ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ជាមួយ​រថយន្ត​ដ៏​ទំនើប​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ក្រោយ​ពី​បើករថយន្ត​នេះ​ដេញ​បុក​ក្មេង​ប្រុស​ជំទង់​ម្នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៧ កក្កដា​នេះ នៅ​ចំណុច​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយសា​តែ​ខឹង​នឹង​ជន​រង​គ្រោះ​នោះ​គប់​រថយន្ត​របស់​ខ្លួន​បែក​ស្ដុ​ប​ម្ខាង។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា អ្នក​ជន​បង្ក​គ្រោះថ្នាក់​នេះ​ឈ្មោះ​តាំង ហ៊ូ​យ​ឆាយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បើករថយន្ត​ម៉ាក «Mercedes» ពាក់​ស្លាក​លេខ​បាត់ដំបង 2B-1122 ។ រីឯ​ក្មេង​ប្រុស​ជំទង់​ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​នោះ គឺ​ឈ្មោះ​ឡៅ គឺ​ម​លាង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំកា​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​ឃ្លិ​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង 1T-9141​។

លោក​អធិការ​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ត​បាន​ដេញ​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ តែ​គេ​នូវ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បើករថយន្ត​ដេញ​បុក​អ្នក​ជិះ​ម៉ូតូ​នោះ​ទេ។

ប៉ុន្តែ​បើ​តាម​ចម្លើយ​បឋម​របស់​ឈ្មោះ តាំង ហ៊ូ​យ​ឆាយ អ្នក​បើករថយន្ត​ទំនើប​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​បើករថយន្ត​ដេញ​បុក​អ្នក​ជិះ​ម៉ូតូ​ឈ្មោះ គឹ​ម​លាង ដោយសារ​ខឹង​ជន​នេះ​យក​ដុំ​ថ្ម​គប់​រថយន្ត​ខ្លួន​បែក​ស្ដុ​ប​ក្រោយ ។ ប៉ុន្តែ​យុវជន​រូប​នេះ​មិន​បាន​ផ្ដល់​ចម្លើយ​លំអិត​ដល់​សមត្ថកិច្ច​នៅឡើយ​ទេ ។ ដោយឡែក​ ភាគី​ជិះ​ម៉ូតូ​ក៏​សមត្ថកិច្ច​មិន​ទាន់​បាន​ចម្លើយ​ដែរ ព្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅឡើយ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​និយាយ​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ជីក​សួរនាំ​អ្នក​បើករថយន្ត​ទំនើប​ឈ្មោះ តាំង ហ៊ូ​យ​ឆាយ នេះ​អំពី​ដើមចម​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​គប់​រថយន្ត​ខ្លួន ព្រោះ​បើ​តាម​ព័ត៌មាន​នានា ករណី​អាច​មានការ​ចាប់ផ្ដើម​ពី​ដំបូង​មក មុន​ពេល​ជន​រង​គ្រោះ​គប់​រថយន្ត។

យ៉ាងណា​ក្ដី បើ​តាម​លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ តាំង ហ៊ូ​យ​ឆាយ អាច​ជាប់​សង្ស័យ​ពី​បទ ​«​ប៉ុនប៉ង​មនុស្សឃាត​» ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]