ខំតមមិនហ៊ានញ៉ាំអីផ្តេសផ្តាសទេ ព្រោះចង់បានរាងស្អាតគួរឲ្យទាក់ទាញ។ ប៉ុន្តែតិចនិកតមអាហារ អាចមានច្រើនអាចជួយយើង ខណៈអត្ថបទនេះ “Hello គ្រូពេទ្យ” នឹងណែនាំផ្លែឈើ ៣ ប្រភេទ ល្អបំផុតសម្រាប់គ្នាយើងតមអាហារ។
១- រាងកាយមានអ្វីកើតឡើងអំឡុងពេលតមអាហារ
អំឡុងពេលតមអាហារ រាងកាយយើងនឹងមានការផ្លាស់ប្តូរជាច្រើន រួមទាំងការបញ្ចេញអង់ស៊ីមក្នុងខ្លួនផងដែរ។ ធម្មតាអង់ស៊ីមដែលផលិតដោយប្រព័ន្ធរំលាយអាហារ នឹងចុះថយដោយអាស្រ័យលើរយៈពេលយើងតមអាហារ។ ស្រទាប់ការពារក្រពះក៏បានកាត់បន្ថយកម្រាស់របស់វាដូចគ្នា ហេតុនេះពេលយើងតមអាហារ អាចនឹងធ្វើឲ្យក្រពះរលាកបាន ដែលជាបញ្ហាប្រព័ន្ធរំលាយអាហារ។ អាហារយើងត្រូវញ៉ាំក្រោយពេលតមអាហារក៏មានសារៈសំខាន់ណាស់ គួរតែជ្រើសរើសយកអាហារណាងាយនឹងរំលាយ ពិសេសគឺផ្លែឈើតែម្តង។
២- ផ្លែឈើ ៣ ប្រភេទល្អបំផុតសម្រាប់តមអាហារ
ផ្លែឪឡឹក
ឪឡឹក ត្រូវគេញ៉ាំច្រើនជាងគេ ដោយសារសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងរ៉ែ។ ឪឡឹកស័ក្ដិសមបំផុតសម្រាប់អ្នកតមអាហារ ពេលរាងកាយខ្វះជាតិទឹក បន្ទាប់ពីតមអាហាររួច។ ផ្លែឪឡឹកមានជាតិទឹកដល់ទៅ ៩២% និងសម្បូរទៅដោយអេឡិចត្រូលីត្រ អាចជួយឲ្យរាងកាយបំពេញបន្ថែមសារធាតុរាវ និងអេឡិចត្រូលីត្រដែលបានបាត់បង់អំឡុងពេលតម។ ផ្លែឪឡឹក ក៏ជាអាហារងាយស្រួលរំលាយផងដែរ។ ឪឡឹក នៅមានគុណប្រយោជន៍ផ្សេងទៀត អាចជួយបង្ការជំងឺមួយចំនួន សាច់ពណ៌ក្រហមមានផ្ទុកសារធាតុ Lycopene ដែលមាននាទីជួយការពារជំងឺបេះដូង និងជំងឺមហារីកក្រពេញប្រូស្តាត។ សារធាតុ Choline មាននៅក្នុងឪឡឹក អាចជួយការពារបញ្ហារលាក ដោយរក្សារចនាសម្ព័ន្ធរបស់ភ្នាសកោសិកា។ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A និងវីតាមីន C ក្នុងឪឡឹក ក៏អាចជួយឲ្យស្បែក និងសក់ស្រស់ស្អាត។
ផ្លែប៉ោម
ប៉ោមមានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយឲ្យប្រព័ន្ធរំលាយអាហារយើងត្រៀមទទួលអាហារមានភាពស្មុគស្មាញបានល្អ។ ទោះជាផ្លែប៉ោម មិនមានទឹកច្រើនដូចឪឡឹកក៏ដោយ ប៉ុន្តែវាសម្បូរទៅដោយជាតិសរសៃខ្ពស់។ នៅពេលតមអាហារ ឱកាសញ៉ាំច្រើនជាងមុន នឹងកើតមាន បើសិនជាយើងឈប់តមភ្លាមៗ។ បើយើងមិនបានញ៉ាំអាហារជិត ១២ ម៉ោងនោះ យើងនឹងចង់ញ៉ាំអាហារច្រើនជាងធម្មតាជាមិនខាន ហើយនេះក៏មិនមែនជារឿងល្អដែរ ព្រោះវាអាចបង្កើនហានិភ័យជំងឺធាត់បាន។ ញ៉ាំផ្លែប៉ោមមុនអាហារ អាចកាត់បន្ថយចំណង់ញ៉ាំច្រើនបាន ដោយសារតែជាតិសរសៃនៅក្នុងផ្លែប៉ោម អាចធ្វើឲ្យមានអារម្មណ៍ថាឆ្អែត អាចការពារយើងពីការញ៉ាំអាហារច្រើនពេលឃ្លានម្តងៗ។ សារធាតុចិញ្ចឹមមាននៅក្នុងផ្លែប៉ោម អាចកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម បន្ថយកម្រិតកូលេស្តេរ៉ូលឲ្យចុះទាប បង្ការជំងឺភ្នែកឡើងបាយ និងការពាររាងកាយពីផលប៉ះពាល់អវិជ្ជមាននៃរ៉ាឌីកាល់សេរី ដែលសុទ្ធតែអាចបណ្តាលឲ្យកើតជំងឺមហារីក។
ផ្លែទំពាំងបាយជូរ
ផ្លែឈើប្រភេទនេះ អាចជាជម្រើសជំនួសឲ្យផ្លែឪឡឹក និងផ្លែប៉ោមបាន។ ភាពស្រស់ និងរសជាតិផ្អែម អាចជួយបំពេញជាតិទឹក និងស្ករ អាចជួយយើងកាត់បន្ថយការញ៉ាំអំឡុងពេលតមអាហារ។ ផ្លែទំពាំងបាយជូរ ក៏ជួយរៀបចំប្រព័ន្ធរំលាយអាហារដែលស្មុគស្មាញដូចគ្នា។ ទំពាំងបាយជូរ ក៏មានអត្ថប្រយោជន៍ច្រើនទៀត សម្រាប់សុខភាពផងដែរ។ ដោយសារតែជាតិទឹកច្រើន និងជាតិសរសៃខ្ពស់ ទំពាំងបាយជូរអាចជួយការពារអាការៈទល់លាមក។ សារធាតុប៉ូតាស្យូមក្នុងទំពាំងបាយជូរ អាចទប់ស្កាត់ការលើសសម្ពាធឈាមទៀតផង។
ការសិក្សាមួយឆ្នាំ២០១៣ លើកឡើងថា ញ៉ាំទំពាំងបាយជូរ កាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២ លើមនុស្សពេញវ័យ។ ផ្លែទំពាំងបាយជូរ អាចកាត់បន្ថយប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរបាន។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទំពាំងបាយជូរ ត្រូវគេស្គាល់ថា Polyphenols អាចកាត់បន្ថយហានិភ័យជំងឺមហារីកសួត មហារីកលំពែង មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]