ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនដៃដល់ដែលយកកាំបិតចាប់អារ.កអ្នករត់ម៉ូតូឌុបប្លន់យកម៉ូតូមួយគ្រឿងកាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនបានហើយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ និងកំពុងរៀបចំកសាងសំណុំបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។
បើតាមលោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ កក្កដានេះ ថា ជនសង្ស័យដែលប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុបមួយគ្រឿងកាលពីប៉ុន្មានថ្ងៃមិននេះ ឈ្មោះ មុំ សុខន អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពបន្តថា ស្រង់ចម្លើយសារភាពជនសង្ស័យថា នៅថ្ងៃកើតហេតុ រូបគេយកកាំបិតចិតបន្លែដងខ្មៅ១ ពូថៅ១ដាក់ក្នុងការ៉ុងខ្មៅ១ រួចសំដៅទៅកំពង់ផែផ្សារក្រោម បន្ទាប់មកហៅម៉ូតូឌុបជិះទៅភ្នំសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយប្រាប់ថា ទៅរកមិត្តភក្កិ ប៉ុន្តែជិះមួយជុំភ្នំសន្ទូច រកឱកាសធ្វើសកម្មភាពមិនបាន ក៏ឲ្យអ្នករត់ម៉ូតូឌុបបន្តដឹកទៅផ្លូវលេខ53 សំដៅទៅផ្សាររមាស ស្រុកទឹកផុស ។
ប្រធានការិយាល័យបន្តថា ក្រោយពេលកើតហេតុលោកស្នងការ លោកស្នងការរងបានដាក់បញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវរកមុខសញ្ញា ហើយក៏ឃើញជនសង្ស័យជិះម៉ូតូគួរឲ្យសង្ស័យ ខណៈដែលជនសង្ស័យរូបនោះមិនដែលមានម៉ូតូសោះពីមុនមក។ ពេលឃើញបែបនេះ សមត្ថកិច្ចក៏ហៅធ្វើការសាកសួរ និងឆែកឆេរលេខតួលេខម៉ាស៊ីនម៉ូតូ ឃើញដូចកាតគ្រីម៉ូតូរបស់ជនរងគ្រោះដែលចោរប្លន់យកទៅ ទើបសម្រេចចាប់ខ្លួនតែម្តង ។
ចំណែកម៉ូតូដកហូតបាន គឺត្រូវជនសង្ស័យដោះស្លាកលេខចេញ និងឈូសលេខម៉ាស៊ីនអស់ខ្លះ រួមទាំងបាញ់ពណ៌ថ្នាំលើម៉ូតូ ដោយកន្លែងដើម្បីបំភាន់ភ្នែក ។
សូមរំឮកថា ជនរងគ្រោះឈ្មោះ លាស់ យ៉ាន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី4 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវបានជនដៃដល់ខាងលើ ធ្វើសកម្មភាពយកកាំបិតចាប់អារ.កប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១១ មួយគ្រឿង បានសម្រេច កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
នៅពេលកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ហើយត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលមកដល់ពេលនេះ នៅមានអាការៈធ្ងន់ធ្ងរនៅឡើយ ព្រោះត្រូវជនដៃដល់ចាក់ចំភ្នែក៕ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]