។
ជុំវិញនឹងករណីមួយនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងអស់សំណើចខ្លាំងនោះ គឺថាម្ចាស់គណនីហ្វេសប៊ុក (Nur Ashiqin Muhammad Kyaizam ) ដែលបានបង្ហោះចែកចាយវីដេអូឃ្លីបដ៏ហួសចិត្តនេះ ក៏បានសរសេរដាក់ចំណងជើងវីដេអូឃ្លីបនេះ (Caption) ដើម្បីឲ្យសក្តិសមនឹងចោរស្រីទាំងពីរនោះថា «ដំណើរទៅពន្ធនាគាររបស់ព្រះនាងស៊ីនឌឺរីឡា» (Cinderella Journey to Prison) ។
គួរឲ្យដឹងផងដែរថា ប្រភពពុំបានទម្លាយឲ្យដឹងទេថា ជនសង្ស័យជាចោរស្រីទាំងពីរនាក់ ដែលមានបំណងចង់លួចស្បែកជើងនោះ មានប្រភពមកពីណា ហើយក៏នឹងមានការស៊ើបអង្កេតពីមន្រ្តីប៉ូលិស ដើម្បីធ្វើការឃាត់ខ្លួន សួរនាំពួកនាង ឬយ៉ាងណានោះឡើយ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]