ខេត្តកំពត ៖ នារី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​លោតទឹក​សម្លាប់​ខ្លួន នៅ​លើ​ស្ពានថ្ម​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​ប៉ុស្តិ៍​២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​គល់​ស្ពាន និង​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​លើ​ស្ពាន បាន​នាំ​គ្នា​ជួយ​ទាន់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ ។

ដោយ​សមត្ថកិច្ច​បានឃើញ​ហេតុ​ការ​នារី​ដែល​បម្រុង​លោតទឹក​សម្លាប់​ខ្លួន​ទាន់​ពេលវេលា​ក៏​បាន​ទៅ​ជួយ​អន្តរាគមន៍​ចាប់​យក​មក​កាន់​ប៉ុស្តិ៍​ប្រចាំការ​ក្បាលស្ពាន​ត្រើយ​ខាងកើត ដើម្បី​សួរនាំ​ពី​មូលហេតុ​ដែល​នារី​រូប​នេះ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ។

លោក​វរសេនីយឯក ហោ វ​ណ្ណា​អធិការ​ក្រុង​កំពត​បាន​ប្រាប់​កោះសន្តិភាព​ថា នារី​រង​គ្រោះជា​មនុស្ស​មាន​សតិ​មិន​គ្រប់ នេះ​បើ​តាម​ម្តាយ​ស្ត្រី​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច ហើយ​កាលពីរ​ៗ​ខែ​មុន​នារី​រូប​នេះ​ធ្លាប់​ជិះ​ម៉ូតូ​កាន់​កាំបិត ហើយ​ជិះ​រេ​ពេញ​ផ្លូវ ធ្វើ​ឲ្យ​មានរ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ រួច​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពត​ឃាត់ខ្លួន​មក​សួរនាំ​ដល់​តែ​ដឹង​ថា ជា​មនុស្ស​សរសៃប្រសាទ ក៏​ឲ្យ​ក្រុម​គ្រួសារ​មក​យក​ទៅ​ផ្ទះ​វិញ​ទៅ ស្រាប់តែ​ថ្ងៃនេះ​ទៅ​ប៉ុនប៉ង​លោត​ទឹកតែ​ម្តង ។ ដូច្នេះ​នារី​រូប​នេះ​ដោយសារ​មូលហេតុ​ដូច​បាន​រៀបរាប់​ខាងលើ មិនមែន​លោតទឹក​ដោយ​ខូចចិត្ត​ដូច​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សង្ស័យ​នោះ​ទេ ។

នារី​រង​គ្រោះ​ឈ្មោះ ល ស ខ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។ លោក​បាន​បន្ត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ក្រៀក​ចាប់​ឲ្យ​ផុត​ពី​ស្ពាន​មក​សមត្ថកិច្ច​ដឹក​ដៃ តែ​មិន​បាន​សួរនាំ​អ្វី​ផង​នារី​រង​គ្រោះ​រូប​នេះ​និយាយ​តែ​ម្នាក់ឯង​ដោយ​គ្មាន​អ្នក​ណា​សួរនាំ​នោះ​ទេ គាត់​និយាយ​តែឯង​ហូរហែរ​ពី​នេះ​ពី​នោះ ព្រមទាំង​មាន​ពាក្យ​ខ្លះ​ស្តី​ឲ្យ​ទាំង​សមត្ថកិច្ច​ទៀត​ផង​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នាំ​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​នាំ​មក​ដល់​អធិការ​ក្រុង​កំពត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]