ក្រោយសម្រាលកូន ២- ៣ ខែ កូនចាប់ផ្ដើមស្គាល់តែងតែជ្រុះសក់ច្រើនឡើងៗ ដែលនោះចាស់ៗតែងប្រាប់ថា នោះមកពី «កូនចំណាំមុខ»។ តែបើតាមក្បួនពេទ្យដោយសារតែអ័រម៉ូនប្រែប្រួល ប្រសិនបើស្រីៗគ្នាយើងជួបបញ្ហាបែបនេះ អាចសាកប៉ុន្មានវិធី ដែលជាការចែករំលែករបស់អ្នកម៉ាក់ៗ ៤ រូបខាងក្រោម៖
១- កាត់សក់ឲ្យខ្លី
បើតាមម៉ាក់ៗឈ្មោះ ម៉ា ចិត្រានី វ័យ ៣២ ឆ្នាំ និងមានកូន ៣ នាក់ម្នាក់ រស់នៅស្រុកមុខកំពូល ខេត្តកណ្ដាល បានឲ្យដឹងថា ពេលកូនចាប់ផ្ដើមស្គាល់មុខ មានអាការៈបែបនោះមែន ហើយវិធីដោះស្រាយ គឺកាត់សក់ឲ្យខ្លី និងមិនត្រូវទម្លាក់រញ៉េរញ៉ៃឡើយ។ ព្រោះកាលណាសក់វែង យើងមិនសូវមានពេលថែទាំដូចពេលគ្មានកូនឡើយ ហើយសក់ឡើងស្អិតចុង ដូចនេះហើយយូរៗទៅយើងច្បូតចុះមក ប្រាកដជាទាក់ និងដាច់។ មួយវិញទៀត យើងមិនសូវមានពេលកក់ បូករួមនឹងស្អិតទៀតនោះ រឹតតែជ្រុះលឿន ដូចនេះកាត់សក់នៅត្រឹមចងបាន ហើយកុំទម្លាក់ឲ្យទើសមុខ។
២- កក់ក្រូចសើច
សម្រាប់អ្នកម៉ាក់វ័យក្មេង សៀង ចន្ធា បានឲ្យដឹងថា គាត់បានជ្រើសរើសវិធីបុរាណមួយនេះមកប្រើ ហើយឃើញថាមានប្រសិទ្ធភាពទៀតផង។ អ្នកស្រុកភ្នំពេញរូបនេះបញ្ជាក់ទៀតថា វិធីដំបូងគ្រាន់តែពុះក្រូចសើច ៦-៧ ផ្លែ ហើយច្របាច់យកទឹកៗមកកក់សក់ និងឈ្លីឲ្យសព្វសរសៃសក់ រួចទុកចោល ៣០ នាទី។ អ្នកធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យខាងលើបានបន្តទៀតថា ក្រោយកក់សក់ដោយក្រូចសើចរួច ១ ឬ ២ ថ្ងៃបន្ទាប់ចាំកក់សាប៊ូ ហើយមួយអាទិត្យទាំងកក់សាប៊ូ និងក្រូចសើចឲ្យបានយ៉ាងតិច ៤ ដង។
៣- កុំប្រើប្រេងជំនួយសក់
«បន្ទាប់ពីសម្រាលកូនរួច យើងច្បាស់ជាមិនសូវមានពេលទំនេរច្រើនហើយ ដូចនេះការប្រើប្រេងនាំឲ្យស្បែកក្បាលកាន់តែឡើងខ្លាញ់ ពេលនោះហើយសក់ងាយជ្រុះច្រើនឡើងៗ»។
នេះជាការលើកឡើងរបស់អ្នកនាង សោម៉ា មុន្នីធីតា វ័យ ៣០ ឆ្នាំ បានចែករំលែក ហើយវិធីនោះពិតជាមានប្រសិទ្ធ ភាពមែន ព្រោះក្រោយពេលមានកូន យើងមិនមានច្រើនទៅលាបប្រេង ឬបន្ទន់សក់ឡើយ ហើយគ្រឿងជំនួយអស់ទាំងនោះ គឺជាមូលហេតុធ្វើឲ្យឡើងជាតិខ្លាញ់នោះឯង។ អ្នកស្រុកទន្លេបាទី ខេត្តតាកែវរូបនោះបានបន្តទៀតថា ការកក់សក់រួច មិនគួរគេងទាំងសើមឡើយ ព្រោះនោះក៏ជាមូលហេតុចម្បងដែរ។
៤- កុំធ្វើម៉ូដ
អ្នកនាង សយ ស៊ីណា បានឲ្យដឹងថា ការជ្រុះសក់ពេលសម្រាលកូន និងពេលគ្មានកូនមិនសូវជាខុសគ្នាទេ ដូចនេះរឿងចាំបាច់បំផុតគួរតែកុំធ្វើម៉ូដច្រើន ព្រោះវារឹតតែបង្កើនចំនួនទ្វេដង។ អ្នកគ្រូបង្រៀននៅសាលាបឋមទួលគោករូបនេះបានឲ្យដឹងទៀតថា មិនថាតែម៉ូដសាំញ៉ាំប៉ុណ្ណោះទេ សូម្បីតែគាបធម្មតា ឬចងតឹងៗពេកក៏កុំធ្វើឲ្យសោះ ព្រោះវាអាចរំញោចដល់ឫសសក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]