(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ឆបោក។

ជនសង្ស័យឈ្មោះ ជួង សេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៦ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានី សហការណ៍ជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួន ក្នុងឯកសណ្ឋាន អាវយឺត អ.ហ ពណ៌ខ្មៅ និង ខោពណ៌ត្រេអ៊ី ព្រមទាំងដកហូតបាន អាយឌី ចំនួន ០១គ្រឿង, កាំភ្លើងជ័រ ០១ដើម ពណ៌ខ្មៅដាក់ក្នុងស្រោម ពាក់ព័ន្ធករណីឆបោក ដោយជនសង្ស័យបានតាំងខ្លួនថា ជាសមត្ថកិច្ចអាវុធហត្ថកូនចៅ ឯកឧត្តម រ័ត្ន ស៊្រាង ទៅបោកយកប្រាក់ពីជនរងគ្រោះចំនួន០៤នាក់ ថារត់ការចូលក្របខណ្ឌ អាវុធហត្ថ ដោយម្នាក់ៗត្រូវបង់ប្រាក់ ចាប់ពី៤,០០០ដុល្លារ ទៅ ៥,០០០ដុល្លារ ហើយជនរងគ្រោះទាំង០៤នាក់ ក៏បានយល់ព្រមប្រគល់ប្រាក់ ជាបន្តបន្ទាប់បានចំនួន ១៧,៦០០ដុល្លារ តែការពិតជនសង្ស័យ ពុំមែនជាសមត្ថកិច្ចអាវុធហត្ថសោះឡើយ ហើយអាវុធហត្ថក៏ពុំមាន ការបង់ប្រាក់ដើម្បីចូលក្របខ័ណ្ឌនោះដែរ គឺមានតែការប្រឡងចូល នៅពេលណាមានការប្រកាសជ្រើសរើស ពីក្រសួងការពារជាតិប៉ុណ្ណោះ។

ករណីបំបែកសំណុំរឿងមួយនេះ គឺផ្តើមចេញពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទី មានជនរងគ្រោះម្នាក់ឈ្មោះ ជា ទូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់ សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ បានមកដាក់ពាក្យបណ្ដឹងស្ដីពីករណី ឆបោកប្រាក់ ដោយរត់ការចូលបំរើការ​ងារក្របខណ្ឌអាវុធហត្ថ។ ក្រោយពីបានទទួល ពាក្យបណ្ដឹង របស់ជនរងគ្រោះហើយ កម្លាំងជំនាញការិយាល័យបទ​ល្មើសព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ រហូតឈានដល់ ធ្វើការកំណត់ទីតាំងលាក់ខ្លួន របស់មុខសញ្ញា និងបានបន្តសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចមុខស្តាតចាស់ សង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវអំពើទុច្ចរិកនេះពិតប្រាកដមែន ដោយក្នុងដើមឆ្នាំ​២០១៨ រូបខ្លួនបានកុហកទៅឈ្មោះ ឈន ឌី ថារូបខ្លួនគឺជា អាវុធហត្ថក្រុង កូនចៅ ឯកឧត្ដម រ័ត្ន ស្រ៊ាង ហើយរូបខ្លួនបានសួរទៅជន​រងគ្រោះថាចង់ចូលធ្វើការជាកង រាជអាវុធហត្ថរាជធានីភ្នំពេញដែរឬអត់? ហើយឈ្មោះ ឈន ឌី បានប្រាប់វិញថាគេចង់​ចូលនិងមានមិត្តភក្តិចំនួន ០៣នាក់៖ ១. ឈ្មោះ ជា ទូ ភេទប្រុស, ២. ឈ្មោះ សន សិទ្ធ ភេទប្រុស និង ៣. ឈ្មោះ សេង រំដោះ ភេទប្រុស ក៏ចង់ចូលធ្វើការងារក្របខ័ណ្ឌអាវុធហត្ថដែរ។ បន្ទាប់មកជនសង្ស័យ ក៏បានណាត់ជនរងគ្រោះ ទាំង០៤នាក់ មកជាមួយគ្នា ដោយពេលទៅជួបពួកគេទាំង០៤ នាក់គឺជនសង្ស័យ បានស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រីអាវុធហត្ថ ហើយបានបញ្ចុះបញ្ជូលជនរងគ្រោះទាំង០៤នាក់ ឲ្យបង់ប្រាក់ម្នាក់ ៤,០០០ដុល្លារ ដើម្បីរត់ការអោយបានឈ្មោះ ចូលក្របខ័ណ្ឌកងរាជអាវុធហត្ថ និងទារបន្ថែមជាបន្តបន្ទាប់ រហូតសរុបបានចំនួន ១៧,៦០០ដុល្លារ។

នៅទីបំផុត ជនរងគ្រោះម្នាក់ មានការសង្ស័យ ក៏មកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវ រហូតឈានដល់ធ្វើការបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យតែម្តង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]