អាមេរិក៖ ជីវិតច្បាស់ជាងាយស្រួលណាស់ នៅពេលអ្នករៀបការជាមួយនឹងមហាសេដ្ឋីពិភពលោក ត្រូវទេ? មនុស្សភាគច្រើនតែងគិតថា យើងមិនចាំបាច់ត្រូវធ្វើកិច្ចការផ្ទះអីទេ ព្រោះតែយើងមានលុយ យើងអាចជួលអ្នកបម្រើមកធ្វើកិច្ចការទាំងនោះបាន។

ប៉ុន្តែជាក់ស្តែងរហូតដល់បច្ចុប្បន្ននេះ មហាសេដ្ឋី Bill Gates និងប្រពន្ធ Melinda Gates នៅតែចំណាយពេលលាងចានជាមួយគ្នារាល់យប់។ វាគឺជារឿងដ៏សម្ងាត់មួយដែលពួកគេបានធ្វើរួមគ្នាអស់រយៈពេលរាប់ឆ្នាំដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានរឹងមាំដូចសព្វថ្ងៃ។

មហាសេដ្ឋី Bill Gates និងប្រពន្ធ Melinda Gates

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយ អ្នកស្រី Melinda បានចែករំលែករឿងស្នេហារបស់អ្នកស្រីថា គាត់បានជួបនឹងលោក Bill Gates កាលពីឆ្នាំ១៩៨៧ នៅពេលអ្នកស្រីកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុន Microsoft។ មិនយូរប៉ុន្មាន ពួកគេក៏ចាប់ចិត្តស្រលាញ់គ្នា ហើយគិតមកដល់ពេលបច្ចុប្បន្ននេះ ពួកគេបាននិងកំពុងតែរួមរស់ជាមួយគ្នាអស់រយៈពេលជាង ២៥ឆ្នាំ និងមានកូនប្រុស-ស្រី ៣នាក់។

បន្ថែមពីនេះទៀត ពួកគេក៏ជាស្ថាបនិកនៃមូលនិធិ Bill & Melinda Gates Foundation ក្នុងគោលបំណងធ្វើរឿងសប្បុរសធម៌ និងជួយអ្នកក្រីក្រផងដែរ។

នៅពេលអ្នកស្រី Melinda មានផ្ទៃពោះជាលើកដំបូងនោះ អ្នកស្រីតែងតែមានអារម្មណ៍ឯកោជានិច្ច ព្រោះតែលោក Bill Gates តែងតែរវល់ជាមួយការងារក្នុងនាមជានាយកប្រតិបត្តិ Microsoft។

មហាសេដ្ឋី Bill Gates និងប្រពន្ធ Melinda Gates

ប៉ុន្តែអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរទៅជាល្អប្រសើរឡើង ព្រោះតែពួកគេចំណាយពេលនិយាយពីបញ្ហាប្រាប់គ្នាទៅវិញទៅមក។ ជាក់ស្តែង នៅគ្រានោះ ពួកគេបានចាប់ផ្តើមលាងចានជាមួយគ្នា។

អ្នកស្រី Melinda បានមានប្រសាសន៍ថា៖

«នៅយប់មួយ ខ្ញុំនៅចាំបានថា ខ្ញុំនៅផ្ទះបាយតែម្នាក់ឯង បន្ទាប់ពីអ្នករាល់គ្នាហូបបាយហើយក៏ឡើងទៅលើបាត់។ ពេលខ្លះខ្ញុំពិតជាមានអារម្មណ៍មួម៉ៅជាខ្លាំង។»
«ក្រោយមក នៅយប់បន្ទាន់ ខណៈពេលក្រុមគ្រួសារខ្ញុំបម្រុងនឹងឡើងទៅលើ ខ្ញុំក៏ស្រែកប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចឡើងទៅបាននោះទេ លុះត្រាតែខ្ញុំចាកចេញពីផ្ទះបាយសិន ទើបអ្នករាល់គ្នាអាចចាកចេញបាន។»

ភ្លាមៗនោះ លោក Bill Gates ក៏បានជួយលាងចានប្រពន្ធ ហើយចាប់តាំងពីពេលនោះមក ពួកគេចែករំលែកកិច្ចការផ្ទះជាមួយគ្នារាល់ថ្ងៃ។ ខណៈពេលការលាងចានគឺជារឿងសាមញ្ញសម្រាប់អ្នកដទៃ ប៉ុន្តែចំពោះអ្នកស្រី Melinda វិញ គាត់ជឿថា វាគឺជារឿងសំខាន់សម្រាប់អ្នកស្រីនិងស្វាមីគាត់ ហើយការចែករំលែកទំនួលខុសត្រូវនៅក្នុងផ្ទះរវាងប្តីនិងប្រពន្ធឱ្យបានស្មើគ្នាគឺជាការធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានគង់វង្ស៕

គ្រួសារលោក Bill Gates

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]