(ភ្នំពេញ)៖​ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ករណីដែលស្ត្រីសិចស៊ីម្នាក់ ដែលលក់ផលិតផល Live តាម Facebook ហើយត្រូវបុរសជាសង្សារវាយឲ្យរបួសនោះ សមត្ថកិច្ចស្រាវជ្រាវ និងទំនាក់ទំនងជនរងគ្រោះបានហើយ ដោយជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីចាត់ការតាមនីតិវិធី។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយសារតែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹង នៅក្នុងផ្ទះរបស់គាត់។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ថៃ​ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុង Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ជាច្រើននៅលើបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វើការស្រាវជ្រាវ​ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឲ្យជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់​។ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ​ និងបន្តចាត់ការតាមនិតិវិធីច្បាប់»។

សូមជម្រាបថា ស្ត្រីស៊ិចស៊ី Live លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃមុខយ៉ាងដំណាំ ដោយនាងបានអះអាងក្នុង Facebook ថា ត្រូវបុរសជាសង្សារវាយធ្វើបាបជាញឹកញយ មិនតិចជាង១៣០ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សារនេះ បានធ្វើឲ្យអ្នកលេង Facebook នាំគ្នារិះគន់លើជនបង្ក ដែលវាយធ្វើបាបស្ត្រីទន់ខ្សោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]