សម័យ​នេះ ក្មេងៗ​មួយ​ចំនួន​នៅ​តែ​​គិត​ថា ​ជំងឺ​លើស​ឈាមកើត​ឡើង​តែ​លើ​ម៉ាក់ប៉ា អ៊ំៗ​ប៉ុណ្ណោះ។ ប៉ុន្តែ ​ការ​សិក្សា​ជាច្រើន រកឃើញ​ជាបន្ត​បន្ទាប់ថា ក្មេងៗ​វ័យ​ជំទង់​ក៏កើត​ជំងឺ​លើស​ឈាម​ដូច​គ្នា ខណៈ​កត្តា​ចម្បងភាគ​ច្រើនដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​ផាសុកភាព។ យោង​តាមកម្ម​វិធី​សិក្សា​ពាក់ព័ន្ធ​កត្តា​ប្រឈម​នាំ​ឲ្យ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​លើ​យុវវ័យ (Coronary Artery Risk Development in Young Adults (CARDIA)) នៅ​អាមេរិក បង្ហាញ​ថា ប្រមាណ ២០% ពលរដ្ឋ​អាមេរិក អាយុ​ចន្លោះ​ពី ១៨-៣០ ឆ្នាំ កើត​ជំងឺ​លើស​ឈាម ខណៈ​កត្តា​ប្រឈម​ចម្បង​មាន​ដូច​ជា៖

១- កត្តា​បង្ក​ជំងឺ​លើស​ឈាម​ដោយ​​ជំងឺ​ផ្សេងៗ

កត្តា​បង្ក​ឲ្យ​មាន​ជំងឺលើស​ឈាម ត្រូវ​ចែក​ចេញ​ជា ២ ដោយ​ទី ១ ហៅថា Primary Hypertension មាន​ន័យថា លើស​ឈាម​មិន​មែន​បង្ក​ដោយ​សារ​ជំងឺ​អ្វី​មួយ ហើយ​វិវត្ត​បន្តិច​ម្តងៗក្នុង​ខ្លួន​យើង ខណៈ​ប្រមាណ ៩០-៩៥ ភាគ​រយក្នុង​ចំណោម​អ្នកជំងឺ​លើស​ឈាម បង្ក​ឡើង​ដោយ​កត្តា​នេះ។ ដោយ​ឡែក កត្តា​បង្ក​ទី ២ មាន​ប្រមាណ ៥-១០ ភាគ​រយ ក្នុង​ចំណោម​អ្នក​ជំងឺ​លើស​ឈាម ហៅ​ថា Secondary hypertension ដោយ​មូលហេតុ​បង្ក​ជា​ជំងឺ​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត បង្ក​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​តម្រង​នោម សរសៃ​ឈាម​បេះដូង ឬ​ប្រព័ន្ធ​អង់ដូគ្រីន (ប្រព័ន្ធ​ក្រពេញ​ផ្សេងៗ​ក្នុង​រាង​កាយ) ជា​ដើម។ ក្នុង​ករណី​កើត​ជំងឺ​លើស​ឈាម​ទាំង​ក្មេង ត្រូវ​តែ​ដឹង​ថា យើង​ស្ថិត​ក្នុង​កត្តា​បង្ក​​ប្រភេទ​ទី ២ ដែរ​ឬ​ទេ? ព្រោះ​បើ​យើង​ស្ថិត​ក្នុង​កត្តា​បង្ក​នេះ គឺ​អាច​ព្យាបាល​បាន បើ​យើង​រក​ឃើញ​មូលហេតុ​បង្ក​ពិត​ប្រាកដ។

មូល​ហេតុ​ភាគ​ច្រើន​ធ្វើ​ឲ្យ​កើត​ជំងឺ​លើស​ឈាម​ទាំង​ក្មេង មាន​ដូច​ជា បញ្ហា​តម្រង​នោម បញ្ហា​ទាក់​ទង​ជា​មួយ​រូប​រាង​សរសៃ​ឈាម​អាអក ជំងឺ​ថប់​ដង្ហើម​ពេល​គេង ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ (COPD) និង​បញ្ហា​ខ្វះ ឬ​លើស​អ័រម៉ូន​ក្រពេញ​ទីរ៉ូ​អ៊ីត ខណៈ​ស្រីៗអាច​កើត​លើស​​ឈាម ដែល​បណ្ដាល​មកពី​ថ្នាំ​គ្រាប់​ពន្យារ​កំណើត។

