ខេត្តព្រៃវែង ៖ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​ក្រោយ​កើត​មាន​ហេតុការណ៍​នេះ​កើតឡើង​ព័ត៌មាន ​ត្រូវ​បាន​​គេ​លាក់​យ៉ាង​ជិត មិន​ឱ្យ​មានការ​បែក​ខ្ចរខ្ចាយ​ទៅ​ខាងក្រៅ​ទេ ទំនងជា​ខ្លាច​ខ្មាស​គេ ព្រោះ​ចោរ​ចូល​ប្លន់​ផ្ទះ​មន្ត្រី​ប៉ូលិស​តែ​ម្តង ហើយ​ចាប់​មិន​បាន​ទៀត ទម្រាំ​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​វិញ តើ​សង្ឃឹម​អ្វី​ទៅ ? សង្ឃឹមថា​ រក​ចោរ​ឃើញ​ទៅចុះ។

សូមរំលឹកថា គឺ​​ពិតជា​ថ្លើមធំ​ខ្លាំង​ណាស់ ដែល​ចោរ​១​ក្រុម​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​​ដើម បាន​ធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់​ផ្ទះ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​ព្រះ ស្រុក​បាភ្នំ យក​បាន​លុយ​៥.៨០០ដុល្លារ ហើយ​រត់ គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។​ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា នៅ​ភូមិ​អង្គ្រង ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ដែល​ម្ចាស់ ផ្ទះ​រង​គ្រោះ​ឈ្មោះ ឈឹ​ម សុភា អាយុ​៤៤​ឆ្នាំជា​​នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​បឹង​ព្រះ និង​ប្រពន្ធ​ឈ្មោះ នុ​ត ស៊ី​ណា អាយុ​៤៥​ឆ្នាំ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោកនាយ​រង​ប៉ុស្តិ៍​មិន​បាន​នៅផ្ទះ​ទេ គឺ​ជាប់​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឯ​នៅផ្ទះ​មាន​តែ​ប្រពន្ធ​គាត់ ព្រមទាំង​កូន​និង​ក្មួយ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​កើតហេតុ​នោះ ប្រពន្ធ​គាត់​កំពុង​ដេក​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​បុរស​២​នាក់​ចូល​ដល់​ប្រដាប់​ដោយ​កាំ​ភ្លើងខ្លី​២​ដើម​មិន​ស្គាល់​ម៉ាក បាន​ភ្ជង់​គំរាម​ឱ្យ​យក​លុយ និង​មាសប្រាក់​ឱ្យ​គេ បើ​មិន​យក​ឱ្យ​ទេ គេ​នឹង​បាញ់​សម្លាប់​ចោល ។ ដោយ​ភ័យ​ខ្លាច​ក្រុម​ចោរ​សម្លាប់ ប្រពន្ធ​គាត់​ក៏​យក​សោ​ចាក់​ហិប​យក​លុយ​ចំនួន​៥.៨០០​ដុល្លារ​ឱ្យទៅ​ចោរ​ទាំងអស់។

ឯ​ក្រុម​ចោរ​ពេល​បាន​លុយ​ហើយ ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ ជិះ​ម៉ូតូ​ឆ្ពោះទៅ​ទិស​ខាងលិច​បាត់​ទៅ ដោយ​មិន​បាន​ផ្ទុះអាវុធ ឬ​វាយ​ធ្វើបាប​ជន​រង​គ្រោះ​ឡើយ ។ ក្រោយ​ពី​ក្រុម​ចោរ​ចេញ​ផុត​ភ្លាម​ ស្ត្រី​រង​គ្រោះក៏​បាន​ទូរស័ព្ទ​ប្រាប់​ប្តី ហើយ​ក៏​មានការ​ពង្រាយ​កម្លាំង​ចេញ​ស្ទាក់​ចាប់ចោរ​ដែរ តែ​មិន​ទទួល​បាន​លទ្ធផល ដោយ​ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]