ថៃ៖ ជឿជាក់ថា មានប្រិយមិត្តមួយចំនួនប្រាកដជាអាចនៅចងចាំបាន ពីសត្វស្វាដ៏ល្បីមួយក្បាលរហស្សនាម កំពូលស៊ី រហូតទាល់តែដុះក្បាលពោះកំពីង ឬគ្រប់គ្នាហៅវាថា «Uncle Fatty» ដែលរស់នៅក្នុងប្រទេសថៃនោះ ពេលនេះកំពុងតែធ្វើឲ្យមហាជន ក៏ដូចជាភ្ញៀវទេសចរជាច្រើនកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសង្ស័យថាវាអាចងាប់បាត់ ក្រោយបាត់ខ្លួនពីជុំរុំអស់ពេលជាច្រើនខែ។

ស្វា Uncle Fatty

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ស្វា Uncle Fatty នេះ មានទម្ងន់ខ្លួនជាង១៤គីឡូក្រាម ដែលទម្ងន់នេះធ្ងន់ជាងស្វាដទៃ (ពូជដូចវា) ជាមធ្យម ២ ទៅ ៣ដងឯណោះ។ វារស់នៅក្បែរផ្សារ ឬកន្លែង Khun Kala Monument ក្នុងទីក្រុងបាងកក។ កន្លងមក វាក៏ធ្លាប់ត្រូវបានអ្នកមើលថែនៅទីនោះ (ក្រុមបុគ្គលិក) បានផ្តល់របបអាហារដ៏តឹងរ៉ឹងសម្រាប់វាផងដែរ។ នេះក៏ដោយសារតែ Uncle Fatty ជាស្វាមួយក្បាលដែលស៊ីច្រើនបំផុត។

ស្វា Uncle Fatty

ប៉ុន្តែមិនថាយ៉ាងណា ស្វាឈ្មោលមួយក្បាលនេះ ក៏តែងតែត្រូវបានភ្ញៀវទេសចរជាច្រើន ផ្តល់ចំណីឲ្យវាស៊ីជាហូរហែនៅរាល់ពេលដែលពួកគេបានទៅលេងនៅកន្លែងខាងលើនេះ ដែលរួមមានអាហារផ្តេសផ្តាសជាច្រើនដូចជា ផ្លែឈើ ពោត ដូង ម្នាស់ ឪឡឹក ចាហួយ ទឹកដោះគោ ក៏ដូចជាគ្រឿងភេសជ្ជៈជាច្រើនផ្សេងទៀត ដែលជាហេតុធ្វើឲ្យ Uncle Fatty កាន់តែរីកក្បាលពោះកាន់តែធំ ព្រោះតែការស៊ីអាហារដែលមានផ្ទុកជាតិកាឡូរីខ្ពស់ទាំងនោះ។

ស្វា Uncle Fatty

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ រយៈពេលប្រមាណជា ៤ខែហើយ ដែលស្វាល្បីខាងស៊ីច្រើននេះ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនសូន្យឈឹងពីកន្លែងជុំរុំស្វា ឬកន្លែងដែលវារស់នៅខាងលើនេះ រហូតធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភពីវា នឹងសង្ស័យថា Uncle Fatty អាចនឹងងាប់បាត់ ខណៈអ្នកខ្លះថា វាអាចនឹងត្រូវបានគេចាប់យកទៅធ្វើស៊ីក៏ថាបាន។

ស្វា Uncle Fatty

ប្រធានក្លិបស្រលាញ់សត្វស្វា ឬហៅថា «We Love Monkey Club» ឈ្មោះ Kavinaphat Mongkoltechachat បាននិយាយថា «បុគ្គលិករបស់ពួកយើងតែងតែឃើញវាអង្គុយលេងនៅមុខ Khun Kala Monument នៅរាល់ពេលដែលពួកយើងបានយកចំណីកញ្ចប់ឲ្យវាស៊ី។ ប៉ុន្តែស្រាប់តែមានថ្ងៃមួយ ពេលពួកយើងទៅដល់ក៏មិនបានឃើញវា។ ពួកយើងគិតថាប្រហែលជាវាឈឺ និងសំងំទៅរស់នៅក្នុងព្រៃជ្រៅដើម្បីព្យាបាលខ្លួនវាហើយ។ ពួកយើងក៏បាននាំគ្នាស្វែងរកវានៅទីនោះជារឿយៗផងដែរ ប៉ុន្តែនៅតែមិនឃើញវាទាល់តែសោះ» ។

ស្វា Uncle Fatty

ប្រធានក្លិបស្រលាញ់សត្វស្វាខាងលើនេះ បានបន្តទៀតថា នៅរាល់ពេលដែលសត្វមានអាការចុះអន់ខ្សោយ ពួកវានឹងដកខ្លួននៅឆ្ងាយពីគ្នារបស់វា និងមិនឲ្យគ្នាវាបានដឹង ឬឃើញពួកវាងាប់នោះទេ។

ដោយឡែក សម្រាប់ស្វា Uncle Fatty វិញ វាក៏នឹងអាចងាប់ដោយសារតែអាយុកាន់តែច្រើនរបស់វា (២០ឆ្នាំ) ។ ព្រោះថាមួយរយៈពេលចុងក្រោយ មុនពេលដែលវាបាត់ខ្លួននេះ មើលទៅវាហាក់បីដូចជាអស់កម្លាំង ហើយក៏មិនសូវស៊ីច្រើនដូចមុននោះឡើយ។

ស្វា Uncle Fatty

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ក្រុមមួយនេះបានអះអាងថា ពួកគេនឹងបន្តការស្វែងរកស្វា Uncle Fatty ព្រោះថាពួកគេនៅតែមានអារម្មណ៍ថា ព្រួយបារម្ភលើវាយ៉ាងខ្លាំង។ ហើយប្រសិនណា ពួកគេពិតជាអាចរកឃើញថា Uncle Fatty បានងាប់មែននោះ វាពិតជាគួរឲ្យសោកស្តាយ និងក្រៀមក្រំបំផុត។ ប៉ុន្តែវាក៏ល្អផងដែរ ប្រសិនបើបានរកឃើញ និងដឹងដំណឹងពីវា ជាជាងមិនបានដឹងអ្វីសោះពីវា៕

ទស្សនាវីដេអូខាងក្រោម៖  

ស្វា Uncle Fatty
ស្វា Uncle Fatty
ស្វា Uncle Fatty

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]