រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​២​ឆ្នាំ ពី​បទ​ប្លន់ និង​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន «​ឱកាស​ខ្ញុំ​» រយៈពេល​៦​ខែ លុះ​ពេល​ចេញ​មក​វិញ​មិន​ត្រឹមតែ​មិន​ព្រម​រាងចាល​រក​ការងារ​ធ្វើ ដើ​ម្ប​រក​ប្រាក់​ចិញ្ចឹម​ខ្លួនឯង និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ បែរជា​យក​ស្រា​ធ្វើ​ជា​ត្រីមុខ​ផឹក​ស្រវឹង​រាល់ថ្ងៃ ។

មិនតែប៉ុណ្ណោះ​ថែម​ទាំង​ស្រែក​ឡូឡា​ជេរ​គេ​ជេរ​ឯង​គ្មាន​រើសមុខ និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេចខ្ទី ក្រោយ​ពេល​ឃើញ​កាយវិការ​បែប​នេះ​ជីតា​ដែល​មាន​អាយុ​៩០​ឆ្នាំ ទៅ​ហើយ​បាន​ឃាត់​កុំ​ឲ្យ​មាន​ខ្មាស​អ្នក​ជិតខាង ។

ប៉ុន្តែ​ខណៈនោះ​ចៅ​តិរច្ឆាន​មិន​ត្រឹមតែ​មិន​ស្ដាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ខឹងសម្បារ​យ៉ាង​ខ្លាំង រួច​បាន​ស្ទុះ​វឹង​ទៅ​ដាល់​ជីតា បណ្ដាល​ឲ្យ​រង​របួស​បែក​មុខ​ធ្ងន់ធ្ងរ បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​ដៃដល់​ជា​ចៅ​ដែល​សងគុណ​ជីតា​ខ្លួនឯង ដោយ​កណ្ដាប់ដៃ​នោះ​ឈ្មោះ រស់ សេរី​វិចិត្រ​សត្យា ហៅ​រាជ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ខាងលើ ។ ចំណែក​ជីតា​រង​គ្រោះ​ឈ្មោះ ងួ​ន ឡាយ អាយុ​៩០​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​ផឹកស៊ី​នៅ​ខាងក្រៅ​រហូត​ទល់​ស្រវឹង​ទើប​ត្រឡប់​ចូល​ផ្ទះ និង​បាន​រករឿង​ក្រុម​គ្រួសារ​តាម​ទម្លាប់​ដែល​គេ​តែងតែ​ធ្វើ​ក្នុង​ពេល​កន្លង​មក ជន​នេះ​បាន​ស្រែ​ជេ​គេ​ជេរ​ឯង និង​ស្រែក​ឡូឡា​ថែម​ទៀត​ផង ។

ក្រោយ​ពេល​ឃើញ​ទិដ្ឋភាព​ច្រ​ង៉េ​ង​ច្រ​ង៉ាង​បែប​នេះ ក្រុម​គ្រួសារ​ពិបាកចិត្ត​ខ្លាំង​ណាស់ ហើយ​ភ្លាម​ៗ​នោះ​ជីតា​ដែល​មាន​វ័យ​៩០​ឆ្នាំទៅ​ហើយ​នោះ បាន​ឃាត់​កុំ​ឲ្យ​ជន​នេះ​មាត់​ខ្មាស​អ្នក​ជិតខាង ។ ប៉ុន្តែ​បែរជា​បង្ក​ឲ្យ​ជន​នេះ​រឹតតែ​ខឹង​ខ្លាំង​ឡើង ក៏​បាន​វាយ​ទាត់​ធាក់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច ព្រមទាំង​ស្ទុះ​ទៅ​ដាល់​ជីតា​បង្កើត​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស​បែក​មុខ​យ៉ាងធ្ងន់ធ្ងរ ។

មិនតែប៉ុណ្ណោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរ​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​នោះ​នាំ​យក​ទៅ​សាកសួរ​ភ្លាម​ៗ​ដែរ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​សួរនាំ​ទើប​ដឹង​ថា ជន​នេះ គឺជា​មុខសញ្ញា​ចោរប្លន់​ដែល​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​២​ឆ្នាំ​ពី​បទ​ប្លន់ ហើយ​ក៏​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន «​ឱកាស​ខ្ញុំ » រយៈពេល​៦​ខែ​ផង​ដែរ ។

លុះ​ចេញ​មក​វិញ​មិន​បាន​រាងចាល សូ​ម្បី​តែ​បន្តិចបន្តួច​សោះ ចំណែក​ការងារ​រកស៊ី​ចិញ្ចឹមជីវិត​ក៏​គ្មាន​ដែរ បែរជា​ដើរ​ផឹកស៊ី​ស្រវឹង​រករឿង​ក្រុម​គ្រួសារ​រាល់ថ្ងៃ​រហូត​បង្ក​របួស​ស្នាម​លើ​ជីតា​ខ្លួនឯង​បែប​នេះ​ទៀត ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]