ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយនាយកប្រតិបត្តិ Baidu លោក Robin Li ត្រូវបានជនអនាមិកម្នាក់ ចាក់ទឹកត្រជាក់ដាក់ នៅចំពោះមុខមហាជន ខណៈពេលលោកកំពុងធ្វើបទបង្ហាញនៅលើឆាកទាក់ទិនទៅនឹងបច្ចេកវិទ្យា AI ឬ ប្រាជ្ញាសិប្បនិម្មិត។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធ កន្លងទៅនេះ នៅក្នុងសន្និសីទស្តីពីបច្ចេកវិទ្យា AI ក្នុងទីក្រុងប៉េកាំង។

យោងតាមវីដេអូបានបង្ហាញថា ខណៈពេលលោក Robin Li កំពុងតែធ្វើបទបង្ហាញទាក់ទិនទៅនឹងសេវាកម្មចតរថយន្តដើរដោយថាមពល AI ស្រាប់តែមានជនអនាមិកម្នាក់ឡើងទៅលើឆាក រួចក៏ចាប់ដៃរបស់លោក Robin Li ជាប់ ហើយក៏យកទឹកសុទ្ធមួយដបចាក់លើក្បាលលោក Robin Li យកតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជននៅទីនោះ។

រូបភាពនៅក្នុងសន្និសីទ AI
រូបភាពនៅក្នុងសន្និសីទ AI

អ្វីដែលធ្វើឱ្យមហាជនកោតសរសើរនោះ គឺថានាយកប្រតិបត្តិវ័យ ៥០ឆ្នាំរូបនេះ នៅតែរក្សាភាពស្ងប់ស្ងាត់បានយ៉ាងល្អ មិនច្រឡោតនៅចំពោះមុខមហាជននោះទេ ផ្ទុយទៅវិញក្រោយពីជនអនាមិកនេះចាក់ទឹកសុទ្ធដាក់ក្បាលគាត់ហើយនោះ គាត់ក៏និយាយថា «What’s your problem? ឬ តើលោកមានបញ្ហាអ្វី?»

ភ្លាមៗនោះសន្តិសុខក៏បានមកចាប់ជនអនាមិកនោះ និងយកគេទៅដោះស្រាយតាមផ្លូវច្បាប់។ ក្រោយមក លោក Li ក៏បានបន្តនិយាយទៀតថា៖

«ដូចជាអ្វីដែលអ្នករាល់គ្នាបានឃើញស្រាប់ហើយថា យើងតែងតែជួបប្រទះនូវរឿងដែលនឹកស្មានមិនដល់ នៅពេលយើងអភិវឌ្ឍន៍ AI» ។

ក្រោយមក មនុស្សម្នាក៏បានទះដៃឱ្យគាត់ ហើយគាត់ក៏បានបន្តធ្វើបទបង្ហាញទៀត។

យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់ពីមូលហេតុដែលជនអនាមិកម្នាក់នោះ បានសម្រេចចិត្តយកទឹកសុទ្ធចាក់ចំក្បាលរបស់លោក Li នៅចំពោះមុខមហាជននោះទេ ប៉ុន្តែយោងតាមគណនី Weibo របស់គេ បានបង្ហោះរូបទឹកសុទ្ធមួយដប ដោយសរសេររៀបរាប់ថា៖

«ខ្ញុំនឹងឡើងទៅឥឡូវហើយ» ។ (ជនអនាមិកម្នាក់នេះបានសរសេរ មុនពេលធ្វើសកម្មភាព)

សាររបស់ជនអនាមិកសរសេរ មុនពេលធ្វើសកម្មភាព

ក្រោយមក បន្ទាប់ពីរឿងនេះបានកើតឡើងហើយ ក្រុមហ៊ុន Baidu ក៏បានសរសេរនៅលើបណ្តាញសង្គម Weibo ថា៖

«នៅថ្ងៃសន្និសីទ AI មានអ្នកខ្លះក៏បានចាក់ទឹកត្រជាក់បង្ករឿង។ យើងគ្រាន់តែចង់ប្រាប់អ្នករាល់គ្នាថា យើងតែងតែមានរឿងដែលនឹកស្មានមិនដល់ដែលអាចកើតឡើងក្នុងដំណើរការ ឈានទៅរកបច្ចេកវិទ្យា AI ប៉ុន្តែការតាំងចិត្តក្នុងការបន្តដំណើរទៅមុខរបស់យើងមិនមានការផ្លាស់ប្តូរនោះទេ» ។

ដោយឡែក ក្រោយពីរឿងនេះបានល្បីពេញស្រុកចិនហើយ ក៏មានមនុស្សចាប់ផ្តើមបែកគំនិតរកស៊ីលក់អាវនៅលើអនឡាញ ដែលអាវទាំងនោះមានរូបតំណាងលោក Li ត្រូវបានជនអនាមិកចាក់ទឹកសុទ្ធចំពីលើក្បាល។

អាវមានរូបតំណាងលោក Li ត្រូវបានជនអនាមិកចាក់ទឹកសុទ្ធចំពីលើក្បាល
អាវមានរូបតំណាងលោក Li ត្រូវបានជនអនាមិកចាក់ទឹកសុទ្ធចំពីលើក្បាល

គួរឱ្យដឹងផងដែរថា លោក Robin Li គឺជាមហាសេដ្ឋីទី៨ នៅក្នុងប្រទេសចិន ដែលមានទឹកប្រាក់សរុបប្រមាណ ៦,៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទស្សនាវដ្តី Forbes បានចុះផ្សាយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]