ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ប្រាសាទ​បាគង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មាន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ឪពុក​បង្កើត​ចាប់​បោក​កូនប្រុស​ខ្លួនឯង​នៅ​លើ​ផ្ទះ​ក្នុងស្រុក​ប្រាសាទបាគង​រហូត​ស្លាប់​នោះ​បាន​ហើយ កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ផ្លា​យ វិ​ភ័ត អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ សោម សុខុម អាយុ​២៨​ឆ្នាំ មុខរបរ​លក់​បន្លែ​នៅ​ផ្សា​រលើ​ធំ​ថ្មី ចំណែក​កូនរង​គ្រោះ​ឈ្មោះ ផាង ផល្លា ភេទ​ប្រុស អាយុ​១​ឆ្នាំ​២​ខែ​។

បើ​តាម​លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៤ កក្កដា​នេះ​ថា មុន​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​សម្លាប់​កូន​ខ្លួនឯង​នោះ គឺ​ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មាន​ជ័យ តាម​ស្រាវជ្រាវ​រក​ជន​សង្ស័យ​​ដែល​រត់គេច​ខ្លួន​បាត់​ពី​ស្រុក​កំណើត​ទៅ​រស់នៅ​កន្លែង​ផ្សេង ក្រោយ​ពី​ប្រព្រឹត្ត​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​២៧ មិថុនា កន្លង​ទៅ ។

លោក​បញ្ជាក់​ទៀត លុះដល់​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ កក្កដា កម្លាំង​យើង​ទទួល​ព័ត៌មាន​ថា ជន​សង្ស័យ​ធ្វើ​ដំណើរ​តាម​ឡានក្រុង​ចូល​មក​ខេត្តសៀមរាប ហើយ​កម្លាំង​យើង​ក៏​ដាក់​ចាំ​ឃ្លាំមើល​ក្នុង​មូលដ្ឋាន​ដែល​ជនសង្ស័យ​ឧស្សាហ៍​ចេញ​-​ចូល គឺ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រហូត​ដល់​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤ កក្កដា ទើប​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ រួច​យក​មក​សួរនាំ​។

តាម​ការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ ខ្លួន​ពិតជា​បាន​ចាប់​កូនប្រុស​បង្កើត​របស់​ខ្លួន​បោក​ទៅ​នឹង​សសរផ្ទះ​ពិតមែន ព្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយនឹង​ប្រពន្ធ ហើយ​ប្រពន្ធ​បណ្តេញ​រូប​ខ្លួន​ចេញពីផ្ទះ ដោយ​ទប់​កំហឹង​មិន​បាន​ក៏​ធ្វើ​រឿង​មិន​គប្បី​ទៅ​លើ​កូន​តែ​ម្តង​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​មក​រូបគេ​ក៏​គេច​ទៅ​នៅ​ភ្នំពេញ​១​រយៈ ហើយ​នៅ​មិន​សុខ​ក៏​ត្រឡប់​ចូល​មក​ទឹកដី​ខេត្តសៀមរាប​វិញ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

គួរ​រំលឹក​ថា កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ មិថុនា ជនសង្ស័យ​ដែល​ជា​ឪពុក​បាន​ឈ្លោះ​ប្រកែក​​គ្នា​ជាមួយ​ប្រពន្ធ​រឿង​ដែល​ម៉ូយ​យក​សណ្តែក​គួរ​មិនល្អ​មក​ឱ្យ​លក់ ហើយ​ប្រពន្ធ ប្រើ​ប្តី​ឱ្យ​យក​ទៅ​ដូរ ប៉ុន្តែ​ប្តី​មិន​ទៅ ។ ក្រោយមក​ប្រពន្ធ​ក៏​ខ្ចី​ទូរស័ព្ទ​ប្តី​ដើម្បី​ខ​ល​ទៅ​ប្រាប់​ម៉ូយ ក៏​មិន​ឱ្យ​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ទៀត រួច​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​៣​ទៅ​៤​ម៉ាត់ ភ្លាម​ៗ​នោះ​ប្រពន្ធ​ក៏​ដើរទៅ​យក​ទឹក ខណៈ​ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​ទៅ​ចាប់​លើក​កូនប្រុស​បង្កើត​ដែល​កំពុង​ដេក​យក​ទៅ​បោក​នឹង​សសរផ្ទះ​បាយ បណ្តាល​ឱ្យ​សន្លប់ បន្ទាប់​មក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​កុសល​កុមា​រា​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]