មាន​ហេតុផល​ជាច្រើន​តម្រូវ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​វិធី​វះកាត់ ទោះ​ចង់​ ឬ​មិន​ចង់​ក៏​ត្រូវ​ធ្វើ ដើម្បី​រក្សា​សុវត្ថិភាព​ម្តាយកូន។ តែ​ក៏​មាន​មតិ​ជាច្រើន​លើក​ឡើង​ថា កូន​ដែល​កើត​តាម​វិធី​នេះ មាន​សុខភាព​ខ្សោយ​ជាង​កូន​កើត​ធម្មជាតិ ។

បើ​តាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​លើក​ឡើង​ថា ករណី​បែប​នោះ​វា​អាស្រ័យ​ទៅ​លើ​កូន​តែ​ប៉ុណ្ណោះ ប្រសិនបើ​កូន​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់ ម្ដាយ​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​អំឡុង​ពេល​ពពោះ ទោះសម្រាលដោយ​វះកាត់ សុខភាព​កូន​ក៏​ធម្មតា។

ទោះជា​បែប​នេះ​ក្តី ក៏​លោក​វេជ្ជបណ្ឌិត​​មិន​ជំទាស់​ទាំង​ស្រុង​ដែរ លោក​​ថា៖

«ជា​ទូទៅ​របស់​ធម្មជាតិ​វា​ល្អ​ជាង​សិប្បនិមិត្ត តែ​វា​ក៏​មិន​សុទ្ធតែ​អាក្រក់​ទាំងអស់​ដែរ ព្រោះ​ការ​កើត​ធម្មជាតិ​ល្អ​បំផុត ប៉ុន្តែ​បើ​មាន​ករណី​គ្រោះថ្នាក់​កូន​ ក៏​ត្រូវ​តែ​ឆាប់​ជួយ​សង្គ្រោះ​ដែរ ឧទាហរណ៍​កូន​កើត​អត់​រួច កូន​ធំ ម្ដាយ​ខ្សោយ ឬ​មាន​ហូរ​ឈាម​ច្រើន​ពេក តម្រូវ​ឲ្យ​វះ​ហើយ»។

វេជ្ជបណ្ឌិត​ផ្នែក​កុមារ​រូប​នេះ​ក៏បាន​លើក​ឡើង​ថា ករណី​កូន​មិន​គ្រប់​ខែ តែ​ប្រញាប់​វះកាត់ ដើម្បី​យក​ហុង​ស៊ុយ មិន​ល្អ​ទេ​ ព្រោះ​ពេលខ្លះ​ម៉ាក់​វះ​មិន​ទាន់​មាន​ទឹកដោះ​ចេញ កូន​ងាក​ទៅ​បៅ​ទឹកដោះគោ​វិញ ខណៈ​ដែល​ទឹកដោះ​ម៉ាក់​ល្អ​ជាង ព្រោះ​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹ​ម​គ្រប់គ្រាន់​ជាង។ ចំណែក​បញ្ហា​សំខាន់​មួយ​ទៀត គឺ​កូន​កើត​ដោយ​វះ​ស្រួលពេក ក្រោយ​កើត​មក​អាច​ដង្ហក់ ព្រោះ​រាងកាយ​មិន​ធ្លាប់​បាន​បញ្ចេញ​សកម្មភាព។

ប៉ុន្តែ​បើ​ឲ្យ​លោក​សន្និដ្ឋាន​ថា កូន​កើត​ដោយ​ផ្លូវ​ខុស​គ្នា​មួយ​ណា​សុខភាព​ល្អ​ជាង​មួយ​ណា លោក​មិន​ហ៊ាន​ថា​ឡើយ ព្រោះ​កូន​ខ្លះ​វះ​មែន តែ​សុខភាព​ប្រក្រតី​ដូច​ក្មេង​កើត​ធម្មជាតិ​ដែរ ហើយ​ក្មេង​កើត​ធម្មជាតិ​ខ្លះ​ក៏​មាន​ជំងឺ​ឈឺថ្កាត់​ខ្លះ​ដែរ មិនមែន​អត់​សោះ​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]