២- កត្តា​ហ្សែន

ពេល​មាន​សមាជិក​គ្រួសារ​ធ្លាប់​កើត​ជំងឺ​លើស​ឈាម យើង​ក៏​ប្រឈម​មុខជា​​កើត​ជំងឺ​មួយ​នេះ​កាន់​តែ​ខ្ពស់ ទោះ​ស្ថិត​ក្នុង​វ័យ​ក្មេង​ក្តី។ បើ​យើងលើស​​ឈាម​ទាំង​​ក្មេង ហើយ​រក​មូល​ហេតុ​ផ្សេង​មិន​ឃើញ អាច​មក​ពី​បញ្ហា​ហ្សែន​ពី​កំណើត​នេះ​ឯង។

៣- លើស​ទម្ងន់

លើស​ទម្ងន់​ខ្លាំង​នៅ​វ័យ​ជំទង់ ​ធ្វើ​ឲ្យ​ប្រឈម​ជំងឺលើស​ឈាម​ទាំង​ក្មេង​ដូច​គ្នា។ ​អង្គការ​សុខភាព​ពិភព​លោក បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ ​មក បញ្ហា​លើស​ទម្ងន់​លើ​ក្មេង​ជំទង់ គឺ​កើន​ឡើង​ទ្វេ​ដង ហើយ​មក​ទល់​​ពេល​នេះ ក្មេង​ជំទង់​ម្នាក់ក្នុង​ចំណោម ១០​នាក់ មាន​បញ្ហា​លើស​ទម្ងន់។ ការ​សិក្សា​ចេញ​ផ្សាយ​របស់​សមាគម Journal of American College Surgery រក​ឃើញ​ថា អ្នក​​ធាត់មាន​កត្តា​ប្រឈម​កើត​ជំងឺ​លើស​ឈាម ខ្ពស់​ជាង ១,៧% បើ​ធៀប​ជា​មួយ​អ្នកមាន​គីឡូ​ធម្មតា ហើយ​ធាត់​កាន់​តែ​ខ្លាំង ប្រឈម​កាន់​តែ​ខ្ពស់។

៤- អត់​ហាត់​ប្រាណ

ហាត់​ប្រាណ​ជួយ​យើង​បញ្ចេញ​អ័រម៉ូនទៅបន្ធូរ​សរសៃ​ឈាម និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ផ្ទុយ​ទៅ​វិញ​បើមិន​សូវ​ហាត់​ប្រាណ នោះនឹង​ប្រឈម​មុខ​ខ្ពស់​រឿង​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​លើស​គីឡូ។ ហេតុ​នេះ គ្នា​យើង​​មិន​សូវ​ហាត់​ប្រាណ ថែម​ទាំង​លើស​ទម្ងន់​ទៀត​នោះ ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ជំងឺ​លើស​ឈាម។

៥- របបអាហារ

អាហារ​មាន​ជាតិ​ប្រៃ មាន​ផ្ទុក​ជាតិ​សូដ្យូម​ខ្ពស់ អាច​ធ្វើ​ឲ្យ​យើង​ឡើង​សម្ពាធ​ឈាម​បាន។ ជាតិ​សូដ្យូមខ្ពស់ក្នុង​ឈាម នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច នាំ​ឲ្យ​ជាតិ​ទឹក​ចាល់​នៅ​ក្នុង​ខ្លួន។ បើញ៉ាំ​អាហារ​មាន​ជាតិ​សូដ្យូម​ខ្ពស់ ក៏​ប្រឈម​មុខ​ខ្លាំង​ជាមួយ​ជំងឺ​លើស​ឈាម។ ក្មេង​ជំទង់​​ជា​ច្រើន មិន​សូវ​ខ្វាយ​ខ្វល់​តាម​ដាន​សម្ពាធ​ឈាម​ទេ។ ទម្លាប់​ព្រងើយ​កន្តើយ​ជាមួយ​ជំងឺ ជា​ហេតុ​មិន​ប្រើ​ថ្នាំ​ទៀង​ទាត់ បើ​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ​ក្តី។ យើង​គួរ​​ខ្វាយ​ខ្វល់​ឲ្យ​បាន​ច្រើន​ជាមួយ​បញ្ហា​លើស​សម្ពាធ​ឈាម អាច​កើត​ឡើង​លើ​យើង​គ្រប់​វ័យ គ្រប់​ពេល​វេលា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ ព្យាបាល​ជូន​​ទេ។

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]