(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀនទូទាំងប្រទេសនោះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅស្រុកកំពង់សៀម។

ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំងចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីកា និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់។

ជនសង្ស័យទី១៖ឈ្មោះ ស្ងួន ចាន់ឌី អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី២៖ឈ្មោះ ម៉េត សុខហេង អាយុ២៤ឆ្នាំ រស់នៅភូមិបេងចាស់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន១៤កញ្ចប់ (ធំ០៣កញ្ចប់), ទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ូតូ០១គ្រឿង, ជញ្ជីងអេឡិចត្រូនិច០២គ្រឿង, សម្ភារវិចខ្ចប់មួយចំនួន និងឧបករណ៍សេព២សម្រាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]