រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​សន្តិសុខ​យាម​រោងចក្រ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​ចំនួន​៣​យប់​ជាប់​គ្នា ពេល​លួច​បាន​លុយ​ហើយ​បាន​ប៉ាវ​អ្នក​ជិតខាង​ផឹកស៊ី និង​បបួល​ម្ចាស់​បន្ទប់​ផឹកស៊ី​ទៀត ដើម្បី​បិទ​បាំង​សកម្មភាព​ល្មើស​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ម្ចាស់​បន្ទប់​មើល​មក​ខ្លួន​ថា ជា​មនុស្ស​ល្អ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ វង់ គង់​សម្បត្តិ​វាសនា អាយុ​១៨​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ម្ចាស់​បន្ទប់​ជួល​ខាងលើ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​និយាយ​ថា នៅផ្ទះ​ជួល​របស់​គាត់​ត្រូវ​បាន​ចោរ​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ​ចំនួន​៣​យប់​ជាប់​ៗ​គ្នា​មក​ហើយ ដោយ​បាត់​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​មួយ​គ្រឿង និង​លុយ​មួយ​ចំនួន ។ ចំណែក​ចោរ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​រាល់​លើក​មិន​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ឡើយ ។ ប៉ុន្តែ​ដោយសារ​តែ​ទីនោះ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ទើប​នៅ​ពេល​ឆែក​មើល​បាន​ស្គាល់​មុខ និង​ភិនភាគ​ជនសង្ស័យ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ ក្រោយ​ពី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ស្គាល់​ស្រាប់ តែ​ឃើញ​ជនសង្ស័យ​ទៅ​ដល់​ផឹកស៊ី​ជាមួយ​អ្នក​ជិតខាង និង​បបួល​គាត់​ផឹក​ដែរ​ធ្វើ​ហាក់ដូចជា មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ។ ខណៈនោះ​គាត់​ក៏​បាន​ធ្វើ​ជា​មិន​មានរឿង​អ្វី​កើតឡើង​ដែរ បន្ទាប់​មក​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ឲ្យ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

ដោយឡែក​ជនសង្ស័យ​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​របស់​គាត់​ខាងលើ​បាន​សម្រេច​៣​ដង​ពិតមែន ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]