ជាការពិត នៅលើលោកយើងនេះ គ្មានអ្នកណាដែលថា ចង់បានស្នេហាបែកបាក់ ក្បត់ចិត្តនោះទេ តែគ្រប់យ៉ាង វាមិនអាចសមប្រកប ដូចអ្វីដែលខ្លួនបានប៉ងទាំងអស់ ជួនកាល ស្នេហាដែលយើងខំថែរក្សា វាអាចរលត់បាត់ ព្រោះតែស្នាដៃគូស្នេហ៍របស់ខ្លួន ក៏អាចថាបាន។

ជាពិសេស ក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានរឿងជាច្រើន ទាក់ទងទៅលើគូស្នេហ៍ ដែលស្រលាញ់គ្នាច្រើនឆ្នាំ​ ចុងក្រោយបានត្រឹមតែបែកបាក់គ្នា ក្លាយជាមិត្ត ឬក៏អាចជាសត្រូវនឹងគ្នាទៀតផង ដោយសារតែខាងប្រុស បានក្បត់ចិត្តគូស្នេហ៍របស់ខ្លួន ដោយទៅលង់ស្រលាញ់ នារីផ្សេងដោយមិនដឹងខ្លួន។

ប៉ុន្តែ បើយោងតាមការសាកសួរ មនុស្សប្រុសភាគច្រើន នៅលើពិភពលោក  ត្រូវបានគេនិយាយដូចៗគ្នាថា មនុស្សប្រុស ទោះខ្លួនក្បត់សង្សារខ្លួនក៏ដោយ ក៏រូបគេ មិនចង់ឲ្យសង្សាររបស់ខ្លួន ក្បត់គេបកវិញទេ។ តើអ្នកដឹងពីមូលហេតុអ្វីទេ?

ចំពោះមនុស្សស្រីភាគច្រើន បើដាក់ចិត្តថាក្បត់មនុស្សប្រុសដែលខ្លួនស្រលាញ់ ក្រោយដឹងគេបានធ្វើរឿងអាក្រក់ខ្លួនរួច គេនឹងធ្វើឲ្យខ្លាំងជាងមនុស្សប្រុសទៅទៀត ដែលគេទៅរកមនុស្សប្រុសផ្សេងទៀត ដោយផ្តល់ទាំងការស្រលាញ់ បេះដូងស្មោះ ខុសពីមនុស្សប្រុស គឺពួកគេក្បត់មនុស្សស្រី ព្រោះតែរឿងសិចតែម្យ៉ាងតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ មនុស្សស្រី បើដល់ថ្ងៃនោះ ពួកគេ នឹងឆាប់បំភ្លេចសង្សារក្បត់លឿនរហ័សបំផុត តាមអ្វីដែលពួកគេអាចធ្វើទៅបាន។

ក្នុងនោះ គេអាចនិយាយបានថា មនុស្សស្រី ចិត្តសាហាវជាងមនុស្សប្រុសឆ្ងាយណាស់ បើគិតឲ្យដល់ទៅ ព្រោះតែទង្វើ និងសកម្មភាពរបស់សង្សារ ទើបធ្វើឲ្យមនុស្សស្រី ហ៊ានធ្វើរឿងផិតក្បត់ ទាំងខ្លួនមិនចង់ធ្វើ។

ខាងក្រោម ជាមូលហេតុ២យ៉ាងទៀត ដែលញ៉ាំងមនុស្សស្រី បែរខ្លួនទៅរកភាពក្បត់៖

១) សងសឹក៖ ជាការពិត មនុស្សស្រីដែលរឹងមាំក្នុងរឿងស្នេហា ពួកគេ តែងតែតបត ជាមួយនឹងរឿងបែបនេះវិញ សួរថា ហេតុអ្វី? គឺពួកគេ ចង់ឲ្យមនុស្សប្រុស ដឹងថា តើនៅពេលត្រូវគេក្បត់ តើឈឺប៉ុណ្ណា វេទនាប៉ុណ្ណា ទើបពួកគេ ធ្វើបែបនេះដាក់វិញ។ ជាពិសេស រឿងមួយទៀត មនុស្សស្រី ពូកែលាក់ និងរៀបចំ ដានបានល្អណាស់ ខុសពីមនុស្សប្រុស​ដែលមនុស្សស្រី តែងតែចាប់បានរហូត។

២) បាត់បង់ក្តីស្រលាញ់៖ បើតាមបទពិសោធន៍មនុស្សស្រី គឺពួកគេ ឆាប់មានទំនោរខាងផ្នែកផ្លូវចិត្តខ្លាំងជាងមនុស្សប្រុស នៅពេលដែលស្រលាញ់គ្នាយូរទៅ ដោយពួកគេ គិតថា ស្នេហារបស់ពួកគេមិនដូចមុន មិនសូវខ្វល់​ ឬមិនសូវស្រលាញ់ជាដើម។ ហើយប្រសិនបើ សង្សារខ្លួន កាន់តែព្រងើយ កាន់តែខ្លាំងទៅ និងមិនខ្វល់នឹងពួកគេ អារម្មណ៍ក្បត់ ទៅរកអ្នកផ្សេង កាន់តែខ្លាំងឡើង។

យ៉ាងណាមិញ ស្នេហាវាប្រៀបបីដូចជា រឿងផ្សងព្រេងមួយ ជួនកាល ក៏ជួបមនុស្សល្អ និងជួបមនុស្សអាក្រក់យ៉ាងដូច្នោះដែរ។ ប៉ុន្តែប្រសិនបើអ្នកបានជួបមនុស្ស ដែលល្អ និងព្រមលះបង់ឲ្យអ្នក សូមកុំបោះបង់គេចោល ឬក៏ក្បត់ចិត្តគេឲ្យសោះ ព្រោះថា ភាពក្បត់ អ្នកណាក៏ចេះដែរ គ្រាន់តែ សកម្មភាពរបស់អ្នក គួរឲ្យគេក្បត់ ឬស្មោះឬអត់៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]