តិច​ថា “Hello គ្រូពេទ្យ” អត់​បាន​ដាស់​តឿន! គ្នាយើង ជា​ពិសេស​ស្រីៗ មាន​បញ្ហា​ឡើង​មុន។ មុន អាច​បន្សល់​ស្លាក​ស្នាម​លើ​ស្បែក ពេល​កំពុង​ព្យាបាល បើ​យើង​អត់​ដឹង​ប្រភេទ​អាហារ​គួរ​ញ៉ាំ។ ប្រភេទ​អាហារ​ពិសេស ៥ យ៉ាង​នេះ អាច​ជួយ​ឲ្យ​កោសិកា​ស្បែក​មុខ​លូតលាស់​បាន​ល្អ និង​ការពារ​ស្នាម​មុន​បាន។

១- វីតាមីនC

វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​អាច​ជួយ​រក្សា​ស្បែកល្អ​សម្រាប់​ជាលិកា និង​សាច់ដុំ ​ជួយ​សះ​របួស​លើ​ស្បែក​ និង​ជាលិកា​​ខូចខាត​ដោយ​សារ​មុន។ លើស​ពីនេះ វីតាមីន ​C អាច​ការពារ​​ឆ្លង​មេរោគនាំ​ឲ្យ​ផ្លែសាច់ ​ជួយ​ផលិត​ខូលេជេន ដែល​ជា​សារធាតុ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក។
វីតាមីន C មាន​ក្នុង​អាហារច្រើន​ប្រភេទ​៖
– ផ្លែ​ឈើ​ជូរៗ៖ ក្រូច​ខ្វិច ក្រូច​ឆ្មារ ក្រូច​ពោធិ៍សាត់ និង​ទំពាំង​បាយជូរ ញ៉ាំទាំង​មូល​ ប្រសើរ​ជាង​ផឹក​​ទឹក
– ផ្លែ​ប៊ើររី៖ ស្រ្តប៊ើររី ក្រេនប៊ើររី ​រ៉ាសប៊ើររី ប្លូប៊ើររី និង ប៊ើររីខ្មៅ
– ឪឡឹក ស្វាយ​ និង​ម្នាស់
– បន្លែ​​សម្បូរ​វីតាមីន C មាន ម្ទេស​ហាវៃ ផ្កា​ខាត់ណាខៀវ ប៉េងប៉ោះ។

២- វីតាមីនA

វីតាមីន A ជួយ​ដល់​ស្បែក បង្កើន​ខូលេជែន​ក្នុង​រាងកាយ​ និង​សុខភាព​ស្បែក​ផង​ដែរ។ វា​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ សម្រួល​ឲ្យ​ងាយ​សះ​របួស​ ឬ​ដាច់​រលាត់​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ស្នាម។ វីតាមីន A មាន​ក្នុង​អាហារ​មួយ​ចំនួន៖
– បន្លែ​បៃតង៖ ​ខាត់​ណា កូន​ស្ពៃ និង​ស្ពៃ​ខ្មៅ
– បន្លែ​ពណ៌​ក្រហម លឿង ទឹក​ក្រូច៖ ការ៉ុត ​ប៉េងប៉ោះ និង​ម្ទេស​ហាវ៉ៃ​ក្រហម។ បើញ៉ាំ​វីតាមីន A ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ។

៣-រ៉ែស័ង្កសី

បើ​រាងកាយ​គ្នា​យើង​មាន​ជាតិ​ស័ង្កសី​​គ្រប់គ្រាន់ អាច​ជួយ​ប្រឆាំង​​បាក់​តេរី​បង្ក​​លើ​ស្បែក​ និង​ជួយ​កុំ​ឲ្យ​ក្រហាយ​ពេល​ឡើង​មុន​។ ជាតិ​ស័ង្កសី សម្បូរ​ក្នុង​មាន់​ទួរគី គ្រាប់​អាល់ម៉ុន ស្រូវ​សាលី ​បន្លែ ត្រី សាច់។

៤-ទឹក

រាងកាយ​ត្រូវ​ការ​​ទឹក​ច្រើន​ដើម្បី​ទ្រទ្រង់ ពិសេស​សម្រាប់​សុខភាព​ស្បែក។ បើ​មាន​ទឹក​គ្រប់​គ្រាន់ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​គ្មាន​បញ្ហា​ស្បែក ជួយ​ឲ្យ​របួស​ឆាប់​ជា និង​បណ្តុះ​កោសិកា​ថ្មី ហើយ​មិន​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ដោយសារ​មុន​ដូច​គ្នា។ ត្រូវ​ផឹកទឹក​ជា​ប្រចាំ​ពេញ​មួយ​ថ្ងៃ ​កុំ​ចាំ​តែ​ពេល​ស្រេក​ ព្រោះ​​អាច​ធ្វើ​ឲ្យ​យើង​ផឹក​ច្រើន​ជ្រុល ហើយ​ពេល​ផឹក​​ច្រើន​ភ្លាមៗ តម្រង​នោម​នឹង​ច្រោះ​ទឹក​លឿន​នាំ​ឲ្យ​យើង​អាច​នឹង​​ខ្វះ​ជាតិ​ទឹក។

៥- អូមេហ្គា៣

អាច​ជួយ​កាត់​បន្ថយ​ការ​រលាក បញ្ហា​​​មុន​ឆាប់​សះ ​រក្សា​សំណើម​ស្បែក។ ពពួកត្រី គឺសម្បូរ​អាស៊ីដ​អូមេហ្គា​ ៣ ប៉ុន្តែ​ត្រី​សម្បូរ​ជាង​គេ មាន ត្រីសាម៉ុន ត្រី​ស្បៃកា ត្រី​ធូណា និង​ត្រី​សាឌីន ហើយ​វា​ក៏​មាន​ក្នុង​គ្រាប់​សណ្តែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្កា​ឈូករ័ត្នដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]