រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​សន្តិសុខ​ម្នាក់ ដែល​យាម​នៅ​ហ្គា​រ៉ា​ស​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម​រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្ម​លួច​បើករថយន្ត​មួយ​គ្រឿង​ចេញពី​ហ្គា​រ៉ា​ស ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត​ផ្ញើ​សោ​រថយន្ត​ទុក​នឹង​ជនសង្ស័យ ដែល​ហេតុ​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកក្កដា​នេះ ត្រង់​ចំណុច​ក្បែរ​ខ្លោងទ្វារវត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ​ផ្លូវ​៦០៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក។

ជនសង្ស័យ​ទី​១- មានឈ្មោះ ស៊ឹ​ម សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​មុខរបរ​សន្ត្តិ​សុខ​យាម​នៅ​ហ្គា​រ៉ា​ស​របស់​ក្រុមហ៊ុន​តាក់ស៊ី​ក្រហម មានស្រុក​កំណើត នៅ​ភូមិ​សំរោង​ធំ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្ដាល ។ និង​ទី​២-​ជា​បក្សពួក​មានឈ្មោះ ឈុំ ណា​រិ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខ​របរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ។

បើ​តាម​សម្តី​ពី​បុរស​ដែល​ជា​ជន​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ គឺជា​អ្នក​រត់​តាក់ស៊ី​ម៉ែត្រ នៅ​ក្នុង​ក្រុមហ៊ុន​តាក់ស៊ី​ក្រហម​ខាងលើ ។ ជា​រៀងរាល់ថ្ងៃ​ពេល​ដែល​ជន​រង​គ្រោះ​ឈប់​សម្រាក់​ពី​ការ​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ជន​រង​គ្រោះ​តែងតែ​យក​រថយន្ត​ទៅ​ចត​ទុក​នៅ​ក្នុង​ហ្គា​រ៉ា​ស​របស់​ក្រុមហ៊ុន​ដែល​នៅ​ត្រង់​ចំណុច​ជាប់​និង​ស្ថានីយប្រេងឥន្ធនៈ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា។

នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​មុន​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស បិទ​តែម​ពណ៌​ក្រហម ចត​ទុក​នៅ​ក្នុង​ហ្គា​រ៉ា​ស​របស់​ក្រុមហ៊ុន​ខាងលើ​ដូច​សព្វដង ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ចាក​ចេញពី​ហ្គា​រ៉ា​ស​ត្រឡប់​ទៅ​សម្រាក់​នៅផ្ទះ​វិញ ដោយ​បាន​ផ្ញើ​សោ​រថយន្ត​ខាងលើ​ទុក​នៅ​ជនសង្ស័យ​ដែល​ជា​សន្តិសុខ​យាមកាម​នៅ​ហ្គា​រ៉ា​ស​ខាងលើ ដើម្បី​ទុក​ប្រគល់​ទៅ​ឲ្យ​គ្នា​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត មក​បើក​យក​ទៅ​រត់​ដឹក​ភ្ញៀវ​ម្តង ។ លុះ​រហូត​ដល់​ម៉ោង​១២​កណ្ដាលអធ្រាត្រ ជន​រង​គ្រោះ​ក៏​បាន​ឆែក​មើល​ប្រព័ន្ធ​ជី​ភី​អេស ដែល​បាន​ភ្ជាប់​ជាមួយ​រថយន្ត​របស់​ខ្លូ​ន​ខាងលើ ដើម្បី​ឲ្យ​ដឹង​ច្បាប់​ថា រថយន្ត​មាន​សុវត្ថិភាព​ឬ​អត់0x017d7 ព្រោះ​គាត់​តែងតែ​ឆែក​មើល​រថយន្ត​របស់​គាត់​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ។ ពេល​ដែល​ឆែក​មើល គឺ​មិនឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​ខាងលើ នៅ​ក្នុង​ហ្គា​រ៉ា​ស​របស់​ក្រុមហ៊ុន​នោះ​ទេ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​សួរ​គ្នា​របស់​ខ្លួន​ម្នាក់​ដែល​ត្រូវ​ទៅ​យក​រថយន្ត​ខាងលើ​ទៅ​បើក​ដឹក​ភ្ញៀវ​បន្ត តែ​គ្នា​របស់​ជន​រង​គ្រោះ​ម្នាក់​នោះ​បាន​ឆ្លើយ​ថា គេ​មិនដឹង​នោះ​ទេ។

ជន​រង​គ្រោះ​ក៏​បាន​ឆោឡោ​ប្រញាប់ប្រញាល់​ដើរ​ស្វែងរក​តាម​ប្រព័ន្ធ​ជី​ភី​អេស​ដែល​លោត​នៅ​ម្តុំ​ចំណុច​កើតហេតុ​ខាងលើ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។ បន្ទាប់​មក​ខណៈ​ពេល​ដែល​ពួក​គាត់​ធ្វើការ​ដើរ​ស្វែងរក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ប្រទះ​ឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​រួម​ជាមួយ​ជនសង្ស័យ និង​បក្សពួក​ម្នាក់​ទៀត ហើយ​ជន​រង​គ្រោះ​ក៏​ទាក់ទង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ គឺជា​សន្តិសុខ​ដែល​យាមកាម​នៅ​ហ្គា​រ៉ា​ស​របស់​ក្រុមហ៊ុន​តាក់ស៊ី​ក្រហម​ខាងលើ ។ រូបគេ​មិន​បាន​មាន​បំណង​លួច​រថយន្ត​ខាងលើ​នោះ​ទេ គឺ​រូបគេ​គ្រាន់តែ​បើក​ចេញ​មក​ហូប​បាយ​នៅផ្ទះ​ប្អូន​បុរស​របស់​គេ ដែល​ជា​បក្សពួក​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើ​ប៉ុណ្ណោះ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រាជា​បន្ត​រង់ចាំ​ធ្វើការ​កសាង​សំណុំរឿង និង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]