ខេត្តសៀមរាប ៖ ជនសង្ស័យជាឪពុកឈ្មោះ ផា្លយ វិភ័ត បានសារភាពថា កាលពីយប់ថ្ងៃទី២៧ មិថុនា នោះ រូបគេពិតជាបានចាប់កូនប្រុសបង្កើតបោកនឹងសសរផ្ទះមែន ព្រោះមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធ ហើយប្រពន្ធបានបណ្តេញរូបគេចេញពីផ្ទះ ដោយទប់កំហឹងមិនបាន ក៏ធ្វើរឿងមិនគប្បីទៅលើកូនតែម្តង ។ ក្រោយពីធ្វើសកម្មភាពរួចមក រូបគេក៏បានគេចទៅនៅភ្នំពេញ១រយៈ ហើយនៅមិនសុខត្រឡប់ចូលមកទឹកដីខេត្តសៀមរាបវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។
គួរបញ្ជាក់ថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ដែលចាប់ជើងកូនបោកផ្ទប់នឹងសសរផ្ទះស្លាប់ ។ បុរសរូបនេះ ឈ្មោះ ផ្លាយ វិភ័ត អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគងបានចាប់បោកកូនប្រុសតូចនឹងសសរស្លាប់ កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ នៅនឹងផ្ទះរបស់ខ្លួនក្នុងភូមិ-ឃុំខាងលើ និងត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៨និង៤០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ថ្លែងថា កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ជនឈ្មោះ ផ្លាយ វិភ័ត បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ សោម សុខុម អាយុ២៨ឆ្នាំ មុខរបរលក់បន្លែនៅផ្សារលើធំថ្មី ពីរឿងម៉ូយយកសណ្តែកកួរមិនល្អមកឱ្យលក់ ហើយប្រពន្ធប្រើប្តីឱ្យយកទៅដូរ ។
ប៉ុន្តែដោយប្តីមិនទៅ ប្រពន្ធយកទូរស័ព្ទរបស់ប្តីមកនិយាយប្រាប់ម៉ូយក៏ប្តីមិនឱ្យទៀត ធ្វើឲ្យមានការឈ្លោះប្រកែកគ្នា៣ ទៅ៤ម៉ាត់ ។ ពេលនោះ ប្រពន្ធដើរទៅយកទឹក ឯប្តីបានទៅចាប់លើកកូនប្រុសឈ្មោះ ផាង ផល្លា អាយុ១ឆ្នាំ២ខែ ដែលកំពុងដេក យកទៅបោកនឹងសសរផ្ទះបាយបណ្តាលឱ្យសន្លប់ បន្ទាប់មកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែកូនប្រុសបានស្លាប់បាត់ទៅហើយ ។ ក្រោយពីធ្វើអំពើដ៏កំណាចនេះហើយ ជននេះក៏បានរត់គេចខ្លួនបាត់ពីស្រុកកំណើតមួយរយៈទៅរស់នៅកន្លែងផ្សេង ។
លុះមកដល់វេលាម៉ោងប្រមាណ៧និង២០នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចទទួលព័ត៌មានថា ជនសង្ស័យធ្វើដំណើរតាមរថយន្តក្រុងចូលមកខេត្តសៀមរាប ក៏បានដាក់កម្លាំងចាំឃ្លាំមើលក្នុងមូលដ្ឋានដែលជនសង្ស័យឧស្សាហ៍ចេញចូល គឺក្នុងភូមិ ឃុំកើតហេតុខាងលើ ។ រហូតដល់ម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចរឃាត់ខ្លួនសង្ស័យបានរួចនាំយកមកសាកសួរ។ (សម្រួលដោយ៖ ស្រីណា)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]