ខេត្តកំពត ៖ មានករណីប៉ងធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនពីសំណាក់នារីវ័យក្មេងស្រស់ស្អាតម្នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៥ កក្កដា នៅលើស្ពានថ្មព្រែកកំពង់បាយ ស្ថិតក្នុងភូមិកំពង់ បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលយាមប្រចាំការនៅប៉ុស្តិ៍២៤ម៉ោងលើ២៤ម៉ោងនៅគល់ស្ពាននិងអ្នកធ្វើដំណើរលើឆ្លងកាត់ស្ពាន ។
ការចាប់ឃាត់ទាន់ពេលវេលានេះ ដោយសារសមត្ថកិច្ចបានឃើញនារីដែលបំរុងលោតទឹកសម្លាប់ខ្លួនឈររេរារួចបានស្ទុះទៅតោងបង្កាន់ដៃស្ពាន ទើបចូលទៅឃាត់ទាន់ពេលវេលានាំយកមកកាន់ប៉ុស្តិ៍ប្រចាំការក្បាលស្ពានត្រើយខាងកើត ដើម្បីសួរនាំរកមូលហេតុដែលធ្វើឱ្យនាងប៉ងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ហេតុការណ៍នេះបានធ្វើឱ្យមានព័ត៌មានសង្ស័យថា នារីស្រស់ស្អាតនេះប្រហែលមានវិបត្តិស្នេហ៍ហើយមើលទៅទើបចង់សម្លាប់ខ្លួនបែបនេះ ។
លោកវរសេនីយ៍ឯក ហោ វណ្ណាអធិការក្រុងកំពតបានប្រាប់កោះសន្តិភាពថា នារីរងគ្រោះជាមនុស្សមានសតិមិនល្អ ។ បើតាមម្តាយស្ត្រីរូបនេះបានប្រាប់សមត្ថកិច្ចថា កាល២ខែកន្លងមក នាងធ្លាប់ជិះម៉ូតូកាន់កាំបិតហើយជិះរេពេញផ្លូវធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតាមផ្លូវ រួចត្រូវបានកំលាំងនគរបាលព្រហ្មទណ្ឌក្រុងកំពតឃាត់ខ្លួនមកសួរនាំម្ដងមកហើយ ។
ដោយដឹងថា ជាមនុស្សសរសៃប្រសាទក៏ឲ្យក្រុមគ្រួសារមកយកទៅផ្ទះវិញទៅ ។ ស្រាប់តែថ្ងៃនេះនាងប៉ងលោតទឹកតែម្តង ដូច្នេះនារីរូបនេះដោយសារមូលហេតុដូចបានរៀបរាប់ខាងលើ មិនមែនលោតទឹកដោយខូចចិត្តនឹងរឿងស្នេហាដូចអ្នកលេងហ្វេសប៊ុកសង្ស័យនោះទេ ។
នារីរូបនេះឈ្មោះលី សុខុម អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។ លោកបានបន្តថា ក្រោយពេលក្រៀកចាប់បណ្ដើរឲ្យផុតពីស្ពានមកសមត្ថកិច្ចដឹកដៃ ដោយមិនទាន់បានសួរនាំអ្វីផងនារីរងគ្រោះរូបនេះនិយាយតែម្នាក់ឯង ដោយគ្មានអ្នកណាសួរនាំនោះទេ គាត់និយាយតែឯងហូរហែពីនេះពីនោះ ព្រមទាំងមានពាក្យខ្លះស្តីឲ្យទាំងសមត្ថកិច្ចទៀតផង ។ សមត្ថកិច្ចក៏បានប្រគល់ឲ្យក្រុមគ្រួសារនាំទៅផ្ទះវិញ បន្ទាប់ពីនាំមកដល់អធិការក្រុងកំពត ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]