កូរ៉េខាងត្បូង ៖ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ព្រឹកថ្ងៃទី១ ដើមខែកក្កដានេះ បន្ទាប់ពីការប្រកាសគម្រោងថ្មី ត្រៀមបង្កើតក្រុមស្រី របស់ក្រុមហ៊ុនផលិតកម្ម BigHit ដែលអ្នកណាៗក៏ស្គាល់ថា ជាស្ថាបនិកក្រុមចម្រៀង Kpop ដ៏ជោគជ័យ BTS។

ដំណឹងនេះកំពុងតែវាយលុក ពេញនៅក្នុងអ៊ីនធើណែត មនុស្សជាច្រើនបានបង្ហាញប្រតិកម្មទៅលើផលិតកម្ម BigHit ចំពោះការបង្កើតក្រុមចម្រៀងស្រី ដោយសារតែពួកគេធ្លាប់បានប្រកាសក្តែងៗថា នឹងមិនបង្កើតក្រុមចម្រៀងស្រីទៀតនោះទេ ព្រោះតែពួកគេរាងចាល នឹងការគ្រប់គ្រងតារាស្រី ដែលមានភាពលំបាកខ្លាំង ជាងក្រុមចម្រៀងប្រុស។

ប៉ុន្តែការប្រកាសថ្មីនេះ មិនមែនជាការបង្ហាញថា BigHit នឹងបង្កើតក្រុមស្រីដោយផ្ទាល់នោះទេ។ ជាក់ស្ដែង CEO ផលិតកម្ម BigHit បានប្រកាសថា លោកត្រៀមនឹងចំណាយទុន បង្កើតភ្នាក់ងារថ្មីមួយ ហើយផ្ដល់ឲ្យអតីតបុគ្គលិកឆ្នើម ប្រចាំផលិតកម្ម SM គឺអ្នកនាង Min Hee Jin ជាអ្នកគ្រប់គ្រង ព្រោះនាងធ្លាប់មានជំនាញ គ្រប់គ្រងតារាស្រីល្បីៗពីមុនមកជាច្រើនរួមមកហើយ ថែមទាំងទទួលបាន ពានរង្វាន់កិត្តិយស ជាច្រើនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ការបង្កើតភ្នាក់ងារថ្មីនេះ វាមានលក្ខណៈស្រដៀងគ្នាទៅនឹង ការបង្កើតផលិតកម្មថ្មីមួយដែរ គ្រាន់តែប្រាក់ចំណាយនិងចំណូលទាំងអស់ គឺស្ថិតនៅក្នុងដៃ CEO ផលិតកម្មធំ ដែលជាអ្នកបង្កើតតែម្នាក់។

CEO ផលិតកម្ម BigHit លោក Bang Si Hyuk បាននិយាយថា លោកមានភាពជឿជាក់ ទៅលើសមត្ថភាពរបស់អ្នកនាង Min Hee Jin ដូច្នេះហើយលោកបានផ្ដល់ឲ្យនាង នូវតំណែងជាអ្នកដឹកនាំ និងបង្កើតគំនិតថ្មី សម្រាប់ការបង្ហាញខ្លួន ក្រុមចម្រៀងស្រីជាលើកដំបូង របស់ភ្នាក់ងារថ្មីមួយនេះ។ ហើយនេះក៏ដូចជាការបើកបង្ហាញ និងផ្ដល់ឱកាសឲ្យ បុគ្គលិកដែលមានទេពកោសល្យ បានបង្ហាញ និងបញ្ចេញសមត្ថភាពរបស់ខ្លួនជាសាធារណៈផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS និង Bang Si Hyuk
រូបភាព Bang Si Hyuk
រូបភាព Bang Si Hyuk
រូបភាព Min Hee Jin
រូបភាព Min Hee Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]