អាមេរិក៖ ជាការពិតណាស់ ស្នេហាអាចនឹងធ្វើឲ្យមនុស្សហ៊ានលះបង់អ្វីៗគ្រប់យ៉ាងទាំងអស់ ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ មានគូស្នេហ៍វ័យក្មេងមួយគូ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយមានការបង្ហោះចែកចាយរូបភាព និងវីដេអូឃ្លីប ដែលខាងប្រុសសុខចិត្តធ្វើជាកៅអី ដើម្បីឲ្យមិត្តស្រីរបស់ខ្លួនបានអង្គុយពីលើ បន្ទាប់ពីនាងហត់នឿយអស់កម្លាំង។

មិត្តប្រុសសុខចិត្តធ្វើជាកៅអីឲ្យមិត្តស្រីអង្គុយ

បើយោងតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតបាន និងបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ បង្ហាញពីសកម្មភាពរបស់គូស្នេហ៍វ័យក្មេងប្រុសស្រីមួយគូ (អាស៊ី) យ៉ាងផ្អែមល្ហែម ដែលខាងប្រុសលះបង់ភាពអាម៉ាស់ សុខចិត្តអង្គុយចោងហោង ដាក់ជើងឲ្យមិត្តស្រីរបស់ខ្លួនអង្គុយពីលើ (ភ្លៅ) ទាំងស្ថិតនៅកណ្តាលទីសាធារណៈ នាផ្លូវដើរមួយកន្លែងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

តាមរយៈវីដេអូឃ្លីបមួយនេះទៀតសោត គេក៏បានកត់សម្គាល់ឃើញដែរថា បុរសជាសង្សារហាក់បីដូចជាយកចិត្តទុកដាក់ទៅលើមិត្តស្រីរបស់ខ្លួនជាខ្លាំង។ ព្រោះថារូបគេ ក៏បានអោនថើបខ្នងនារីជាសង្សារថ្នមៗ ដោយក្តីស្រលាញ់ពេញទីតែម្តង ទាំងពុំខ្វល់ពីក្រសែភ្នែករបស់អ្នកដទៃ ខណៈដែលមិត្តស្រីរបស់គេគិតតែពីអង្គុយនិយាយទូរស័ព្ទធ្វើមិនដឹង។

ជាមួយគ្នានេះ ក៏មានមហាជនមួយចំនួនបាននិយាយថា នារីជាសង្សារនោះទំនងជានិយាយទូរស័ព្ទជាមួយមិត្តប្រុសផ្សេងទៀតក៏ថាបាន។ ប៉ុន្តែមិនថាយ៉ាងណា នេះគ្រាន់តែជាសន្និដ្ឋានលេងៗ ដោយការឃើញនឹងភ្នែកតែប៉ុណ្ណោះ។ ព្រោះថាក៏មានមហាជនមួយចំនួនធំ បានលើកឡើងថា មកពីនារីជាសង្សារហត់អស់កម្លាំងខ្លាំងពេក ទើបបានជាមិត្តប្រុសរបស់នាង លះបង់ធ្វើរឿងបែបនេះដើម្បីនាង។

មិត្តប្រុសសុខចិត្តធ្វើជាកៅអីឲ្យមិត្តស្រីអង្គុយ

គួរឲ្យដឹងផងដែងថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ក៏មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ។ ដោយពួកគេបានលើកឡើងថា សកម្មភាពបែបនេះ មិនបានបង្ហាញពីភាពក្លាហានប្រកបដោយសីលធម៌នោះទេ។

ព្រោះថាធាតុពិតគូស្នេហ៍នេះ បានបង្កបញ្ហាទៅដល់អ្នកថ្មើរជើងជាច្រើន ដោយសារតែ ពួកគេមកអង្គុយនៅកណ្តាលផ្លូវគេដើរធ្វើឲ្យទើសទែង។ ដូច្នេះពួកគេ គួរតែត្រូវរៀនយល់ពីគ្នាឲ្យបានច្រើនជាងនេះ។ ថ្វីត្បិតតែនេះ ជារឿងតូចតាច និងបង្កប់ដោយស្នេហា ក្តីស្រលាញ់ ភាពផ្អែមល្ហែមក៏ពិតមែន ប៉ុន្តែមុននឹងធ្វើអ្វីមួយពួកគេក៏គួរត្រូវតែគិតគូរពីអ្នកដទៃដូចគ្នា ដើម្បីឲ្យការបង្ហាញចេញមកទទួលបានការសរសើរ ការគោរព ជាជាងពាក្យរិះគន់៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]