ករណី​មាន​ការ​ឈឺ​ចុកចាប់​ត្រង់​បរិវេណ​ពោះ​ខ្លាំង​ឡើង​ៗ និង​មាន​អាការៈ​ក្ដៅ​ខ្លួន​ស្ទិញៗ ឬក្តៅខ្លួនខ្លាំង អាច​មាន​ការ​សង្ស័យ​ថា​កើត​ជំងឺ​គ្រុន​ពោះវៀន ឬ​ពោះវៀន​ដុះ​ខ្នែង។ ដូចនេះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​រក​មើល​មូលហេតុ​ពិត​ប្រាកដ បើ​សិន​ជា​រលាកខ្នែងពោះវៀន​​មែន ត្រូវ​ព្យាបាល​ជា​បន្ទាន់។

បើ​តាម​សម្ដី​របស់​លោកស្រី​វេជ្ជបណ្ឌិត អូន រចនា ឯកទេស​ជំងឺ​​វះកាត់​ទូទៅ និង​ប្រព័ន្ធ​រំលាយ​អាហារ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​រៀបរាប់​ថា រលាកខ្នែងពោះវៀន​ ប្រសិនបើ​មក​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​​គ្រោះថ្នាក់​ដល់​ជីវិត​ ព្រោះ​ខ្នែង​ពោះវៀន​រលាក​កាន់តែ​ខ្លាំង បែកធ្លាយ​ធ្វើឲ្យ​រលាក​ស្រោម​ពោះ ហើយ​មាន​មេរោគ​ចូល​ក្នុង​ចរន្ត​ឈាម។

វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​រលាកខ្នែងពោះវៀន​ និង​គ្រុន​ពោះ​វៀន​មាន​អាការៈ​ស្រដៀង​គ្នា​ដែរ គ្រាន់តែ​គ្រុន​ពោះ​វៀន​ឈឺចាប់មាន​សភាព​យូរ​ជាង ​ដោយ​អាច​លេប​ថ្នាំ​ផ្សេងៗ ២-៣ ថ្ងៃ តែ​ពោះវៀន​ដុះ​ខ្នែង​វិញ មាន​ភាព​ឈឺ​ចុក​ចាប់​​ផ្នែក​ក្រោម​ពោះ​ខាង​ស្ដាំ​ខ្លាំង ក្អួត រាក ក្ដៅ​ខ្លួន ហើយ​មិន​អាច​អូស​បន្លាយ​យូរទេ។

ប្រសិនបើអ្នក​ជំងឺ​ស្ថិត​ក្នុង​សភាព​មិន​ទាន់​ធ្ងន់ធ្ងរ​ ពេទ្យ​អាច​ពិនិត្យ​ឈាម និង​មើលអេកូ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ គ្រាន់តែ​មើល​រោគ​វិនិច្ឆ័យ​មួយ​ចំនួន​ពី​ខាង​ក្រៅ និង​ស្ទាប​ពោះ គ្រូពេទ្យ​ជំនាញ​អាច​ដឹង និង​រៀបចំ​​វះកាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។ មួយ​វិញ​ទៀត​ប្រសិនបើការ​វះកាត់​ខ្នែង​ពោះវៀន​រលាក​លើក​មុន​មិន​អស់ មិនស្អាត ពេល​ក្រោយ​អាច​កើត​ឡើង​ម្ដង​ទៀត និង​ត្រូវ​វះកាត់​ឡើង​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]