ហុងកុង៖ យោងតាមប្រភពបានឲ្យដឹងថា មិត្តភក្តិស្រីទាំង៧នាក់បានស្គាល់គ្នាអស់រយៈពេល១០ឆ្នាំមកហើយ ចាប់តាំងពីពួកគេចូលធ្វើការរួមគ្នានៅក្រុមហ៊ុនកាសែតមួយកន្លែង។ នារីម្នាក់ក្នុងចំណោមមិត្តទាំង៧មានឈ្មោះថា Jin Du បាននិយាយថា ពួកគេទាំង៧មានប្រវត្តិរូបស្រដៀងគ្នា ដូច្នេះហើយទើបធ្វើឲ្យពួកគេឆាប់មានភាពស្និតស្នាលលឿន។

Jin Du បានឲ្យដឹងទៀតថា នៅពេលដែលពួកគេទាំង៧ ជួបជុំគ្នាម្ដងៗ ពួកគេមិនដែលចំណាយពេលនិយាយរឿងគ្រួសារទេ។ ពួកគេតែងតែពិភាក្សាអំពីរឿងដែលជាអាថ៌កំបាំងក្នុងពិភពលោកបែបប្លែកៗ។ ពួកគេទាំងអស់គ្នាសប្បាយចិត្តណាស់ដែលបានស្គាល់គ្នានិងបានចែករំលែកអ្វីៗដែលគួរឲ្យចាប់អារម្មណ៍។ Jin Du បានបន្ថែមទៀតថា «មានថ្ងៃមួយ ពួកខ្ញុំបានពិភាក្សាគ្នាជាលក្ខណៈលេងសើចថា នៅពេលដែលពួកខ្ញុំទាំង៧នាក់មានវ័យចាស់ទៅ ពួកខ្ញុំនឹងទិញផ្ទះមួយខ្នងដែលព័ទ្ធជុំវិញដោយធម្មជាតិនិងចូលនិវត្តន៍២០ឆ្នាំក្រោយ។» 

មិត្តភក្តិទាំង៧នាក់

ទោះបីជាអ្នកទាំង៧មានអ្នកខ្លះផ្លាស់ទៅរស់នៅកន្លែងផ្សេង, រៀបការ និង ចាប់ផ្ដើមមុខរបរផ្ទាល់ខ្លួនក៏ដោយ ពួកគេនៅតែរក្សាទំនាក់ទំនងមិត្តភាពបានយ៉ាងល្អ។ នៅថ្ងៃមួយពួកគេទាំង៧នាក់បានណាត់ជួបគ្នា ដើម្បីអបអរគំរប់ខួបមិត្តភាព១០ឆ្នាំរបស់ពួកគេ។ ពួកគេបានជជែកគ្នាពីនេះពីនោះ ក្នុងពេលនោះដែរ មានម្នាក់ក្នុងចំណោមពួកគេបានលើកយកការចូលនិវត្តន៍មកនិយាយ ធ្វើឲ្យរម្លឹកសន្យាដែលពួកគេបាននិយាយអំពីផ្ទះក្នុងក្ដីស្រមៃមួយខ្នងសំរាប់នៅជុំគ្នា។ បន្ទាប់មកពួកគេបានសំរេចចិត្តទិញផ្ទះមួយខ្នង, ពួកគេក៏ចាប់ផ្ដើមស្វែងរកផ្ទះដែលត្រូវចិត្តរបស់ពួកគេ។ ក្រោយពីរកផ្ទះមិនត្រូវចិត្តអស់២០កន្លែងមក ពួកគេក៏បានឃើញផ្ទះមួយខ្នងដ៏ស្រស់ស្អាតព័ទ្ធជុំវិញដោយធម្មជាតិ ចំណាយរយៈពេល១ម៉ោងពីទីក្រុងGuangzhou។ ទិដ្ឋភាពផ្ទះមានភាពស្រស់ស្អាត រចនាទៅដោយកញ្ចក់ ដែលយើងអាចមើលឃើញសម្រស់ធម្មជាតិនៅខាងក្រៅបាន។

តាមប្រភពបានឲ្យដឹងទៀតថា ពួកគេចូលលុយគ្នាទិញផ្ទះល្មមមួយតម្លៃ ៤លានយ័ន (ប្រមាណ ៥៨៤,០០០ដុល្លារ) ដើម្បីយកមកជួសជុលនិងកែឆ្នៃផ្ទះបន្ថែមឡើងវិញតាមការចង់បាន។ 

ពួកគេទាំង៧នាក់បាននិយាយថា ពួកគេនឹងចំណាយពេលឈប់សំរាក ដើម្បីជួបជុំគ្នានិងនាំក្រុមគ្រួសារមកផងដែរ ធ្វើបែបនេះមិត្តភាពរបស់ពួកគេនឹងកើនឡើងមួយកម្រិតទៀត។ ពួកគេបានរៀបចំគម្រោងក្នុងការរៀនធ្វើម្ហូប, រៀនដាំដំណាំ, និងរៀនព្យាណូ ដើម្បីឲ្យជីវិតរបស់ពួកគេបន្ថែមភាពរីករាយទៅថ្ងៃអនាគត។

Jin Du បានបន្ថែមទៀតថា «មានមនុស្សជាច្រើនមានបំណងចង់ទិញផ្ទះមួយខ្នងដើម្បីរស់នៅជាមួយមិត្តភក្តិ។ ចុះឥឡូវនេះ មានមនុស្សប៉ុន្មានអ្នកដែលអាចសំរេចបំណងនេះបាន? វាពិតជាមានន័យខ្លាំងណាស់នៅក្នុងជីវិតរបស់ខ្ញុំដែលសំរេចបំណងនេះបាន៕ »

សូមទស្សនារូបភាពផ្ទះនៅខាងក្រោម៖

ផ្ទះដែលពួកគេបានទិញ
ផ្អែកខាងក្នុងផ្ទះ
ទិដ្ឋភាពនៃផ្ទះ
មិត្តភក្ដិទាំង៧នាក់
ការលំហែកាយរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]