ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ហេតុ​អ្វី​កូន​ក្មេង​ងាយ​កើត​ផ្តាសាយ ហៀរ​សំបោរ? មាន​វិធី​អ្វីខ្លះ​ដើម្បី​បង្ការ​ពួក​គេ​ពី​ជំងឺ​នេះ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា កូន​ក្មេង​កើត​មក​មាន​ប្រព័ន្ធភាព​ស៊ាំ​ខ្សោយ ប្រព័ន្ធ​ការពារ​មិន​ទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ផ្តាសាយ រលាក​បំពង់ក រលាកទងសួត និង​​​សួត​ជាដើម។ ​ម្យ៉ាង​វិញ​ទៀត កូន​ក្មេង​រពឹស ចូល​ចិត្ត​វារ ពេល​ខ្លះ​ដៃ​ចាប់​កាន់​របស់​មិន​ស្អាត រួច​យក​លូកមាត់ ឬ​​ចាប់​កាន់​នំ​ចំណី​ញ៉ាំ​ក៏​ងាយ​​ឆ្លង​ជំងឺ​ដែរ។

ចំពោះ​រោគ​​សញ្ញា​​នៃ​​ជំងឺ​ដែល​ឆ្លង​តាម​រយៈផ្លូវ​ដង្ហើម​ ពិសេស​ជំងឺ​ផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និង​រាករូស​ជាដើម។ ជំងឺផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុសច្រើនប្រភេទ មិនមែន​បាក់តេរីនោះ​ទេ ឯក្មេងកើតជំងឺផ្តាសាយមិនងាយជាដែរ ប្រើពេល ពី ៧-១០ ទម្រាំ​ជា ដូច្នេះ​ហើយ​ដើម្បី​បង្ការ​កូន​តូច​ពី​ជំងឺ​ផ្តាសាយ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​នូវ​តិចនិក​ងាយៗ​មួយ​ចំនួន​ខាងក្រោម៖
– មុន​ចាប់ព ឬ​បី​កូន ត្រូវ​លាង​ដៃ​សម្អាត​ជា​មុន
– មិន​ត្រូវ​ឲ្យកូន ឬ​នាំ​កូន​ទៅ​ជិត​អ្នក​ជំងឺ​ផ្តាសាយ
– ឲ្យ​កូន​ពាក់​ខោ​អាវ​ក្រាស់ នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់
– កុំ​ឲ្យ​កូន​តូច​ត្រូវ​ទឹក​ភ្លៀង
– ឲ្យ​កូន​ម៉ឹម​ដោះ​ម៉ាក់​យ៉ាង​ហោច​ណាស់ ៦ ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]